(ភ្នំពេញ)៖ ស្រទាប់អូហ្សូន (Ozone) គឺជាម៉ូលេគុលអុកស៉ីសែនមួយប្រភេទដែលមានអាតូម ៣ តាងដោយនិម្មិតសញ្ញា O3 (អូទ្រ័រ ឬ អូបី) ខណៈសារធាតុនេះគឺស្ថិតនៅចន្លោះរវាងកាំរស្មីអ៊ុលត្រាវីយូឡេរបស់ព្រះអាទិត្យ និងស្រទាប់ផែនដី ដោយមានតួនាទីការពារផែនដីរបស់យើងពីកាំរស្មីកំណាចមួយនេះផងដែរ។ តើស្រទាប់អូហ្សូនមានកម្ពស់ប៉ុន្មានគីឡូម៉ែត្រពីស្រទាប់ផែនដី?
បើតាមអ្នកជំនាញ ស្រទាប់អូហ្សូន គឺជាស្រទាប់ពន្លឺនៅក្នុងបរិយាកាសដែលមានចម្ងាយប្រមាណ ៥០ គីឡូម៉ែត្រពីស្រទាប់ផែនដីរបស់យើង។ វាបានផ្តល់លក្ខខណ្ឌអំណោយផលដល់ការរស់នៅលើផែនដី។ វាការពារជីវិតគ្រប់គ្នានៅលើផែនដីពីកាំរស្មីអ៊ុលត្រាវីយូឡេ (Ultraviolet) ដែលអាចកាត់បន្ថយភាពស៊ាំ បណ្តាលឱ្យស្បែករលាក និងអាចនាំឱ្យមានជំងឺគ្រោះថ្នាក់ ដូចជាជំងឺមហារីកជាដើម។
អូហ្សូន ត្រូវបានរកឃើញក្នុងឆ្នាំគ្រិស្ដសករាជ ១៨៣៩ ដោយគីមីវិទូសញ្ជាតិអាល្លឺម៉ង់ម្នាក់មានឈ្មោះ Christian Friedrich Schönbein (គ្រីស្ទៀន ហ្វ្រីឌ្រីក ស៊ិនបែន) ដោយគេបានស្រូបក្លិនម្យ៉ាងនៅក្បែរឧបករណ៍អគ្គិសនី (ក្នុងមន្ទីរពិសោធន៍) ទើបត្រួតពិនិត្យមើលរហូតឃើញឧស្ម័ន O3 (អូទ្រ័រ) ហើយលោកក៏បានដាក់ឈ្មោះឱ្យឧស្ម័ននោះតាមភាសាក្រិកថា Ozein (អូសសៃអ៉ីន) ដែលវាមានន័យថា «ដឹងក្លិន» ខណៈក្លិនរបស់វាគឺស្រដៀងនឹងផ្កាសេរ៉ាញ៉ូម (Geranium)។
ពពួករុក្ខជាតិសារាយក្នុងមហាសមុទ្រ គឺជារោងចក្រផលិតអូហ្សូនដ៏ធំមហាសាល សម្រាប់ជួយប៉ះប៉ូវដល់ស្រទាប់អូហ្សូននៅក្នុងផ្ទៃបរិយាកាសនៃផែនដីរបស់យើង៕