(ភ្នំពេញ)៖ ពាក់កណ្តាលនៃចំនួនមនុស្សដែលបានបាត់បង់ជីវិត ត្រូវស្លាប់ដោយសារថ្វីមាត់របស់សត្វមូស ប៉ុន្តែតាំងពីដើមមក មនុស្សមិនបានដឹងអំពីភ្នាក់ងារបង្ក-ចម្លងជំងឺនោះឡើយ ទើបចុងសតវត្សទី១៩ ក្រោយមកទេ ទើបអ្នកជំនាញស្រាវជ្រាវរកមុខជនបង្កនេះឃើញ។ តើពេលណាដែលមនុស្សដឹងថា «សត្វមូស» ជាភ្នាក់ងារបង្ក និងចម្លងជំងឺមួយចំនួន?
សត្វមូស (Mosquito) ជាភ្នាក់ងារចម្លងជំងឺដ៏កាចសាហាវជាច្រើនប្រភេទ ដូចជា ជំងឺហើមដៃហើមជើង ជំងឺគ្រុនឈាម ជំងឺគ្រុនចាញ់ ជំងឺគ្រុនសន្ធំ ជំងឺរលាកស្រោមខួរ ជំងឺគ្រុនឈីក (Chikunngunya) ជាដើម។ ភាគច្រើននៃភ្នាក់ងារគ្មានប្រាក់ខែទាំងនេះ គឺជាមូលញី ដោយហេតុថាមូសឈ្មោលខាំតែរុក្ខជាតិប៉ុណ្ណោះ ពោលគឺមិនសូវខាំមនុស្សឡើយ។
កាលពីសម័យមុន គ្មាននរណាដឹងថាមូសគឺជាសត្វដ៏មានគ្រោះថ្នាក់សោះឡើយ ដោយសារតែវាជាសត្វល្អិតធម្មតា។ រហូតមកដល់គ្រិស្ដសករាជ ១៨៧៧ មានគ្រូពេទ្យជនជាតិអង់គ្លេសម្នាក់ឈ្មោះ Patrick Manson (ផាទ្រីក មែនសុន) ឬដែលត្រូវបានគេស្គាល់ «អ្នកជំនាញរឿងមូស» បានពិសោធឃើញថា ជំងឺហើមដៃហើមជើង គឺបណ្តាលមកពីសត្វមូសខាំ។ លុះដល់ពេល ១៧ ឆ្នាំក្រោយមក ពោលគឺនៅក្នុងគ្រិស្តសករាជ ១៨៩៤ ស្រាប់តែគ្រូពេទ្យមែនសុននឹកឃើញថា ជំងឺគ្រុនចាញ់ក៏ប្រហែលជាបណ្តាលមកពីមូសដែរ ទើបលោកជួយឧបត្ថម្ភដល់សិស្សម្នាក់មានឈ្មោះថា Ronald Ross (រ៉ូណាល់ រ៉ូស) ដើម្បីឱ្យសិស្សចំណានរូបនេះសាកល្បងពិសោធន៍លើសត្វមូស ដើម្បីបញ្ជាក់អំពីចម្ងល់មន្ទិលនេះ។
គ្រូពេទ្យ រ៉ូស ជាមនុស្សដំបូងគេដែលបានបង្ហាញឱ្យឃើញថា មូសញីជាភ្នាក់ងារចម្លងប៉ារ៉ាសិតម្យ៉ាងមានឈ្មោះថា Plasmodium (ផ្លាសស្មូឌីយ៉ូម) តាមទឹកមាត់របស់វា។ លោកពិសោធតាមទ្រឹស្តីរបស់ខ្លួន ដោយយកបក្សីមកធ្វើការពិសោធ។ ចំណែកមែនសុនក៏មិនបញ្ឈប់ត្រឹមនេះដែរ ដោយលោកបានធ្វើឱ្យកូនប្រុសរបស់ខ្លួន ឆ្លងមេរោគពីមូសដែកគោលញី ហើយប៊ិះនឹងធ្វើឱ្យក្មេងប្រុសនោះមានគ្រោះថ្នាក់ដល់អាយុជីវិតទៀតផង ប៉ុន្តែដោយសារមែនសុនបានផ្តល់ថ្នាំគីនីន (Kinin) ឱ្យកូនរបស់ខ្លួនលេបទាន់ពេល ទើបក្មេងប្រុសនោះបានជាសះស្បើយវិញ។ តាំងពីពេលនោះមក ទើបមនុស្សយើងដឹងថា ជំងឺគ្រុនចាញ់ ជំងឺគ្រុនសន្ធំ ជំងឺគ្រុនឈាម ជំងឺរលាកស្រោមខួរ ឬជំងឺហើមដៃហើមជើងជាដើម គឺបណ្ដាលមកសត្វមូសដ៏តូចមួយនេះ។
បច្ចុប្បន្ន សត្វមូសដែលគេស្គាល់មានជាង ២,៥០០ ប្រភេទ ក្នុងនោះមានចំនួន ៤០០ ប្រភេទ ស្ថិតក្នុងអម្បូរមូសដែកគោល ហើយក្នុងចំណោមមូសដែកគោលទាំងនេះដែរ គឺមានប្រហែល ៤០ ប្រភេទ ជាភ្នាក់ងារជើងឆើតខាងចម្លងមេរោគគ្រុនចាញ់។
អ្នកជំនាញបានពន្យល់ថា មូសញីប្រើឈាមវាជញ្ជក់ឈាម ដើម្បីភ្ញាស់ពងរបស់វានៅលើផ្ទៃទឹក បន្ទាប់មកពងនោះក៏ញាស់ជាចៃទឹក។ កូនខ្ចីរបស់មូស មិនដូចសត្វល្អិតដទៃនោះទេ ដោយវាធ្វើចលនាជាប់ជានិច្ច ហើយពូកែហែលទឹកដូចកីឡាករអាជីពយ៉ាងដូច្នេះដែរ។ មូសញីហើរមករករាងកាយមនុស្ស តាមរយៈសំណើមទឹកដោះ កាបូនឌីអុកស៊ីត កម្តៅ និងការធ្វើចលនា។ មនុស្សដែលមានជាប់ញើស ហូរញើស ក៏ដូចជាស្ត្រីមានផ្ទៃពោះផងនោះ អាចនឹងត្រូវមូសខាំច្រើនជាងមនុស្សធម្មតា៕