(ភ្នំពេញ)៖ ក្រដាស ថ្វីដ្បិតមិនសូវមានតម្លៃ តែក៏ជារបស់ដ៏សំខាន់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃដែរ។ តើអ្នកដឹងទេថា ជនជាតិដែលចេះបង្កើតក្រដាសមុនគេបង្អស់ ហើយបង្កើតឡើងតាំងពីពេលនេះ។
ក្រដាសត្រូវបានផលិតដំបូងបង្អស់នៅប្រទេសអេហ្ស៊ីប ដោយកាលណោះស្ថិតនៅក្នុងសម័យរាជាណាចក្របុរាណ (Old Kingdom of Egypt) ដែលមានរយៈកាលចាប់ពីឆ្នាំ ២៧០០-២២០០ មុនគ្រិស្ដសករាជ។ ប៉ុន្តែក្រដាសនៅសម័យនោះ មិនដូចក្រដាសរបស់ចិនដែលផលិតឡើងនៅសម័យក្រោយ ឬសម័យបច្ចុប្បន្ននោះឡើយ។
ជាការពិតណាស់ ជនជាតិអេហ្ស៉ីបបុរាណចេះប្រើប្រាស់ប្រព័ន្ធសំណេរតាំងពីឆ្នាំ ៣៣០០ មុនគ្រិស្ដសករាជមកម្ល៉េះ ដោយពួកគេនិយមកត់ត្រាអក្សរនៅលើថ្ម ដីឥដ្ឋ ឬនៅលើវត្ថុរឹងផ្សេងទៀត ប៉ុន្តែក្រោយមកពួកគេចេះយកដើមរុក្ខជាតិម្យ៉ាងមានឈ្មោះថា ប៉ាពីរុស (Papyrus) មកច្នៃធ្វើជាក្រដាសសម្រាប់សរសេរកត់ត្រា។
ជនជាតិម្ចាស់អរិយធម៌បុរាណមួយនេះ បានកាត់ដើមប៉ាពីរុសនេះជាចម្រៀកតូចៗ ហើយកៀបសង្កត់ឱ្យចេញជាផ្ទាំងស្ដើងៗដូចសន្លឹកក្រដាស។ ក្រដាសប៉ាពីរុសនេះមានលក្ខណៈស្វិត និងអាចប្រើប្រាស់បានយូរអង្វែង ពោលគឺមិនងាយរហែកនោះទេ ទោះបីអាកាសធាតុនៅប្រទេសអេហ្ស៉ីបក្ដៅខ្លាំងយ៉ាងណាក៏ដោយ។ រីឯការទុកដាក់ក្រដាសទាំងនេះ គឺពួកគេមូរវាជាដុំៗ។
សូមជម្រាបថា ក្រដាសដែលយើងប្រើប្រាស់សព្វថ្ងៃនេះ គឺត្រូវបានរកឃើញការផលិតដំបូងនៅប្រទេសចិនបុរាណតាំងពីជាង ២០០០ ឆ្នាំមុនមកម្ល៉េះ។ ខុសពីជនជាតិអេហ្ស៉ីប ជនជាតិចិនបានប្រើប្រាស់ដើមក្រចៅ ឬដើមមនមកធ្វើជាក្រដាសរបស់ខ្លួន។ ក្រោយមក ពួកគេក៏បានរកឃើញវត្ថុធាតុដើមផ្សេងទៀត ដែលផលិតក្រដាសបានល្អជាងដើមក្រចៅ និងដើមមន នោះគឺកម្ទេចកម្ទីខ្សែពួរ ឬមងចាស់ៗ ប៉ុន្តែជនជាតិចិននៅសម័យនោះ មិនមែនផលិតក្រដាសទុកសម្រាប់សរសេរអក្សរនោះឡើយ ពោលគឺផលិតឡើងសម្រាប់វិចខ្ចប់ និងបិទបាំងរាងកាយដូចជាក្រណាត់ទៅវិញ៕