(ភ្នំពេញ)៖ អាញស្តាញ គឺជាអ្នកវិទ្យាសាស្ត្រដ៏ល្បីល្បាញម្នាក់នៅដើមសតវត្សទី២០ ដោយលោកបានរកឃើញបាតុភូត និងទ្រឹស្ដីមួយចំនួន ដែលជាកត្តាជំរុញឱ្យមានការបង្កើតឧបករណ៍ជាច្រើនសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ។ ប៉ុន្តែទន្ទឹមនឹងនោះ ក៏មានរឿងដ៏សែនខ្លោចផ្សាមួយ បានដិតជាប់ក្នុងជីវិតរហូតទាន់តែដល់ថ្ងៃមរណកាល។
ជាការពិតណាស់ អាល់បឺត អាញស្តាញ (Albert Einstein) បានរកឃើញទ្រឹស្តីរូបវិទ្យាក្វាន់ត័ម (Quantum Physics) ទ្រឹស្ដីសម្ពន្ធភាពពិសេស ទ្រឹស្ដីសម្ពន្ធភាពទូទៅ សមីការ E=mc² ក៏ដូចជាឧបករណ៍វិទ្យាសាស្ត្រដ៏ច្រើនទៀត ដូចជា ម៉ាយក្រូហ្វូន កាំរស្មីឡាហ្ស៊ែរ កាំរស្មីអ៉ិចជាដើម។
ក្ដីឈឺចាប់ដែលបង្កប់ក្នុងបេះដូងរបស់លោក កើតឡើងនៅពេលមិត្តភក្តិរបស់លោកដែលជាអ្នកវិទ្យាសាស្ត្រដូចគ្នាម្នាក់ឈ្មោះ លីអូ ស្ស៊ីឡាដ៍ (Leo Szilard) បានសំណូមពរឱ្យលោកចូលរួមចុះហត្ថលេខាស្នើទៅកាន់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ហ្វ្រង់គ្រីន រ៉ូស្វែល (Franklin D. Roosevelt) ឱ្យគាំទ្រដល់កម្មវិធីស្រាវជ្រាវផលិតគ្រាប់បែកបរមាណូ។
កាលណោះ ដោយសារមានការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយនៅសហរដ្ឋអាមេរិកថា មានរូបវិទូជនជាតិអាល្លឺម៉ង់ម្នាក់ឈ្មោះ វ័រណឺរ ហៃសិនបឺក (Werner Heisenberg) កំពុងដឹកនាំការស្រាវជ្រាវផលិតគ្រាប់បរមាណូនេះដែរ ហើយប្រសិនបើពួកគេធ្វើបានសម្រេច នោះវានឹងបង្កគ្រោះថ្នាក់ដល់មនុស្សជាតិទាំងមូល មិនអាចស្មានដល់។ ដូច្នេះហើយទើបជំរុញឱ្យអាញស្ដាញចូលរួមគាំទ្រគម្រោងផលិតបរិមាណូនៅសហរដ្ឋអាមេរិកតែម្ដង ក្នុងគោលបំណងទប់ស្កាត់ការស្រាវជ្រាវនៅប្រទេសអាល្លឺម៉ង់នោះ។
ប៉ុន្តែក្រោយមកពេលដឹងពិតប្រាកដថា ហៃសិនបឺកពុំបានអនុវត្តគម្រោងនេះទេ ព្រោះតែគេក៏ដឹងថាវានឹងបង្កក្ដីវិនាសអន្តរាយធ្ងន់ធ្ងរដល់មនុស្សជាតិ និងភពផែនដី ទើបអាញស្ដាញនឹកស្ដាយក្រោយ។ ម្យ៉ាងទៀត នៅពេលសហរដ្ឋអាមេរិកទម្លាក់គ្រាប់បែកបរមាណូនៅប្រទេសជប៉ុន កាលពីឆ្នាំ១៩៤៥ (ចុងសម័យសង្គ្រាមលោកលើកទី២) នោះ រឹតតែធ្វើឱ្យលោកកើតក្ដីឈឺចាប់កាន់តែខ្លាំង។ អាញស្ដាញតែងពោលសុំទោស និងសម្ដែងការសោកស្ដាយចំពោះជនជាតិជប៉ុនជានិច្ចពីរឿងនេះ។ បន្ទាប់ពីនោះមក អាញស្ដាញបានធ្វើយុទ្ធនាការដើម្បីសាងសន្តិភាពរហូតដល់ថ្ងៃអស់ជីវិតនៅឆ្នាំ១៩៥៥ ក្នុងរដ្ឋញូវចឺរស៉ី សហរដ្ឋអាមេរិក៕