(អារ៉ាប៊ីសាអូឌីត)៖ ពិធីបុណ្យហាជ្ជ ឬរ៉យ៉ាជ្ជី គឺជាសក្ការៈបូជាមួយនៅក្នុងចំណោមសក្ការៈបូជាទំាង៥ នៃសាសានាឥស្លាមទៅចំពោះអល់ឡោះជាម្ចាស់ដែលទ្រង់បានបង្គាប់ បញ្ជាមកលើជនមូស្លីមគ្រប់រូប។ សក្ការៈបូជាទំាង៥នៃសាសនាឥស្លាម រួមមានការទទួលស្គាល់អល់ឡោះជាម្ចាស់ និងមហំាម៉ាត់ ជាអ្នកនំាសាររបស់ព្រះ (Shahadah), ការថ្វាយបង្គំមួយថ្ងៃយប់ប្រំាដង (Salat), ការផ្ដល់វិភាគទាន (Zakat) ការតមអាហារក្នុងខែរ៉ាម៉ាដន (Sawm) និងពិធីបុណ្យហាជនេះតែម្ដង។
ការបំពេញកាតព្វកិច្ចហាជ្ជជាការអនុវត្តតាមកម្ពីកូរអាន និងស៊ុនណះ ឬសកម្មភាពដែលអ្នកសាររបស់អល់ឡោះជាម្ចាស់ គឺមហាំម៉ាត់ បានធ្វើកាលពីជាង ១,៣៧៧ឆ្នាំមុន។
បុណ្យហាជ (Hajj) ឬរ៉យាជ្ជី ដែលជាបុណ្យប្រចាំឆ្នាំធំជាងគេបំផុតសម្រាប់អ្នកកាន់សាសនាឥស្លាមត្រូវប្រារព្ធនៅឯទីសក្ការៈបូជាក្នុងទីក្រុងម៉ិកកា (Mecca) និងម៉ាឌីណាស់ នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត។ ពិធីបុណ្យនេះចាប់ផ្ដើមឡើងនៅថ្ងៃទី៨ ខែស៊ុលហិចជាស់ រហូតដល់ថ្ងៃទី១២ ក្នុងខែដដែលនេះ (គិតតាមកាលបរិច្ឆេទ មហាមំាម៉ាត់ សករាជ ឬចន្ទគតិ) ឬត្រូវនឹងថ្ងៃទី១៨ ដល់ថ្ងៃទី២២ ខែកក្កដា។ ពោលគឺក្នុងឆ្នាំ២០២១ ប្រជាជនមូស្លីមនៅជុំវិញពិភពលោក រួមទាំងនៅកម្ពុជានឹងត្រូវប្រារព្ធពិធីបុណ្យហាជ្ជ ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែកក្កដា។
គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា បានប្រកាសថាបុណ្យហាជ្ជ (Hajj) ឬរ៉យាជ្ជីរបស់សាសនិកឥស្លាមនៅទូទាំងព្រះរាជាណាចក្រកម្ពុជាឆ្នាំ១៤៤២ ហាំម៉ាត់សករាជ នឹងត្រូវធ្វើឡើងនៅថ្ងៃអង្គារ ទី២០ ខែកក្កដា ឆ្នាំ២០២១។ ដោយឡែក អ្នកខ្លះដែលមិនបានទៅធ្វើធម្មយាត្រាសាសនាក្នុងទីក្រុងម៉ិចកា និងម៉ាឌីណាស់ ពួកគេអាចបរិច្ចាគថវិកាទិញសត្វគោ ក្របី ពពែ ចៀម ឬសត្វអូដ សំឡេះយកសាច់ចែកជូនអ្នកជិតខាង និងអ្នកក្រីក្របរិភោគ។
ការសំឡេះសត្វពាហនៈទាំងនេះ គឺធ្វើទៅតាមវិន័យប្រវតិ្តសាស្ត្រ និងជាការរំលឹកដល់រឿងរ៉ាវរបស់ណាពីអ៊ីព្រហ៊ីម (Abrahim) (អ្នកនាំសារអល់ឡោះ មុនជំនាន់មហាំម៉ាត់)។ ក្នុងដំណើររឿងនេះ អល់ឡោះជាម្ចាស់បានបង្គាប់ឱ្យណាពីអ៊ីព្រហ៊ីម (Abraham) សម្លាប់កូនប្រុសខ្លួនឯងឈ្មោះ អ៊ីស្មាអែល គ្រាន់តែជាការសាកល្បងជំនឿរបស់គាត់ និងកូនប្រុសតែប៉ុណ្ណោះ។
ប៉ុន្តែ នៅពេលនោះដែរ សាតាន់ (បិសាច) បានព្យាយាមបញ្ចុះបញ្ចូលអ៊ីព្រហ៊ីមកុំឱ្យគោរពតាមបទបញ្ជានេះ តែអ៊ីព្រហ៊ីមបានឆ្លើយតបទៅវិញដោយការគប់ដុំគ្រួស ទៅលើសាតាន់។ អ៊ីព្រហ៊ីម បានធ្វើតាមបញ្ជា ប៉ុន្តែទន្ទឹមគ្នានោះអល់ឡោះបានទទួលយកជំនឿរបស់គាត់ និងកូនដោយឱ្យគាត់សម្លាប់សត្វពាហៈជំនួសកូនរបស់គាត់វិញ។ ដូច្នេះ ហើយទើបនៅក្នុងពិធីបុណ្យហាជនេះ តម្រូវឱ្យជនម៉ូស្លីមសម្លាប់សត្វពាហនៈ ដូចជា គោ ចៀម ឬអូដ្ឋជាដើម យកទៅចែកជូនបងប្អូនអ្នកជិតខាងបរិភោគ។
ពិធីបុណ្យហាជ្ជ អាចនិយាយបានថា វាជាកាតព្វកិច្ចចំពោះជនមូស្លីម ដែលមានទ្រព្យសម្បត្តិ សមត្ថភាព និងលទ្ធភាព ក៏ប៉ុន្តែក្នុងពេលជាមួយគ្នា គេក៏ត្រូវគិតផងដែរពីជីវភាព គ្រួសាររបស់ខ្លួន ជាឧទាហរណ៍ បើសិនជាយើងខ្វះខាតលុយកាក់ ឬមានត្រឹមតែលទ្ធភាពសម្រាប់ ធ្វើដំណើរនោះ កាតព្វកិច្ចមួយនេះមិនត្រូវតម្រូវឱ្យធ្វើនោះទេ ឬត្រូវរង់ចំា នៅពេលក្រោយដែលយើងមានលទ្ធភាព។ បុណ្យហាជ្ជ គឺជាកាតព្វកិច្ចសម្រាប់បុគ្គលជាអ្នកកាន់សាសនាឥស្លាមគ្រប់ៗរូបត្រូវអនុវត្តឱ្យបានម្ដង នៅក្នុងជីវិត លើកលែងតែ អ្នកស្លាប់ និងចាស់ជរា ឬក៏ពិការតែប៉ុណ្ណោះ ទើបអាចឱ្យអ្នកដទៃធ្វើជំនួសខ្លួនបាន។
ដោយឡែក បើនិយាយអំពីប្រវត្តិពិធីបុណ្យហាជ មានតំាងតែពីសម័យអ្នកនំាសាររបស់ព្រះជាម្ចាស់ឈ្មោះ អាដំា មកម្ល៉េះរហូតដល់ មហំាម៉ាត់ ដែលជាអ្នកនំាសារចុងក្រោយ ហើយគោលបំណងនៃពិធីបុណ្យនេះគឺ អល់ឡោះ ចង់សាកល្បង លើគោលជំនឿរបស់អ្នកកាន់សាសនាឥស្លាមគ្រប់រូប ក៏ដូចជាបង្ហាញពីភាពជាបងប្អូនរបស់ជនមូស្លីម ក្នុងពិភពលោក ដែលមានវប្បធម៌ ភាសា ពណ៌សម្បុរខុសៗគ្នាមកជួបជុំគ្នា តាមការបង្គាប់បញ្ជាពីអល់ឡោះជាម្ចាស់។
គួរបញ្ជាក់ថា ដោយសារតែការឆ្លងរាតត្បាត COVID-19 អារ៉ាប៊ីសាអូឌីត មិនបានអនុញ្ញាតឱ្យអ្នកធ្វើធម្មយាត្រាសាសនា មកពីបរទេសចូលក្នុងប្រទេសខ្លួនឡើយ ហើយការអនុវត្ត ធម្មយាត្រានោះទៀតសោត ត្រូវធ្វើឡើងក្រោមវិធានការរឹតត្បិត ក្នុងនោះរួមមានទាំងការរក្សាគម្លាតសុវត្ថិភាព។ គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា ក៏បានណែនាំផងដែរឱ្យប្អូនសាសនិកឥស្លាម នៅក្នុងប្រទេសកម្ពជា ត្រូវរៀបចំពិធីបុណ្យរ៉យ៉ាហាជី្ជ និងថ្វាយបង្គំនៅតាមផ្ទះរៀងៗខ្លួន ជៀសវាងការប្រមូលផ្ដុំ ដើម្បីចូលរួមជាមួយរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការឆ្លង COVID-19៕