(ភ្នំពេញ)៖ ទេសចរណ៍បាតសមុទ្រ គឺមានភាពទាក់ទាញយ៉ាងសំខាន់សម្រាប់ទេសចរណ៍កម្រិតខ្ពស់ ហើយជួយជំរុញឱ្យវិស័យទេសចរណ៍ជាតិមានភាពលេចធ្លោផងដែរ។ តើអ្វីជាទេសចរណ៍បាតសមុទ្រ?
ទេសចរណ៍បាតសមុទ្រ សំដៅដល់សកម្មភាពជ្រមុជទឹករបស់ភ្ញៀវទេសចរ ដើម្បីគយគន់សម្រស់ធនធានបាតសមុទ្រតាមរយៈឧបករណ៍ និងបច្ចេកទេសស្ដង់ដា ហើយអាចស្នាក់នៅយ៉ាងតិចមួយយប់នៅគោលដៅទេសចរណ៍ទាំងនោះ។ ភាពទាក់ទាញទេសចរណ៍សំខាន់ៗក្នុងវិស័យទេសចរណ៍បាតសមុទ្រ គឺជីវចម្រុះបាតសមុទ្រ រួមមាន ផ្កាថ្មស្អាតៗ ប្រភេទត្រីតូចធំចម្រុះពណ៌ និងសត្វសមុទ្រនានាដទៃទៀត។ ការសាកល្បងសមត្ថភាពរបស់ខ្លួន ក៏អាចជាកត្តាជំរុញមួយផងដែរ។
ទេសចរណ៍បាតសមុទ្រ ត្រូវបានកំណត់ការសរសេរជាភាសាអង់គ្លេសថា «SCUBA Diving Tourism» ក្នុងនោះពាក្យកាត់ SCUBA មកពីពាក្យពេញថា Self-Contained Underwater Breathing Apparatus។
ទេសចរណ៍ប្រភេទនេះ ត្រូវពឹងផ្អែកខ្លាំងទៅលើសម្ភារៈឧបករណ៍សម្រាប់ចុះមុជទឹកជ្រៅ ដែលតម្រូវឱ្យមានការធានានូវសុវត្ថិភាពខ្ពស់។ ដោយសារមានសកម្មភាពទេសចណ៍បាតសមុទ្រនេះ កាន់តែច្រើនឡើងតាមបណ្តាគោលដៅទេសចរណ៍ ដែលមានសក្តានុពលសមាគមអ្នកជំនាញជ្រមុជទឹក (Professional Association of Dive Instructors – PADI) ត្រូវបានបង្កើតឡើងដើម្បីធ្វើជាស្ថាប័នអប់រំបណ្តុះបណ្តាលខាងទេសចរណ៍បាតសមុទ្រនេះ ហើយក៏ជាស្ថាប័នមួយដែលអាចចេញជាវិញ្ញាបនបត្រលើការបណ្តុះបណ្តាល «ជំនាញវិជ្ជាជីវៈជ្រមុជទឹកមើលទេសភាពបាតសមុទ្រ» ផងដែរ។ ទេសចរណ៍បាតសមុទ្រនេះ ត្រូវពឹកផ្អែកមួយផ្នែកពីបច្ចេកវិទ្យាដែលអាចអនុញ្ញាតឱ្យទេសចរដកដង្ហើមបានក្នុងទឹកដោយបំពង់ខ្យល់អុកស៊ីសែន និងឧបករណ៍ជំនួយដទៃទៀត។
* តើកម្ពុជាអាចអភិវឌ្ឍវិស័យទេសចរណ៍បាតសមុទ្របានដែរឬទេ?
ប្រទេសកម្ពុជាមានឆ្នេរសមុទ្រលាតសន្ធឹងប្រវែង ៤៤០ គីឡូម៉ែត្រ ដោយរាប់បញ្ចូលខេត្តចំនួន ៤ រួមមាន ខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តកំពត និងខេត្តកែប។ ធនធានសមុទ្រយ៉ាងច្រើនអនេក ដែលមាននៅតាមតំបន់មាត់សមុទ្រ និងកោះនានា ជាពិសេសនៅក្នុងខេត្តព្រះសីហនុ ដែលគេឃើញមានឆ្នេរសមុទ្រស្អាតៗ ទឹកសមុទ្រខៀវស្រងាត់ ទេសភាពស្រស់បំព្រង ត្រីសមុទ្រតូចធំ និងផ្កាថ្ម រួមជាមួយនឹងហេដ្ឋារចនាសម្ពន្ធទ្រទ្រង់ថ្មីៗជាច្រើន។ ការស្រាវជ្រាវបានបង្ហាញថា ខេត្តព្រះសីហនុមានធនធានបាតសមុទ្រជាច្រើន ដូចជា ផ្កាថ្មរឹង និងផ្កាថ្មទន់ ប្រភេទត្រីសមុទ្រចម្រុះពណ៌ច្រើនប្រភេទ ថ្មតូចធំ ខ្សាច់បាតសមុទ្រ និងសត្វផ្សេងៗទៀតដែលមានជីវិតក្នុងបាតសមុទ្រ (Bochove, Ioanou, Mcvee & Raines, 2011)។ ធនធានសមុទ្រទាំងនេះភាគច្រើនស្ថិតក្នុងប្រជុំកោះរ៉ុង និងកោះរ៉ុងសន្លឹម។ ជាធម្មតា ប្រទេសដែលមានអាកាសធាតុត្រូពិក (មានពន្លឺថ្ងៃគ្រប់គ្រាន់) អាចមានឧត្តមភាពក្នុងការអភិវឌ្ឍទេសចរណ៍បាតសមុទ្រនេះ ដូចជាប្រទេសកម្ពុជាជាដើម។
* តើទេសចរណ៍បាតសមុទ្រនៅកម្ពុជាមានការអភិវឌ្ឍដល់កម្រិតណា?
ទោះបីជានៅលើពិភពលោកមានក្រុមហ៊ុនឯកជន (Marine Operator) ដែលផ្តល់សេវាកម្មទេសចរណ៍ជ្រមុជទឹកមើលបាតសមុទ្ររាប់ម៉ឺនកន្លែងយ៉ាងណាក្តី ក៏ក្រុមហ៊ុនអាជីវកម្មនៅកម្ពុជា មានមិនដល់ដប់ក្រុមហ៊ុនផង។ រាល់ក្រុមហ៊ុនអាជីវកម្មទេសចរណ៍ប្រភេទនេះ គេតម្រូវឱ្យមានការទទួលស្គាល់ដោយ PADI ព្រោះត្រូវធានាលើសុវត្ថិភាពខ្ពស់ និងបច្ចេកទេសត្រឹមត្រូវ។
ទេសចរណ៍បាតសមុទ្រអាចជាប្រភេទទេសចរណ៍កម្រិតខ្ពស់ កត្តាចម្បងដែលជាឧបសគ្គក្នុងការអភិវឌ្ឍទេសចរណ៍បាតសមុទ្រនេះ អាចបណ្តាលមកពីភាពលំបាកនៃការរកទីផ្សារលើសេវាកម្ម SCUBA diving នេះ។ ក្នុងន័យនេះ ចំពោះទីផ្សារទេសចរកម្ពុជា គេមិនទាន់អាចនិយាយបានថាមានទីផ្សារច្រើននៅឡើយនោះទេ លុះត្រាតែមានការសិក្សាលើផ្នែកទីផ្សារ (Market Research) ឱ្យបានច្បាស់លាស់។
* តើអាចមានផលប៉ះពាល់អវិជ្ជមានមកលើបរិស្ថានធម្មជាតិដែរឬទេ?
ផលប៉ះពាល់អវិជ្ជមានទៅលើបរិស្ថានធម្មជាតិ ដែលអាចកើតមានពីសកម្មភាពទេសចរណ៍បាតសមុទ្រ ត្រូវបានគេសិក្សាលើប្រទេសជាច្រើន ដូចជានៅប្រទេសម៉ាឡេស៊ី និងប្រទេសថៃ ដែលផលប៉ះពាល់ភាគច្រើន រួមមាន ការបំពុលដោយសំឡេង ប្រេងចេញពីម៉ាស៊ីនទូក ការទម្លាក់យុថ្កាចូលទៅក្នុងសមុទ្រដើម្បីទប់លំនឹងទូក ដែលអាចធ្វើឱ្យបែកផ្កាថ្ម និងការកើនឡើងនៃការកសំណល់រឹងជាដើម។
សម្រាប់ប្រទេសកម្ពុជា ទោះបីជាមិនទាន់មានការសិក្សាតាមបែបវិទ្យាសាស្រ្តណាមួយក្តី ការស្រាវជ្រាវទាំងផលប៉ះពាល់វិជ្ជមាន និងអវិជ្ជមាន គួរតែត្រូវបានអនុវត្តទន្ទឹមគ្នា។ ដោយសារមានមេរៀនច្រើនពីការទាញយកផលចំណេញសម្រាប់សង្គមផង និងសម្រាប់សេដ្ឋកិច្ចផងពីប្រទេសជាច្រើន (ប្រទេសថៃ ម៉ាឡេស៊ី និងហ្វីលីពីន) ការសិក្សាលើផលចំណេញនេះ គួរតែត្រូវបានលើកមកស្រាវជ្រាវសម្រាប់ប្រទេសកម្ពុជា ព្រោះកម្ពុជាក៏ជាប្រទេសដែលមានទីតាំងភូមិសាស្ត្រដ៏ល្អ ក្នុងការអភិវឌ្ឍទេសចរណ៍បាតសមុទ្រនេះ។ ទន្ទឹមនឹងនោះ ការគិតគូរដល់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព ជាពិសេសការថ្លឹងថ្លែងពីការអភិរក្ស និងការអភិវឌ្ឍលើធនធានបាតសមុទ្រ ក៏គួរតែត្រូវបានសិក្សាផងដែរ។
* តើមានលក្ខណៈខុសគ្នាដែរឬទេ រវាងទេសចរ SCUBA Diving និងទេសចរទូទៅ?
អ្នកជំនាញបានមើលឃើញថា ចរិតលក្ខណៈរបស់ភ្ញៀវទេសចរ SCUBA diving ទំនងមានលក្ខណៈខុសគ្នាមួយចំនួន បើប្រៀបធៀបទៅនឹងចរិតលក្ខណៈរបស់ភ្ញៀវទេសចរទូទៅ។ ទេសចរ SCUBA diving មានការផ្ចិតផ្ចង់ ឬផ្តោតយ៉ាងខ្លាំង និងចំណាយកម្លាំងយ៉ាងច្រើនទៅលើសកម្មភាពកម្សាន្តរបស់ខ្លួនច្រើនជាងទេសចរដទៃ។ លក្ខណៈខុសគ្នានេះ គេអាចមើលឃើញពីកត្តាលើកទឹកចិត្តពីខាងក្នុងរបស់ទេសចរ SCUBA diving ដែលពួកគេមានចំពោះសកម្មភាពកម្សាន្តរបស់ពួកគេ ព្រោះប្រភេទទេសចរណ៍នេះ អាចជាប្រភេទកីឡាទេសចរណ៍ផង និងអាចជាសកម្មភាពផ្សងព្រេង ដោយរុករកអ្វីដែលថ្មីហើយប្លែក ត្រូវប្រើសមត្ថភាពខ្ពស់ ចេះប្រើឧបករណ៍តាមលក្ខណៈបច្ចេកទេស ហើយក៏ត្រូវចំណាយថវិកាច្រើនផងដែរ។
ទោះបីជាប្រទេសដែលមានអាកាសធាតុត្រូពិចអាចផ្តល់នូវភាពទាក់ទាញ និងសក្តានុពលក្នុងការអភិរឌ្ឍទេសចរណ៍បាតសមុទ្រទេសចរណ៍ប្រភេទនេះ គេទើបឃើញមានការលេចឡើងនៅតំបន់អាស៊ីអាគ្នេយ៍ប៉ុន្មានឆ្នាំចុងក្រោយនេះ ដូចជានៅប្រទេសម៉ាឡេស៊ី នៅប្រទេសថៃ ប្រទេសហ្វីលីពីន និងនៅប្រទេសកម្ពុជា (សិក្សាដោយ Kunthea, 2016)។
ប្រធានបទដែលគួរមានការសិក្សាបន្តក្នុងវិស័យទេសចរណ៍បាតសមុទ្រសម្រាប់ប្រទេសកម្ពុជា រួមមាន៖
* ការស្វែងរកបំណែកទីផ្សារទេសចរសម្រាប់សកម្មភាពទេសចរណ៍បាតសមុទ្រក្នុងឧស្សាហកម្មទេសចរណ៍កម្ពុជា (ការសិក្សាបែងចែកបំណែកទីផ្សារទេសចរជាតិ និងទេសចរបរទេស។
* ការជំរុញលើកទឹកចិត្តសម្រាប់ប្រតិបត្តិករទេសចរណ៍លើសេវាកម្មទេសចរណ៍បាតសមុទ្រ។
* ឱកាសការងារ និងប្រាក់ចំណូលបានមកពីអាជីវកម្មទេសចរណ៍បាតសមុទ្រ (ករណីស៊ីជម្រៅក្នុងវិស័យទេសចរណ៍ និងសេដ្ឋកិច្ច)៕
ប្រភព៖ នាយកដ្ឋានជំរុញទេសចរណ៍ក្នុងស្រុក និងអប់រំការយល់ដឹងជាសាធារណៈ នៃក្រសួងទេសចរណ៍
រូបភាព៖ លោក កាន់ ភារៈ