(ពិភពលោក)៖ អាកាសយានដ្ឋានអន្តរជាតិ គឺជាទីបម្រើដល់មធ្យោបាយធ្វើដំណើរតាមយន្តហោះរបស់អ្នកដំណើរអន្តរជាតិ។ គេអាចផ្តល់ចំណាត់ថ្នាក់ព្រលានយន្តហោះបានតាមរយៈទំហំផ្ទៃដី ឬក៏ភាពមមាញឹករបស់វា ពិសេសគឺតាមរយៈការមកដល់ ការចាកចេញ និងការឆ្លងកាត់ដើម្បីផ្លាស់ប្តូរជើងហោះហើរថ្មី (ក្នុងមួយឆ្នាំៗ)។
ខាងក្រោមនេះ គឺជាអាកាសយានដ្ឋានអន្តរជាតិទាំង ១០ ដែលមានលាតសន្ធឹងលើផ្ទៃដីធំជាងគេបង្អស់៖
១០៖ អាកាសយានដ្ឋានអន្តរជាតិសុវណ្ណភូមិ (Suvarnabhumi Airport)
អាកាសយានដ្ឋានអន្តរជាតិសុវណ្ណភូមិ គឺស្ថិតនៅខេត្តសមុទ្រព្រះខ័ន ឬសាមុតប្រាកាន (Samut Prakan) ដែលជាខេត្តមួយជាប់រាជធានីបាងកក នៃប្រទេសថៃ។ អាកាសយានដ្ឋាននេះ ត្រូវបានគេចាត់ទុកជាអាកាសយានដ្ឋានអន្តរជាតិធំជាងគេនៅតំបន់អាស៉ីអាគ្នេយ៍ ជាមួយនឹងទំហំផ្ទៃដីសរុប ៣២.៤ គីឡូម៉ែត្រក្រឡា។ វាត្រូវបានបើកដំណើរការជាផ្លូវការកាលពីឆ្នាំ២០០៦ ក្រោយចំណាយថវិកាសាងសង់ប្រមាណ ៥ ពាន់លានដុល្លារ។ អាកាសយានដ្ឋានអន្តរជាតិនេះដែរ មានផ្លូវយន្តហោះធំៗចំនួន ២ ដែលអាចបម្រើដល់ជើងហោះហើរបាន ៦៤ ជើងក្នុងមួយម៉ោង ហើយមានសមត្ថភាពទទួលអ្នកដំណើរ ៤៥ លាននាក់ក្នុងមួយឆ្នាំៗ។
៩៖ អាកាសយានដ្ឋានអន្តរជាតិគែរ (Cairo International Airport)
អាកាសយានដ្ឋានអន្តរជាតិគែរ ជាអាកាសយានដ្ឋានអន្តរជាតិធំជាងគេបង្អស់ និងមមាញឹកជាងគេលំដាប់ទី២ ប្រចាំនៅតំបន់អាហ្រ្វិក។ ព្រលានយន្តហោះនេះស្ថិតនៅភាគខាងកើតរដ្ឋធានីគែរ នៃប្រទេសអេហ្ស៉ីប ដោយលាតសន្ធឹងលើផ្ទៃដី ៣៧ គីឡូម៉ែត្រក្រឡា។ វាមានអគារទទួលអ្នកដំណើរជាប្រចាំចំនួន ៣ និងអគារសម្រាប់បម្រើតាមរដូវកាលចំនួន ១។ អាកាសយានដ្ឋានអន្តរជាតិនេះធ្លាប់បម្រើជាមូលដ្ឋានទ័ពអាកាសរបស់សហរដ្ឋអាមេរិក រហូតដល់ឆ្នាំ១៩៦៣ នៅពេលអាកាសចរណ៍ស៉ីវិលអេហ្ស៉ីបចូលមកគ្រប់គ្រងប្រតិបត្តិការវិញ។ បើតាមទិន្នន័យសម្រាប់ឆ្នាំ២០១៧ ព្រលានយន្តហោះគែរមានអ្នកដំណើរចេញ-ចូល ១៥ លាននាក់។
៨៖ អាកាសយានដ្ឋានអន្តរជាតិសៀងហៃភ័រទុង (Shanghai Pudong International Airport)
ព្រលានយន្តហោះអន្តរជាតិសៀងហៃភូទុង ជាអាកាសយានដ្ឋានស្ថិតក្នុងចំណោមព្រលានយន្តហោះធំៗទាំងពីរ នៅក្នុងទីក្រុងសៀងហៃរបស់ប្រទេសចិន ហើយជាចម្បងវាបម្រើអ្នកដំណើរអន្តរជាតិ។ ព្រលានយន្តហោះនេះបានចាប់ផ្តើមដំណើរការកាលពីឆ្នាំ១៩៩៩ ជាមួយអគារទទួលអ្នកដំណើរចំនួន ២ ហើយឥលូវកំពុងរៀបចំបង្កើតមួយកន្លែងបន្ថែមទៀត។ វាមានផ្ទៃដីទំហំ ៣៩.៩ គីឡូម៉ែត្រក្រឡា និងមានសមត្ថភាពទទួលអ្នកដំណើរបាន ៦០ លាននាក់ក្នុងមួយឆ្នាំ ហើយបម្រើគោលដៅធ្វើដំណើរជាង ២១០ កន្លែង។
៧៖ អាកាសយានដ្ឋានអន្តរទ្វីបចចប៊ូស (George Bush Intercontinental Airport)
ព្រលានយន្តហោះអន្តរទ្វីបចចប៊ូស លាតសន្ធឹងលើផ្ទៃដីទំហំ ៤៤.៥ គីឡូម៉ែត្រក្រឡា ស្ថិតនៅក្នុងទីក្រុងហ៊ូស្តុន (Houston) រដ្ឋតិចសាស់ សហរដ្ឋអាមេរិក។ ព្រលានយន្តហោះនេះត្រូវបានបើកដំណើរការកាលពីឆ្នាំ១៩៦៩ ជាមួយអគារទទួលអ្នកដំណើរចំនួន ៥ ហើយពីដំបូងឡើយវាមានឈ្មោះថា ព្រលានយន្តហោះអន្តរទ្វីបហ៊ូស្តុន (Houston Intercontinental Airport) តែត្រូវបានប្តូរឈ្មោះវិញ ដើម្បីជាការគោរពកោតសរសើរចំពោះអតីតប្រធានាធិបតី ចច អេច ដាប់ប៊ែលយូ ប៊ូស (George H. W. Bush) នៅឆ្នាំ១៩៩៧។ កាលពីឆ្នាំ២០១៩ វាបានទទួលអ្នកដំណើរ ៤៥.៣ លាននាក់ ហើយក៏ជាព្រលានយន្តហោះមមាញឹកបំផុតលំដាប់ទីពីររបស់រដ្ឋតិចសាស់ផងដែរ។
៦៖ អាកាសយានដ្ឋានអន្តរជាតិប៉ីជីងតាស្ស៉ីង (Beijing Daxing International Airport)
ព្រលានយន្តហោះអន្តរជាតិប៉ីជីងតាស៉ីង ស្ថិតនៅចំព្រំប្រទល់រវាងទីក្រុងប៉េកាំង និងទីក្រុងឡាងហ្វាង (Langfang) នៃប្រទេសចិន ចម្ងាយ ៦៥ គីឡូម៉ែត្រ ភាគខាងត្បូងព្រលានយន្តហោះអន្តរជាតិប៉ីជីង (Beijing Capital International Airport)។ ការសាងសង់របស់វាបានចាប់ផ្តើមកាលពីខែធ្នូ ឆ្នាំ២០១៤ ហើយបញ្ចប់ជាស្ថាពរកាលពីខែមិថុនា ឆ្នាំ២០១៩ ជាមួយការបើកសម្ពោធជាផ្លូវការនៅខែកញ្ញា ឆ្នាំ២០១៩ ក្រោយចំណាយថវិកា ១៧ ពាន់លានដុល្លារ។ ព្រលានយន្តហោះចិនថ្មីនេះមានរហស្សនាមថា «ផ្កាយសមុទ្រ» ដោយសារតែរូបរាងរបស់វា ហើយវាមានកន្លែងទទួលអ្នកដំណើររួមធំមួយ ដែលមានទំហំលាតសន្ធឹងលើផ្ទៃដីជិត ២៩ គីឡូម៉ែត្រក្រឡា ខណៈទំហំសរុបរបស់ព្រលានយន្តហោះគឺ ៤៧ គីឡូម៉ែត្រក្រឡា។ វាមានសមត្ថភាពទទួលបានអ្នកដំណើរបានជាង ១០០ លាននាក់ក្នុងមួយឆ្នាំ ដែលច្រើនជាងគេបង្អស់លើពិភពលោក។
៥៖ អាកាសយានដ្ឋានអន្តរជាតិវ៉ាស៉ីនតោនឌូលែស (Washington Dulles International Airport)
ព្រលានយន្តហោះឌូលែស ស្ថិតនៅក្នុងរដ្ឋវើជីនីញ៉ា (Virginia) ក្បែររដ្ឋធានីវ៉ាស៉ីនតោន សហរដ្ឋអាមេរិក។ ព្រលានយន្តហោះនេះត្រូវបានដាក់ឈ្មោះឲ្យតាមលោក ចូហ៍ ឌូលែស (Joh Dulles) ដែលជារដ្ឋមន្រ្តីការបរទេសអាមេរិកទី៥២ ហើយត្រូវបានបើកដំណើរការជាផ្លូវការកាលពីឆ្នាំ១៩៦២។ ព្រលានយន្តហោះឌូលែស លាតសន្ធឹងលើផ្ទៃដី ៥២.៦ គីឡូម៉ែត្រក្រឡា ហើយបម្រើអ្នកដំណើរជាង ២៤ លាននាក់ក្នុងមួយឆ្នាំៗ ជាមួយគោលដៅធ្វើដំណើរច្រើនជាង ១២៥ កន្លែង។
៤៖ អាកាសយានដ្ឋានអន្តរជាតិអរលែនដូ (Orlando International Airport)
អាកាសយានដ្ឋានអន្តរជាតិអរលែនដូ ស្ថិតនៅក្នុងទីក្រុងអរលែនដូ នៃរដ្ឋផ្លូរីដា (Florida)។ វាគឺជាព្រលានយន្តហោះមមាញឹកបំផុតរបស់រដ្ឋនេះ ដែលបម្រើជើងហោះហើរជាង ៨៥០ ក្នុងមួយថ្ងៃ ជាមួយគោលដៅធ្វើដំណើរ ១៣៥ កន្លែង។ ព្រលានយន្តហោះនេះលាតសន្ធឹងលើផ្ទៃដី ៥៣.៨ គីឡូម៉ែត្រក្រឡា ហើយកាលពីឆ្នាំ២០១៩ វាបានទទួលអ្នកដំណើរ ៥០.៦ លាននាក់។ ព្រលានយន្តហោះអរលែនដូបានចាប់ផ្តើមធ្វើប្រតិបត្តិការកាលពីឆ្នាំ១៩៤២ ក្នុងនាមជាមូលដ្ឋានរបស់យោធាអាមេរិក ប៉ុន្តែបណ្តាក្រុមហ៊ុនអាកាសចរណ៍បានចាប់ផ្តើមប្រើប្រាស់វានៅឆ្នាំ១៩៦១ ក្រោយរដ្ឋាភិបាលអាមេរិក និងទីក្រុងអរលែនដូចុះកិច្ចព្រមព្រៀងស្តីពីការប្រើព្រលានយន្តហោះនេះ។
៣៖ អាកាសយានដ្ឋានអន្តរជាតិដាឡាស់/ហ្វតវ៉ស្ស (Dallas/Fort Worth International Airport)
ព្រលានយន្តហោះដាឡាស់/ហ្វតវ៉ស្ស គឺជាព្រលានយន្តហោះធំជាងគេលំដាប់ថ្នាក់ទីពីរ ប្រចាំនៅតំបន់អាមេរិកខាងជើង។ វាស្ថិតនៅចន្លោះទីក្រុងហ្វតវ៉ស្ស និងទីក្រុងដាឡាស់ ក្នុងរដ្ឋតិចសាស់របស់សហរដ្ឋអាមេរិក ហើយលាតសន្ធឹងលើផ្ទៃដីទំហំ ៦៩.៦ គីឡូម៉ែត្រក្រឡា។ ព្រលានយន្តហោះនេះត្រូវបានបើកដំណើរការកាលពីឆ្នាំ១៩៧៣ ដោយមានលេខកូដតំបន់ (ZIP code) សេវាសង្រ្គោះបន្ទាន់ កងពន្លត់អគ្គីភ័យ និងប៉ូលិសផ្ទាល់ខ្លួនទៀតផង។ ព្រលានយន្តហោះដាឡាស់/ហ្វតវ៉ស្ស មានអគារទទួលអ្នកដំណើរចំនួន ៥ ប៉ុន្តែអាចផ្ទុកដល់ទៅ ៨ កន្លែងបន្ថែមទៀតបាន។ កាលពីឆ្នាំ២០១៩ ព្រលានយន្តហោះនេះទទួលបានអ្នកដំណើរ ៧៥ លាននាក់។
២៖ អាកាសយានដ្ឋានអន្តរជាតិឌែនវើ (Denver International Airport)
ព្រលានយន្តហោះឌែនវើ គឺធំជាងគេប្រចាំនៅតំបន់អាមេរិកខាងជើង ជាមួយទំហំផ្ទៃដីសរុប ១៣៥.៧ គីឡូម៉ែត្រក្រឡា។ វាបានដំណើរការជាផ្លូវការកាលពីឆ្នាំ១៩៩៥ ហើយបម្រើគោលដៅធ្វើដំណើរ ២១៥ កន្លែង។ ថ្លៃសាងសង់ព្រលានយន្តហោះគឺស្មើនឹង ៨.១ ពាន់លានដុល្លារនៃតម្លៃហិរញ្ញវត្ថុសព្វថ្ងៃ។
១៖ អាកាសយានដ្ឋានអន្តរជាតិព្រះចៅវ៉ាដ (King Fahd International Airport)
ព្រលានយន្តហោះដែលធំជាងគេបង្អស់ គឺស្ថិតនៅតំបន់អារ៉ាប់។ ព្រលានយន្តហោះព្រះចៅវ៉ាដ ស្ថិតនៅទីក្រុងដាមម៉ាម (Dammam) នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត។ ទំហំព្រលានយន្តហោះនេះ គឺដល់ទៅប្រមាណ ៧៧៦ គីឡូម៉ែត្រក្រឡា រីឯសំណង់ព្រលានយន្តហោះលាតសន្ធឹងលើផ្ទៃដីទំហំតែ ៣៦.៨ គីឡូម៉ែត្រក្រឡាប៉ុណ្ណោះ។ ការសាងសង់របស់វាបានចាប់ផ្តើមកាលពីឆ្នាំ១៩៨៣ ហើយបញ្ចប់ជាស្ថាពរនៅឆ្នាំ១៩៩៩។ ព្រលានយន្តហោះនេះធ្លាប់បម្រើជាមូលដ្ឋានទ័ពអាកាសអាមេរិក កាលពីកំលុងសង្រ្គាមឈូងសមុទ្រពែក្ស។ ក្នុងមួយឆ្នាំ ព្រលានយន្តហោះព្រះចៅវ៉ាដទទួលអ្នកដំណើរជាង ១០ លាននាក់ នាំឲ្យវាជាព្រលានយន្តហោះមមាញឹកបំផុតលំដាប់ទី៣ របស់អារ៉ាប៊ីសាអូឌីត៕