(ភ្នំពេញ)៖ នៅពេលគ្រូពេទ្យចាក់បញ្ចូលថ្នាំស្ពឹកទៅក្នុងរាងកាយ ធ្វើឱ្យអ្នកជំងឺបាត់ការឈឺចាប់ ដែលជាការសម្រួលដល់ការវះកាត់ ក៏ដូចជាការព្យាបាលនានា។ តើអ្នកដឹងទេថា តើថ្នាំស្ពឹកត្រូវបានប្រើប្រាស់ដំបូងនៅឯណា?

រាប់រយឆ្នាំមកហើយ គ្រូពេទ្យបានព្យាយាមជួយអ្នកជំងឺកុំឱ្យមានការឈឺចាប់ នៅពេលវះកាត់ម្ដងៗ ដោយគ្រូពេទ្យបានឱ្យអ្នកជំងឺផឹកគ្រឿងស្រវឹង ជក់អាភៀន និងថ្នាំដទៃៗទៀត ប៉ុន្តែនៅតែគ្មានថ្នាំណាដែលអាចបំបាត់ការឈឺចាប់បានឡើយ។

លុះដល់សតវត្សទី១៩ មានវេជ្ជបណ្ឌិតជនជាតិអាមេរិក ២ នាក់ គឺលោក ក្រូហ្វត ឡុង (Crawford Long) និងលោក វីល្លៀម ធីជី ម៉ឺរតុន (William T.G Morton) បានរកឃើញសារធាតុឧស្ម័នម្យ៉ាងហៅថា អេទែរ (Ether) ដែលអាចជួយឱ្យអ្នកជំងឺមានភាពស្ពឹក។ ពួកគេបានបំប្លែងឧស្ម័នអេទែរឱ្យក្លាយជាប្រេងអេទែរ។

វេជ្ជបណ្ឌិត ឡុង បានប្រើប្រាស់ប្រេងអេទែរជាលើកដំបូងនៅឆ្នាំគ្រិស្ដសករាជ ១៩៤២ ដោយលោកបានចាក់ប្រេងអេទែរទៅលើកន្សែង ហើយឱ្យអ្នកជំងឺហិតចូលទៅក្នុងខ្លួន ដើម្បីវះកាត់ដុំសាច់មួយពីករបស់អ្នកជំងឺម្នាក់ ពីព្រោះអានុភាពនៃប្រេងអេទែរនេះធ្វើឱ្យអ្នកជំងឺសន្លប់តែម្ដង។ លោកបានប្រើវិធីសាស្ត្រនេះអស់ពេលរាប់ឆ្នាំ។

ក្រោយៗមកទៀត វេជ្ជបណ្ឌិត ក្រូហ្វត ឡុង ក៏បានលាយប្រេងអេទែរទៅជាថ្នាំស្ពឹកម្យ៉ាង សម្រាប់ចាក់ចូលទៅក្នុងសរសៃឈាមរបស់អ្នកជំងឺ មុនវះកាត់អវៈយវៈអ្នកជំងឺ និងពេលសម្រាលទារកផងដែរ។

ទោះលោកបានបន្តប្រើប្រាស់ថ្នាំស្ពឹកប្រភេទនេះក៏ដោយ ក៏លោកមិនទាន់ចេញផ្សាយអំពីការរកឃើញភ្លាមៗនោះឡើយ។ លទ្ធផលនៃការប្រើប្រាស់ទាំងនេះ ទីបំផុតត្រូវបានចេញផ្សាយនៅឆ្នាំគ្រិស្ដសករាជ ១៨៤៩ ក្នុងទស្សវដ្តីវេជ្ជសាស្រ្ត និងវះកាត់ភាគខាងត្បូង របស់សហរដ្ឋអាមេរិក។

ថ្នាំស្ពឹកដែលធ្វើអំពីអេទែរនេះក៏បាននាំទៅដល់ទ្វីបអឺរ៉ុប ដើម្បីជួយជាជំនួយដល់ការវះកាត់ និងការប្រើប្រាស់ក្នុងវិស័យវេជ្ជសាស្ត្រនានា ព្រមទាំងប្រើជាថ្នាំទប់ស្កាត់មេរោគមហារីកនៅលើមុខរបួសវះកាត់ផងដែរ៕

ប្រភព៖
* សៀវភៅប្រាប់ខ្ញុំនៅឯណា?
* គេហទំព័រវីគីភីឌៀ