(បរទេស)៖ ព្យុះហឺរីខិន (Hurricane), ព្យុះស៉ីក្លូន (Cyclone) និងព្យុះទីហ្វុង (Typhoon) ប្រហែលជាមានមនុស្សមួយចំនួនយល់ច្រឡំថា ពួកវាគឺជាប្រភេទព្យុះផ្សេងគ្នា ប៉ុន្តែតាមពិតទៅព្យុះទាំង៣នេះ ជាប្រភេទតែមួយប៉ុណ្ណោះនៃព្យុះត្រូពិក។ ការហៅឈ្មោះខុសគ្នាបែបនេះ គឺដោយសារអាស្រ័យទៅលើតំបន់ដែលពួកវាកកើតឡើង។
ព្យុះហឺរីខិន គឺជាក្រុមព្យុះត្រូពិកដែលលេចឡើងនៅ ម្តុំភាគខាងជើងមហាសមុទ្រអាត្លង់ទិក និងនៅភាគឦសានមហាសមុទ្រប៉ាស៉ីហ្វិក ពោលពួកវាជាព្យុះដែលគេតែងចំណាំឃើញ វាយប្រហារលើសហរដ្ឋអាមេរិក និងតំបន់អាមេរិកកណ្តាល។ ចំណែកខ្យល់ព្យុះស៉ីក្លូន កកើតឡើងនៅតំបន់ភាគខាងត្បូងមហាសមុទ្រប៉ាស៉ីហ្វិក និងនៅមហាសមុទ្រឥណ្ឌា គឺក្រុមព្យុះដែលវាយប្រហារលើនូវែលសេឡង់ អូស្រ្តាលី និងប្រទេសនៅអាស៉ីខាងត្បូង ដូចជាឥណ្ឌានិងបង់ក្លាដែស។ រីឯព្យុះទីហ្វុង ជាក្រុមព្យុះកកើតឡើងនៅភាគពាយព្យប៉ាស៉ីហ្វិក ដែលវាយប្រហារបណ្តាប្រទេសនៅអាស៉ីខាងកើត និងអាស៉ីអាគ្នេយ៍។
* ព្យុះត្រូពិកកកើតឡើងរបៀបណា?
ព្យុះត្រូពិកអាចកកើតឡើង នៅពេលខ្យល់អណ្តែតឡើងទៅលើយ៉ាងរហ័សបំផុត ក្រោយទទួលកម្តៅពីទឹកសមុទ្រដែលក្តៅ។ បន្ទាប់មក នៅពេលដែលខ្យល់នោះចុះត្រជាក់វិញ វាត្រូវបានរុញច្រានទៅម្ខាងដោយខ្យល់ក្តៅដែលកើនមកពីខាងក្រោមវា។ វដ្តបាតុភូតនេះបានបណ្តាលឲ្យ កើតជាខ្យល់ព្យុះ។ ជាធម្មតា ព្យុះត្រូពិកមានកម្លាំងខ្យល់បក់លឿនជាង ១១៧គីឡូម៉ែត្រក្នុងមួយម៉ោង ខណៈព្យុះដែលសាហាវៗ មានកម្លាំងខ្យល់បក់ខ្លាំងៗជាងនេះទៅទៀត។
* ព្យុះត្រូពិកអាចបង្កការខូចខាតអ្វីខ្លះ?
ពេលនៅលើផ្ទៃសមុទ្រ ព្យុះត្រូពិកអាចបង្កឡើងជារលកបោកបក់ធំៗ។ នៅពេលរលកទាំងនេះមកដល់លើគោក ពួកវាអាចធ្វើឲ្យជន់លិចតំបន់ធំៗ រួមមានទីប្រជុំជននិងទីក្រុងជាដើម។ បើនៅលើដីគោកវិញ កម្លាំងខ្យល់បក់ដ៏ខ្លាំងរបស់វា អាចបង្កឲ្យការខូចខាតធ្ងន់ធ្ងរ ដោយវាអាចបំផ្លាញផ្ទះសម្បែង ផ្តួលរំលំដើមឈើក៏ដូចជាបង្គោលភ្លើង ព្រមទាំងអាចឲ្យរថយន្តក្រឡាប់ថែមទៀតផង។
គួរជម្រាបថា ជាទូទៅព្យុះត្រូពិកតែងរលាយបាត់ទៅវិញ នៅប៉ុន្មានថ្ងៃបន្ទាប់ពីវាបានបោកបក់មកដល់លើដីគោក ដោយសារតែនៅទីនោះ លែងមានទឹកសមុទ្រក្តៅ ដែលអាចផ្ដល់ថាមពលឲ្យវាតទៀត៕