(ពិភពលោក)៖ ជាធម្មតា បើនិយាយអំពីពេជ្រ គឺវាល្បីខ្លាំងណាស់ក្នុងការប្រើប្រាស់ជាគ្រឿងអលង្ការ ដូចជា ចិញ្ចៀន ខ្សែកជាដើម តែតាមពិតទៅ ៨០ ភាគរយនៃដុំពេជ្រទាំងអស់ ដែលគេជីកយកបានពីរ៉ែនៅជុំវិញពិភពលោក គឺត្រូវបានប្រើប្រាស់សម្រាប់វិស័យសិក្សាស្រាវជ្រាវ និងឧស្សហកម្មទៅវិញទេ។ ដោយសារតែពួកវាជាវត្ថុរឹងជាងគេបំផុតលើផែនដី ពេជ្រត្រូវគេនិយមប្រើប្រាស់សម្រាប់ការកាត់ សំលៀង ឬខួងត្ថុធាតុរឹងៗដទៃទៀត នៅក្នុងការងារឧស្សាហកម្ម និងស្រាវជ្រាវ ក្រៅពីការយកទៅច្នៃជាគ្រឿងអលង្ការ។
ខាងក្រោមនេះគឺជាប្រទេសកំពូលទាំង ៥ ដែលផលិត ឬជីកបានដុំពេជ្រមិនទាន់ច្នៃច្រើនបំផុតលើលោក៖
១៖ ប្រទេសរុស្ស៉ី
ប្រទេសដ៏ធំមួយនេះអាចនិយាយបានថាជាកន្លែងស្តុកធនធានពេជ្រធំជាងគេលើលោក។ រុស្ស៉ីមានទីតាំងអណ្តូងរ៉ែចំហធំៗច្រើនជាង ១០ កន្លែង។ រុស្ស៉ីបានចាប់ផ្តើមការជីករករ៉ែពេជ្រនៅក្នុងប្រទេសខ្លួនកាលពីឆ្នាំ១៩៤៧ ហើយឥលូវជាប្រទេសលើគេ ដែលផលិតពេជ្រច្រើនបំផុត និងជាប្រទេសដែលនាំចេញពេជ្រមិនទាន់ច្នៃក្នុងបរិមាណច្រើនជាងគេផងដែរ។
កាលពីឆ្នាំ២០១៤ រុស្ស៉ីផលិតពេជ្របានដល់ទៅ ៣៨-៣៩ លានការ៉ាត់ ខណៈកាលពីឆ្នាំ២០១៨ ចំនួននេះបានកើនដល់ ៤៣ លានការ៉ាត់។ ទីតាំងធនធានពេជ្ររបស់ប្រទេសរុស្ស៉ី ក៏ដូចជាសកម្មភាពជីករុករកភាគច្រើនស្ថិតនៅផ្នែកមួយនៃតំបន់ស៉ីបេរី ហៅថា យ៉ាគូធា (Yakutia)។ កាលពីឆ្នាំ២០១៩ ដុំពេជ្រភ្លោះពិសេសមួយ គឺពេជ្រនៅក្នុងពេជ្រ ត្រូវបានរកឃើញនៅអណ្តូងរ៉ែមួយកន្លែងក្នុងតំបន់យ៉ាគូធា។ ដុំពេជ្រនោះត្រូវរុស្ស៉ីអះអាងថាមានអាយុប្រហែល ៨០០ លានឆ្នាំ។
២៖ ប្រទេសបុតស្វាណា
ក្នុងនាមជាប្រទេសផលិតពេជ្រច្រើនគេនៅទ្វីបអាហ្រ្វិក បុតស្វាណាឈរនៅលេខរៀងទី២ លើពិភពលោក។ ចាប់តាំងតែពីទសវត្សឆ្នាំ១៨៧០ មក ដុំពេជ្រមានគុណភាព និងតម្លៃខ្ពស់ ដែលអាចយកទៅច្នៃជាគ្រឿងអលង្ការបាន ភាគច្រើនបានមកពីទ្វីបអាហ្រិ្វក រួមទាំងដុំពេជ្រធំជាងគេលើលោកឈ្មោះថា ឃូលីណាន់ (Cullinan) ផងដែរ។
ការរុករកពេជ្របានចាប់ផ្តើមដំបូងនៅក្នុងប្រទេសបុតស្វាណា កាលពីទសវត្សឆ្នាំ១៩៥០ ហើយវាមានលក្ខណៈជាប្រតិបត្តិការផ្លូវការនៅឆ្នាំ១៩៧១។ អណ្តូងរ៉ែដែលមានបរិមាណពេជ្រច្រើនៗបំផុតលើលោកមួយចំនួន ត្រូវបានរកឃើញនៅបុតស្វាណា អំលុងពាក់កណ្តាលទសវត្សឆ្នាំ១៩៨០។ ជាទូទៅ ពេជ្រដែលរកឃើញនៅបុតស្វាណា មានទំហំធំៗ និងគុណភាពល្អជាងពេជ្រដែលរកឃើញនៅរុស្ស៉ី។ ពេជ្រធំៗបំផុតដែលរកឃើញនៅប៉ុន្មានឆ្នាំចុងក្រោយនេះ គឺសុទ្ធតែចេញមកពីប្រទេសបុតស្វាណាផងដែរ។
និយាយពីតម្លៃវិញ បុតស្វាណាឈរនៅលំដាប់លើគេ ក្នុងចំណោមប្រទេសផលិតពេជ្រកំពូលៗ បើទោះបីគិតពីចំនួនស្ថិតនៅលេខពីរក៏ដោយ។ កាលពីក្នុងឆ្នាំ២០១៣ តែឯងប៉ុណ្ណោះ ពេជ្រជាង ២៣ លានការ៉ាត់ ដែលមានតម្លៃសរុបស្មើនឹង ៣.៦៣ ពាន់លានដុល្លារ ត្រូវបានជីកយកនៅក្នុងប្រទេសបុតស្វាណា។
៣៖ ប្រទេសកុងហ្គោ
សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC) ជាប់ចំណាត់ថ្នាក់លេខ៣ នៃប្រទេសកំពូលៗខាងផលិតពេជ្រ។ ក្នុងប្រទេសអាហ្រ្វិកមួយនេះ វិស័យរុករកពេជ្រមិនផ្លូវការ គឺជាអ្នកទទួលបន្ទុកភាគច្រើននៃបរិមាណពេជ្រដែលត្រូវបានផលិតឡើង។ កុងហ្គោមានក្រុមហ៊ុនរុករកពេជ្រផ្លូវការតែមួយប៉ុណ្ណោះ ដែលជាការសហការរវាងរដ្ឋាភិបាល និងក្រុមហ៊ុនមួយរបស់ប៊ែលហ្ស៉ិក។ កាលពីឆ្នាំ២០១៨ ការផលិតពេជ្រនៅក្នុងប្រទេសកុងហ្គោមានចំនួនជិត ១៦.៤ លានការ៉ាត់ ដែលគិតជាតម្លៃស្មើនឹង ១៣៦.១ លានដុល្លារ។ បរិមាណនេះបានកើនដល់ដល់ប្រហែល ១៩ លានការ៉ាត់ នៅឆ្នាំ២០១៩។
៤៖ ប្រទេសអូស្រ្តាលី
អូស្រ្តាលីបានចាប់ផ្តើមវិស័យរុករកពេជ្រកាលពីឆ្នាំ១៩៨១។ ចាប់តាំងពីឆ្នាំ១៩៨៣ មក អណ្តូងរ៉ែធំជាងគេរបស់អូស្រ្តាលី អាហ្គាល (Argyle) ដែលជាប្រភេទអណ្តូងរ៉ែចំហដ៏ធំ បានផលិតពេជ្រក្នុងកម្រិតថេរមួយ គឺជាង ១២ លានការ៉ាត់ក្នុងមួយឆ្នាំៗ ហើយជាប្រភពស្នូលនៃការផលិតពេជ្រនៅក្នុងប្រទេសនេះ។ កាលពីឆ្នាំ២០១៣ អណ្តូងរ៉ែ អាហ្គាល ត្រូវបានកែប្រែទៅជាអណ្តូងរ៉ែប្រភេទក្រោមដីវិញ ដើម្បីពន្យារអាយុកាលប្រើប្រាស់របស់វាឲ្យដល់ឆ្នាំ២០២០ ជាឆ្នាំដែលទីបំផុតវាត្រូវបានបញ្ចប់ប្រតិបត្តិការ។
អូស្រ្តាលីមានអណ្តូងរ៉ែពីរទៀតឈ្មោះថា អេលេនឌែល (Ellendale) និងមើលីន (Merline) ដែលស្ថិតនៅដែនដីភាគខាងជើង (Northern Territory) របស់ខ្លួន។ អណ្តូងរ៉ែ អេលេនឌែល បច្ចុប្បន្នគឺបិទទ្វារ ប៉ុន្តែកំពុងរង់ចាំប្រតិបត្តិករថ្មី ដើម្បីដំណើរការឡើងវិញ។ ដោយធនធានចេះតែបន្តថមថយ ហើយទីតាំងរ៉ែថ្មីៗមានចំនួនតិចតូច ការផលិតពេជ្រអូស្រ្តាលីបានមើលឃើញ ការថយចុះគួរឲ្យកត់សម្គាល់ ខណៈកម្រិតសមត្ថភាពផលិតបច្ចុប្បន្ន គឺខ្ទង់ជាង ១៤ លានការ៉ាត់។
៥៖ ប្រទេសកាណាដា
ការរុករកពេជ្រនៅកាណាដាបានចាប់ផ្តើមនៅឆ្នាំ១៩៩៨។ អណ្តូងរ៉ែឈ្មោះ អីកាទី (Ekati) ជាអណ្តូងរ៉ែពេជ្រដែលបានធ្វើប្រតិបត្តិការដំបូងបង្អស់នៅក្នុងប្រទេសកាណាដា។ វាបានជួយត្រួសត្រាយផ្លូវឲ្យមានការបង្កើតអណ្តូងរ៉ែពេជ្រជាបន្តបន្ទាប់ទៀត ដែលរុញច្រានឲ្យកាណាដាក្លាយជាប្រទេសផលិតពេជ្រលំដាប់លេខ ៥ នាពេលបច្ចុប្បន្ន។
អណ្តូងរ៉ែពេជ្រនៅកាណាដា ដែលកំពុងដំណើរការយ៉ាងសកម្មចំនួន ៣ ទៀត រួមមាន អណ្តូងរ៉ែឈ្មោះ ដៀវីក (Diavik) ស្នែពលេក (Snap Lake) និងវីកទ័រ (Victor)។ ដោយសារតែកត្តាផ្សេងៗ អណ្តូងរ៉ែពេជ្រមួយចំនួនផ្សេងទៀតនៅកាណាដា ត្រូវបានបិទទ្វារ ប៉ុន្តែក៏មានខ្លះកំពុងស្ថិតក្រោមដំណាក់កាលអភិវឌ្ឍឡើងវិញផងដែរ។
សម្រាប់សមត្ថភាពរុករកពេជ្រវិញ កាណាដាផលិតបាន ១០.៦ លានការ៉ាត់ ដែលមានតម្លៃស្មើនឹង ១.៩ ពាន់លានដុល្លារ កាលពីឆ្នាំ២០១៣ ហើយតួលេខនេះបានលោតឡើងខ្ពស់គួរសមដល់ ២៣ លានការ៉ាត់ មានតម្លៃស្មើនឹង ២.៧ ពាន់លានដុល្លារ កាលពីឆ្នាំ២០១៨។ ក្នុងឆ្នាំ២០១៨ ពេជ្រសរុបប្រមាណ ១៤៧ លានការ៉ាត់ ត្រូវបានផលិតនៅជុំវិញពិភពលោក ដែលជាបរិមាណដ៏ខ្ពស់ខ្លាំងមួយ តែបានថយវិញនៅក្នុងឆ្នាំ២០១៩ និងឆ្នាំ២០២០៕