(ពិភពលោក)៖ ព្រះបរមរាជវាំងបុរាណដែលមានផ្ទៃក្រឡាធំជាងគេបំផុតនៅលើពិភពលោកនោះ មិនមែននៅឆ្ងាយពីក្រសែភ្នែករបស់មនុស្សទូទៅនោះឡើយ គ្រាន់តែថាយើងមិនសូវបានចាប់អារម្មណ៍ប៉ុណ្ណោះ ដូច្នេះហើយទើប Fresh News Plus សូមលើកយកនូវព័ត៌មានមួយចំនួន ដើម្បីបើកវាំងននបង្ហាញអំពីប្រធានបទដ៏ចាំបាច់មួយនេះ។
ព្រះបរមរាជវាំងហាមឃាត់ ឬ Forbidden City គឺជាព្រះរាជវាំងដែលធំជាងគេនោះហើយ។ ព្រះរាជវាំងនេះមានឈ្មោះជាភាសាចិនថា ស្ស៉ីជិនឆឹង (Tsu Chin ch'eng) ដែលមានន័យថា ព្រះបរមរាជវាំងឥន្ទ្របុរៈ ខណៈបច្ចុប្បន្នមានទីតាំងស្ថិតនៅកណ្ដាលរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន។ មហាស្ថាបត្យកម្មនេះមានវិសាលភាពលើផ្ទៃដីប្រមាណ ៧២០,០០០ ម៉ែត្រក្រឡា។
បន្ទាប់ពីវាយត្រួតត្រាប្រទេសចិនបានជាស្ថានពរពីរាជវង្សសុង (Song dynasty) ហើយនោះ ព្រះចៅម៉ុងហ្គោល គូប៊ីឡៃ ខាន់ (Kublai Khan) ចេញព្រះរាជបញ្ជាឱ្យសាងសង់ឧទ្យានលម្ហែព្រះកាយរបស់ទ្រង់ផ្ទាល់ ដែលជាទីតាំងដើមនៃរាជវាំងមួយនេះ។
បន្ទាប់រាជវង្សយ័នរបស់ម៉ុងហ្គោល ត្រូវបានផ្ដួលរំលំដោយកងទ័ពមហាម៉េង (Ming dynasty 1368) នៅគ្រិស្ដសករាជ ១៣៦៨ រួចមក រាជវាំង Forbidden City និងទីក្រុងប៉េកាំបានក្លាយជារាជធានីរបស់រាជវង្សម៉េង (១៣៦៨-១៦៤៤) និងបន្តមកដល់រាជវង្សឆេង (Qing dynasty 1644-1912)។
សូមជម្រាបថា ព្រះបរមរាជវាំងស្ស៉ីជិនឆឹង ឬ Forbidden City ត្រូវបានចុះក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូនៅគ្រិស្ដសករាជ ១៩៨៧ ហើយបច្ចុប្បន្នត្រូវបានរដ្ឋាភិបាលចិនប្រែក្លាយទៅជាសារមន្ទីរជាតិដ៏ធំមួយ ដែលអាចស្រូបទាញវត្តមានភ្ញៀវទេសចរយ៉ាងច្រើនសន្ធឹកសន្ធាប់ឱ្យទៅទស្សនាជាប់ប្រចាំ រួមចំណែកលើកស្ទួយវិស័យទេសចរណ៍របស់ចិនយ៉ាងខ្លាំងសម្បើម៕