(ភ្នំពេញ)៖ ខុសពីសម័យបច្ចុប្បន្ន នៅសម័យបុរាណមនុស្សបានបែងចែកវណ្ណៈសង្គមយ៉ាងក្រឹត្យក្រម ដើម្បីរៀបចំសណ្ដាប់ធ្នាប់ របៀបរបបក្នុងសង្គម និងងាយស្រួលក្នុងការគ្រប់គ្រងរដ្ឋផងដែរ ដូច្នេះហើយទើបមានសំណួរលើកឡើងថា តើសង្គមនៃជនជាតិណា ឬប្រទេសណាដែលបង្កើតឱ្យមានការបែងចែកវណ្ណមុនគេបង្អស់?
តាមការសិក្សាប្រវត្តិនៃអរិយធម៌បុរាណ គេបានរកឃើញថា គឺសង្គមអេហ្ស៉ីបក្នុងសម័យរាជាណាចក្របុរាណ (Old Kingdom) ដែលបានរៀបចំឱ្យមានការបែងចែកវណ្ណសង្គមមុនគេបង្អស់នៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ។ សម័យកាលរាជាណាចក្របុរាណរបស់អេហ្ស៉ីបមានរយៈពេលប្រមាណ ៥០០ ឆ្នាំ ពោលគឺចាប់ពីឆ្នាំ ២៧០០-២២០០ មុនគ្រិស្ដសករាជ។ នៅចុងសម័យនេះ ប្រជាជនអេហ្ស៊ីបមានចំនួនប្រហែល ២ លាននាក់។ ដោយសារកំណើនប្រជាជនចេះតែកើនឡើងជាប្រចាំ ការបែងចែកវណ្ណៈនៅក្នុងសង្គមរស់នៅរបស់អេហ្ស៊ីបក៏កើតមានឡើង។
សម្រាប់មេដឹកនាំអេហ្ស៊ីប ពួកគេជឿជាក់ថាការបែងចែកឱ្យមានវណ្ណៈនៅក្នុងសង្គម គឺវាជួយឱ្យមានរបៀបរបបសណ្ដាប់ធ្នាប់ល្អ និងធ្វើឱ្យអាណាចក្ររបស់ខ្លួនរឹងមាំ។ ដូច្នេះហើយទើបផារ៉ាអុងចេញរាជបញ្ជាបែងចែកវណ្ណៈ ក្នុងនោះរួមមាន៖
* វណ្ណៈខ្ពស់ជាងគេ គឺផារ៉ាអុង (Pharaon) សំដៅដល់ព្រះមហាក្សត្រសោយរាជ្យ ដែលគេចាត់ទុកថាជាព្រះអាទិទេពចុះមកចាប់កំណើត ដើម្បីដឹកនាំព្រះនគរទាំងមូល។
* បន្ទាប់មក គឺវណ្ណៈអភិជន (Nobles) សំដៅលើក្រុមឧត្តមមន្ត្រី និងគ្រូបូជាចារ្យ ព្រមទាំងគ្រួសាររបស់ពួកគេ ដែលមានភារកិច្ចជួយផារ៉ាអុងដឹកនាំកិច្ចការនយោបាយ និងរៀបចំពិធីសាសនាថ្វាយព្រះអាទិទេព។
* លំដាប់តមកទៀត គឺវណ្ណៈកណ្តាល សំដៅលើក្រុមមន្ត្រីថ្នាក់ក្រោម ដូចជា អ្នកកត់ត្រា អ្នកជំនាញការ អ្នកជំនួញ សិប្បករជាដើម ដែលមានភារកិច្ចជាជំនួយការឧត្តមមន្ត្រី ជាអ្នកសរសេរកត់ត្រា ធ្វើជំនួញ ផលិតរបស់របរ និងឧបករណ៍ផ្សេងៗ។ ក្រុមមនុស្សក្នុងវណ្ណៈកណ្ដាលនេះសុទ្ធតែមានជីវភាពស្តុកស្តម្ភធូរធា ប៉ុន្តែមិនមានអំណាចធំដុំដូចវណ្ណៈអភិជនឡើយ។
* វណ្ណៈដែលទាបជាងគេក្នុងអាណាចក្រអេហ្ស៉ីប មានបីទៀត គឺវណ្ណៈកសិករ វណ្ណៈអ្នកងារ (ខ្ញុំបម្រើ) និងវណ្ណៈទាសករ ដែលមានបរិមាណរហូតទៅដល់ ៨០ ភាគរយ ក្នុងចំណោមប្រជាជនអេហ្ស៉ីបទាំងអស់។
សម្រាប់ពួកកសិករនេះដែរ នៅក្នុងរដូវមានទឹកជំនន់ទន្លេនីល ពួកគេមិនអាចធ្វើស្រែចម្ការបានទេ ដូច្នេះហើយក៏មានកសិករមួយចំនួនឆ្លៀតទៅធ្វើសំណង់នៅតាមការដ្ឋានធំៗ ជាពិសេសសំណង់ពីរ៉ាមីតរបស់ផារ៉ាអុង សំណង់ហេដ្ឋារចនាសម្ពន្ធនានាជាដើម។ ក្នុងចំណោមវណ្ណៈថ្នាក់ទាបនៅក្នុងអាណាចក្របុរាណនេះ មានតែក្រុមកសិករប៉ុណ្ណោះដែលធ្វើការងារមិនសូវធ្ងន់ដូចក្រុមអ្នកងារ និងទាសករ៕