(ភ្នំពេញ)៖ តែគឺជាភេសជ្ជៈម្យ៉ាង ដែលអាចជួយដល់សុខភាព ធ្វើឲ្យមានអារម្មណ៍ស្រស់ថ្លា និងមានក្លិនក្រអូបប្រហើរ។ តែត្រូវបានគេជឿថាត្រូវបានគេរកឃើញនៅ ២៧៣៧ឆ្នាំមុនគ.ស ដោយព្រះចៅធអិរាជចិនស៊ិនណុង។ មកទល់បច្ចុប្បន្ន តែបានប្រែក្លាយជាភេសជ្ជៈ ដែលទទួលបានការពេញនិយមបំផុត បន្ទាប់ពីទឹកបរិសុទ្ធ នៅលើពិភពលោក។
តែត្រូវបានគេបែងចែកជា៦ប្រភេទគឺ តែខ្មៅ(នៅអាស៊ីគេតែងហៅតែក្រហម) ត្រូវបានគេផលិតប្រមាណ៧០ភាគរយ តែបៃតងប្រមាណ២០ភាគរយ និងក្រៅពីនោះគឺ តែស តែលឿង តែបៃតង តែអ៊ូឡុង និងហ្វូអ័រ។
យោងតាមការស្រាវជ្រាវបានបង្ហាញថា តែមានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីដកម្ម រ៉ែ វីតាមីន និងកាល់ស្យូម។ សារធាតុទាំងអស់នេះ មានប្រយោជន៍ណាស់ចំពោះសុខភាព។ តែ ក៏មានផ្ទុកនូវជាតិកាហ្វេអ៊ីនចំនួន៤០ មិល្លីក្រាមផងដែរ ខណៈកាហ្វេស្រស់មួយពែងមានជាតិកាហ្វេអ៊ីនចំនួន៨៥ មិល្លីក្រាម ។
ការសិក្សានាពេលថ្មីៗនេះ បានបង្ហាញថា សារធាតុប្រឆាំងអុកស៊ីដកម្ម នៅក្នុងតែអាចជួយកាត់បន្ថយជំងឺបេះដូង និងសរសៃឈាម ទប់ស្កាត់ជំងឺមហារីក និងធ្វើឲ្យប្រព័ន្ធស៊ាំប្រសើរឡើង ។ គេក៏បានរកឃើញផងដែរថា ការផឹកតែ៦ពែងក្នុងមួយថ្ងៃ សារធាតុ Polyphenols ដែលមាននៅក្នុងតែ អាចកាត់បន្ថយអត្រាកើតជំងឺមហារីក ។
នៅក្នុងប្រទេសចិន តំបន់ដែលទទួលទាន តែបៃតងច្រើន ដូចជាការទទួលទានទឹកនោះ គេបានរកឃើញថា អត្រាកើតជំងឺមហារីកត្រូវបានកាត់បន្ថយប្រហែល ៦០ភាគរយ ។ គេនិយាយថា នេះគឺដោយសារតែបៃតងមានភាគរយសារធាតុប្រឆាំងអុកស៊ីដកម្មជាងតែខ្មៅ ឬប្រភេទតែផ្សេងៗទៀត ដែលជួយកាត់បន្ថយអត្រាកើតជំងឺបេះដូង។
ចំណែកការទទួលទានតែខ្មៅ តែស តែលឿង តែអ៊ូឡុង និងហ្វូអ័រ ពីរបីពែងជាប្រចាំគឺជួយទប់ស្កាត់ មិនឲ្យមានកំណកនៅក្នុងសរសៃឈាមក្រហម។ ការស្រាវជ្រាវបានបង្ហាញថា ស្ត្រីដែលមានអាយុលើសពី៦៥ ឆ្នាំ ដែលផឹកតែយ៉ាងហោចណាស់មួយ ឬពីរពែងរៀងរាល់ថ្ងៃ មានភាពហាប់ណែនរបស់ឆ្អឹងខ្ពស់នៅត្រង់ឆ្អឹងខ្នង និងត្រង់ភ្លៅ ដែលជាកន្លែងផុយស្រួយ និងមានសភាពស្តើងរបស់ឆ្អឹង (Osteoporosis) ជាងក្រុមស្ត្រីដែលមានអាយុដូចគ្នា តែមិនបានទទួលទានតែទាល់តែសោះ។
ឥឡូវនេះតែកំពុងត្រូវបានប្រើប្រាស់ច្រើននៅក្នុងផលិតផល ថែរក្សាស្បែក ដើម្បីកម្ចាត់ជំងឺមហារីក និងភាពជ្រីវជ្រួញរបស់ស្បែក ។ សារធាតុ Polyphenol ដែលគេរកឃើញនៅក្នុងតែ គឺមានកម្លាំងខ្លាំងជាងសារធាតុប្រឆាំងអុកស៊ីដកម្មណាៗទាំងអស់ ។ ការទទួលទានតែខ្មៅ តែបៃតង តែស តែលឿង តែអ៊ូឡុង និងហ្វូអ័រ ត្រូវបានគេរកឃើញថា ជួយទប់ស្កាត់ការបង្កើតឲ្យមានកំណកជាប់ធ្មេញ និងសម្លាប់បាក់តេរីដែលចម្លងមេរោគដល់ធ្មេញ។
តែគឺជាភេសជ្ជៈ បន្ធូរភាពតានតឹងក្នុងអារម្មណ៍ នៅពេលអ្នកមានអារម្មណ៍តឹងតែង ចូរអង្គុយចុះឲ្យស្រួលបន្ធូរអារម្មណ៍ ហើយក្រេបទឹកតែបៃតង តែខ្មៅ ឬប្រភេទតែណាមួយដែលអ្នកចូលចិត្ត បន្តិចម្តងៗ ។ វានឹងជួយធ្វើឲ្យសរសៃប្រសាទរបស់អ្នកធូរស្រាល។ នៅពេលភ្នែករបស់អ្នកមានអារម្មណ៍អស់កម្លាំង ក្រោយពីអង្គុយជាច្រើនម៉ោងនៅពីមុខម៉ាស៊ីនកុំព្យូទ័រ។ ចូរប្រើសន្លឹកតែ ហើយយកកំណាត់ឬក្រដាសជូតមាត់រុំវា យកទឹកក្តៅចាក់ពីលើវា ហើយយកវាមកដាក់លើភ្នែករបស់អ្នក តម្រេតខ្លួនរបស់អ្នក នោះវានឹងជួយបន្ធូរការចុករោយ និងធ្វើឲ្យភ្នែករបស់អ្នកធូរស្រាលឡើងវិញ៕