(បរទេស)៖ ព្យុះសុទ្ធតែត្រូវគេដាក់ឈ្មោះឲ្យ ដើម្បីងាយស្រួលក្នុងការកំណត់ចំណាំ ព្រោះពេលខ្លះពួកវា ២ ឬ ៣ អាចកើតឡើងស្របពេលជាមួយគ្នា។ ការដាក់ឈ្មោះឲ្យព្យុះមានលក្ខណៈខុសៗគ្នា ដោយក្រុមព្យុះទីហ្វុង ព្យុះស៉ីក្លូន និងក្រុមព្យុះហឺរីខិន សុទ្ធតែមានដំណើរការផ្សេងៗគ្នា។
សម្រាប់ព្យុះទីហ្វុងដែលមានវត្តមាននៅតំបន់ភាគខាងលិចនៃមហាសមុទ្រប៉ាស៉ីហ្វិក គឺទីភ្នាក់ងារឧតុនិយមជប៉ុន JMA ជាអ្នកទទួលបន្ទុកក្នុងការដាក់ឈ្មោះឲ្យពួកវាជាផ្លូវការ។ ការដាក់ឈ្មោះឲ្យព្យុះទីហ្វុង ធ្វើឡើងតាមលំដាប់ដោយមិនខ្វល់អំពីឆ្នាំនេះឆ្នាំនោះឡើយ។ ឈ្មោះទាំងនោះត្រូវយកចេញពីបញ្ជីឈ្មោះសរុបចំនួន ៥ ដែលរៀបចំដោយគណៈកម្មាធិការព្យុះទីហ្វុង (ESCAP/WMO Typhoon Committee) បន្ទាប់ពីសមាជិកនីមួយៗបានបញ្ជូនឈ្មោះចំនួន ១០ រៀងៗខ្លួន សម្រាប់ដាក់ឲ្យព្យុះទីហ្វុងតាំងពីឆ្នាំ១៩៩៨មក។
សមាជិកទាំង ១៤ របស់គណៈកម្មាធិការព្យុះទីហ្វុង រួមមាន កម្ពុជា (Cambodia) ចិន (China) កូរ៉េខាងជើង (Democratic People's Republic of Korea) ហុងកុង (Hong Kong) ជប៉ុន (Japan) ឡាវ (Laos) ម៉ាកាវ (Macau) ម៉ាឡេស៉ី (Malaysia) មីក្រូនេស៉ី (Micronesia) ហ្វីលីពីន (Philippines) កូរ៉េខាងត្បូង (Republic of Korea) ថៃ (Thailand) សហរដ្ឋអាមេរិក (United States) និងវៀតណាម (Vietnam)។
លំដាប់លំដោយនៃឈ្មោះដែលត្រូវយកទៅប្រើ គឺកំណត់ដោយលេខរៀងនៃឈ្មោះជាភាសាអង់គ្លេសរបស់ប្រទេសជាសមាជិក ដូច្នេះប្រទេសកម្ពុជាយើងស្ថិតនៅលេខរៀងទីមួយ ខណៈវៀតណាមត្រូវនៅចុងប៉ូចគេ។ ខាងក្រោមគឺជាតារាងនៃឈ្មោះទាំងអស់ដែលប្រើក្នុងការដាក់ឈ្មោះឲ្យព្យុះទីហ្វុង៖
សមាជិករបស់គណៈកម្មាធិការព្យុះទីហ្វុង ក៏ត្រូវបានអនុញ្ញាតឲ្យដាក់សំណើសុំចូលនិវត្តន៍ ឬផ្លាស់ប្តូរឈ្មោះណាមួយរបស់ពួកគេផងដែរ ប្រសិនបើវាត្រូវបានដាក់ឲ្យព្យុះទីហ្វុង ដែលបានបង្កការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ ឬមនុស្សស្លាប់ច្រើន។
គួរជម្រាបថា ឈ្មោះទាំង ១០ របស់ប្រទេសកម្ពុជាដែលដាក់ឱ្យព្យុះទីហ្វុង រួមមាន ដំរី (Damrey) អម្ពិល (Ampil) កង្រី (Kong-rey) ក្រសា (Krosa) ណាគ្រី (Nakri) ម៉ៃសាក់ (Maysak) ក្រវាញ (Krovanh) ចន្ធូ (Chanthu) ត្រសេះ (Trases) និងនេសាទ (Nesat)។
* ឈ្មោះ «ដំរី» ធ្លាប់ប្រើប្រាស់ ៤ លើក គឺកាលពីឆ្នាំ២០០០, ២០០៥, ២០១២ និង ២០១៧។
* ឈ្មោះ «អម្ពិល» ធ្លាប់ប្រើប្រាស់ម្តងកាលពីឆ្នាំ២០១៨ ខណៈវាជាឈ្មោះជំនួសឲ្យឈ្មោះ បុប្ផា (Bopha) ដែលបានចូលនិវត្តន៍កាលពីឆ្នាំ២០១៣ ក្រោយប្រើប្រាស់ ៣ លើក គឺនៅឆ្នាំ២០០០, ២០០៦ និង ២០១២។ ព្យុះបុប្ផា ឆ្នាំ២០១២ បានបង្កការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរនៅហ្វីលីពីន។
* ចំណែកឈ្មោះ «កង្រី» ធ្លាប់ត្រូវបានប្រើ ៤ លើក គឺកាលពីឆ្នាំ២០០១, ២០០៧, ២០១៣ និង២០១៨។
* ឈ្មោះ «ក្រសា» ធ្លាប់ត្រូវប្រើប្រាស់ ៤ លើក គឺកាលពីឆ្នាំ២០០១, ២០០៧, ២០១៣, និង២០១៩។
ឈ្មោះ «ណាគ្រី» ធ្លាប់ត្រូវប្រើ ៤ លើក កាលពីឆ្នាំ២០០២, ២០០៨, ២០១៤ និង ២០១៩។
ឈ្មោះ «ម៉ៃសាក់» ធ្លាប់ត្រូវប្រើ ៣ ដង គឺកាលពីឆ្នាំ២០០២, ២០០៨ និង ២០១៥។
* ឈ្មោះ «ក្រវាញ» ធ្លាប់ត្រូវប្រើ ៣ ដង គឺឆ្នាំ២០០៣, ២០០៩ និង ២០១៥។
* ឈ្មោះ «ចន្ធូ» ធ្លាប់ត្រូវប្រើ ៣ លើក ឆ្នាំ២០០៤, ២០១០ និង២០១៦។
* ឈ្មោះ «ត្រសេះ» ជាឈ្មោះថ្មី ដែលមិនទាន់ធ្លាប់ត្រូវគេប្រើនៅឡើយទេ ខណៈវាជាឈ្មោះជំនួសឲ្យឈ្មោះ «សារីកា (Sarika)» ដែលចូលនិវត្តន៍ឆ្នាំ២០១៦ និងធ្លាប់ត្រូវបានប្រើប្រាស់ ៣ ដង គឺឆ្នាំ២០០៤, ២០១១ និង២០១៦។
* ចុងក្រោយឈ្មោះ «នេសាទ» ធ្លាប់ត្រូវបានប្រើ ៣ លើក គឺឆ្នាំ២០០៥, ២០១១ និង២០១៧។
ពេលខ្លះយើងប្រហែលជាឃើញឈ្មោះព្យុះទីហ្វុង ដែលមិនមាននៅក្នុងបញ្ជីឈ្មោះ ដែលផ្តល់ឲ្យសមាជិកទាំង ១៤ ខាងលើឡើយ។ មូលហេតុដោយសារតែពួកវាជាឈ្មោះដែលហ្វីលីពីនដាក់ឲ្យ។ ទោះជាសមាជិកមួយរបស់គណៈកម្មាធិការព្យុះទីហ្វុងក៏ដោយ ហ្វីលីពីនក៏មានប្រព័ន្ធផ្ទាល់ខ្លួនសម្រាប់ដាក់ឈ្មោះឲ្យព្យុះទីហ្វុង ដែលស្ថិតនៅក្បែរប្រទេសអាស៊ានមួយនេះផងដែរ ដូច្នេះហើយទើបជួនកាលព្យុះទីហ្វុងមួយត្រូវបានគេហៅដោយឈ្មោះពីរខុសគ្នា៕