(អាមេរិក)៖ RIP current ឬមានអត្ថន័យជាខេមរភាសាថា ចរន្តរលកមរណៈ គឺជាតុភូតមួយ ដែលជាទូទៅកើតឡើងនៅក្បែរឆ្នេរសមុទ្រ ឬច្រាំងសមុទ្រ។ ចរន្តនេះមានកម្លាំងខ្លាំង និងលឿន អាចទាញយកកម្មវត្ថុទាំងឡាយដែលនៅក្នុងដែនរបស់វា ចូលទៅទីតាំងទឹកជ្រៅនៃសមុទ្រ ឬឆ្ងាយពីឆ្នេរ ឬពីច្រាំងសមុទ្រ។

នៅសហរដ្ឋអាមេរិក ចរន្តរលកមរណៈមានស្ថានភាពកាចសាហាវណាស់ ហើយមានផ្លូវទឹកចង្អៀតនៃការផ្លាស់ទីរបស់ទឹក ដែលជាទូទៅកើតឡើងនៅតាមឆ្នេរភាគខាងកើត ឆ្នេរភាគខាងលិច និងនៅឈូងសមុទ្រ ក៏ដូចជានៅតាមច្រាំងនៃបឹងយក្ស Great Lakes។

ការិយាល័យផ្នែកសមុទ្រ នៃរដ្ឋបាលជាតិទទួលបន្ទុកផ្នែកសមុទ្រ និងបរិយាកាស របស់ក្រសួងពាណិជ្ជកម្មអាមេរិក បានបញ្ជាក់ថា ជាមួយនឹងការផ្លាស់ទីនៃទឹកដែលមានល្បឿន ៨ ហ្វីតក្នុងមួយវិនាទី ចរន្តរលកមរណៈអាចធ្វើចលនាលឿនជាងអត្តពលិកហែលទឹក នៅកីឡាអូឡាំពិកទៅទៀត។

អ្នកហែលទឹកដែលភ័យស្លន់ស្លោ ជារឿយៗ ព្យាយាមប្រមុខនឹងចរន្តរលកមរណៈ ដោយការហែលសំដៅទៅកាន់ច្រាំង។ ពួកគេប្រថុយនឹងការលង់ទឹក ពីព្រោះភាពអស់កម្លាំងកំហែង។

គួរជម្រាបថា អ្នកការពារនៅតាមសមុទ្រតែងតែសង្គ្រោះមនុស្សរាប់ពាន់នាក់ ពីចរន្តរលកមរណៈនៅក្នុងសហរដ្ឋអាមេរិកជារៀងរាល់ឆ្នាំ។ ប៉ុន្តែក្នុងមួយឆ្នាំៗ បើតាមការសន្និដ្ឋាន មនុស្សប្រមាណ ១០០ នាក់ បានសម្លាប់ដោយសារចរន្តរលកមរណៈនេះ។

ការិយាល័យផ្នែកសមុទ្រដដែលបានណែនាំថា «បើសិនជាអ្នកជាប់នៅតំបន់ចរន្តរលកមរណៈ សូមកុំព្យាយាមរើបម្រះឡើយ។ ចូរហែលស្របទៅនឹងច្រាំង ហើយហែលត្រលប់មកដីវិញនៅមុំណាមួយ»

មានការពន្យល់បន្ថែមលើបណ្តាញ Internet ថា ប្រសិនបើអ្នកធ្លាក់ចូលទៅក្នុង RIP current សូមធ្វើដូចខាងក្រោមនេះ៖

* សម្រាកបណ្តោយខ្លួន ព្រោះវាមិនហូរគួចយើងចូលទៅក្នុងបាតសមុទ្រទេ

* កុំប្រឹងហែលប្រឆាំងបញ្ច្រាសជាមួយចរន្តទឹកកំពុងតែហូរ

* ព្យាយាមហែលតិចៗ ដើម្បីគេចចេញពីចរន្តមកច្រាំងវិញ

* បើអ្នកមិនអាចគេចផុតទេ ព្យាយាមបណ្តែតខ្លួន

* ប្រសិនបើអ្នកត្រូវការជំនួយ ព្យាយាមបក់ដៃ ឬក៏ស្រែកឲ្យគេជួយ៕

ប្រភព៖
*គេហទំព័រ National Ocean Service, National Oceanic and Atmospheric Administration, U.S department of Commerce
* គេហទំព័រ Businessinsider

សម្រួលអត្ថបទដោយ៖ Fresh News Plus