(ចក្រវាឡ)៖ ផ្កាយព្រះគ្រោះ ជាដុំសិលា ឬបំណែកភពដែលមានទំហំខុសៗគ្នាអណ្ដែតក្នុងលម្ហ ហើយធ្វើដំណើរគោចរជុំវិញព្រះអាទិត្យ។ តើអ្នកដឹងទេថានៅក្នុងប្រព័ន្ធព្រះអាទិត្យមានផ្កាយព្រះគ្រោះប៉ុន្មាន?
កាលពីថ្ងៃ២៤ សីហា ឆ្នាំ២០០៦ មហាសន្និបាតនៃសហព័ន្ធតារាវិទូសកលបានព្រមព្រៀងគ្នាផ្តល់និយមន័យទៅលើពាក្យ «ផ្កាយព្រះគ្រោះ» ដោយផ្កាយព្រះគ្រោះត្រូវមានគោលការណ៍ ៣ យ៉ាងគឺ៖ ទីមួយ ត្រូវតែគោចរជុំវិញព្រះអាទិត្យ, ទីពីរ ត្រូវមានម៉ាសធំគ្រប់គ្រាន់ដែលអាចមានរូបរាងជាដុំមូល និងទីបី ត្រូវគ្មានអ្វីមករារាំងផ្លូវគោចរ។ ប៉ុន្តែផ្កាយភ្លុយតុងបំពេញគោលការណ៍តែ ២ យ៉ាងប៉ុណ្ណោះ ទើបត្រូវគេទម្លាក់ប្រភេទរបស់វាមកត្រឹមតែជា «ផ្កាយក្រេះ» ប៉ុណ្ណោះ។
ទោះបីវាពុំមែនជានិយមន័យមួយដ៏ជាក់លាក់ តែតារាវិទូមួយចំនួនបានប្រកែកថា ផែនដី ព្រហស្បតិ៍ និងណិបទូន ក៏សុទ្ធតែមានរបស់មករារាំងផ្លូវគោចររបស់វាដែរ។ ដូច្នេះនេះជាហេតុផលមួយដ៏គ្រប់គ្រាន់នឹងរកបំណកស្រាយដល់ការស្ទាក់ស្ទើរពីស្ថានភាពរបស់ផ្កាយភ្លុយតុងបានដែរ។
សូម្បីអ្នកដែលបានរកឃើញផ្កាយភ្លុយតុងក្នុងឆ្នាំ១៩៣០ ក៏មិនច្បាស់ពីស្ថានភាពរបស់វាដែរ។ ពួកគេហៅផ្កាយភ្លុយតុងថាជាវត្ថុដែលនៅហួសពីរង្វង់គោចររបស់ណិបទូន TNO (មកពីពេញថា Trans-Neptunian Object) ឬហៅថា TNO។ ផ្កាយភ្លុយតុងមានទំហំតូចជាងផ្កាយព្រះគ្រោះផ្សេងទៀតទាំងអស់ គឺមានម៉ាសត្រឹមតែ ១/៥ នៃព្រះចន្ទរបស់ផែនដី និងមានទំហំតូចជាងព្រះចន្ទរបស់ផ្កាយព្រះគ្រោះ ៧ ដួងផ្សេងទៀត។ វាមានដំណើរគោចរមិនជាក់លាក់ និងស្ថិតនៅលើបន្ទាត់ដែលខុសប្លែកពីផ្កាយព្រះគ្រោះដទៃ ហើយធាតុផ្សំរបស់វាក៏ខុសប្លែកពីផ្កាយព្រះគ្រោះផ្សេងៗទៀតដាច់ស្រឡះផងដែរ។
ផ្កាយព្រះគ្រោះនៅស្រទាប់ក្នុងបំផុតនៃប្រព័ន្ធព្រះអាទិត្យទាំង ៤ ដួង មានទំហំល្មម និងជាថ្ម។ ៤ ដួងទៀតជាឧស្ម័ន ឯភ្លុយតុងគ្រាន់តែជាដុំទឹកកកតូចមួយដុំ ក្នុងចំណោមវត្ថុតូចៗស្រដៀងនឹងផ្កាយដុះកន្ទុយជាង ៦០,០០០ ដុំ ដែលរួមគ្នាជាវត្ថុនៅតំបន់ ខៃផឺរ ត្រង់ជ្រុងមួយនៃប្រព័ន្ធព្រះអាទិត្យ។
វត្ថុស្រដៀងនឹងផ្កាយព្រះគ្រោះទាំងនេះ (រួមទាំងផ្កាយព្រះគ្រោះតូចៗ TNO និងក្រុមវត្ថុតូចៗផ្សេងទៀត) សុទ្ធតែត្រូវបានគេហៅជាទូទៅថា ផ្កាយព្រះគ្រោះតូច។
ផ្កាយព្រះគ្រោះតូចៗដែលត្រូវបានចុះឈ្មោះមានចំនួនដល់ទៅ ៣៧១,៦៧០ ដួង។ ក្នុងមួយខែៗ មានការរកឃើញថ្មីជាច្រើនទៀតប្រហែល ៥,០០០ ដួង៕