(ភ្នំពេញ)៖ ប្រទេសអេហ្ស៉ីប គឺសម្បូរទៅដោយប្រាសាទពីរ៉ាមីត ដែលសាងសង់ឡើងសម្រាប់បញ្ចុះសពរបស់ផារ៉ាអុង ឬព្រះមហាក្សត្ររបស់ពួកគេ ខណៈគោលនយោបាយសាងសង់មហាប្រាសាទទាំងនោះ គឺធ្លាប់ត្រូវបានអនុវត្តឡើងអស់រយៈពេលរាប់ពាន់ឆ្នាំ។ តើអ្នកដឹងទេថា ធនធានដែលប្រើប្រាស់សម្រាប់ការកសាងពីរ៉ាមីត បានមកពីណាខ្លះ?
កាលពីសម័យបុរាណ ព្រះមហាក្សត្រអេហ្ស៉ីប ឬផារ៉ាអុង ព្រមទាំងមន្ត្រី និងប្រជារាស្ត្រអេហ្ស៉ីប បានចូលរួមកសាងប្រាសាទពីរ៉ាមីតជាច្រើនពាសពេញអាណាចក្ររបស់ខ្លួន។ ប្រភពធនធាន និងថវិកាដែលប្រើប្រាស់សម្រាប់ការសាងសង់ប្រាសាទពីរ៉ាមីត គឺបានមកពីប្រជាជនដែលជ្រះថ្លាគោរពបូជាចំពោះព្រះអាទិទេព និងមួយផ្នែកទៀតបានពីទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់ស្ដេច មន្ត្រី ពិសេសគឺធនធានរបស់រាជការទាំងមូល (ថវិការដ្ឋ)។
គោលបំណងធំក្នុងការកសាងពីរ៉ាមីត គឺដើម្បីឧទ្ទិសថ្វាយចំពោះព្រះអាទិទេព និងព្រះមហាក្សត្ររបស់ពួកគេ ដោយប្រជាជនអេហ្ស៉ីបទាំងនោះមានជំនឿថា ព្រះមហាក្សត្ររបស់ពួកគេ ក៏ជាអាទិទេពដែលជួយថែរក្សាការពារ និងដឹកនាំប្រទេសរបស់ពួកគេឱ្យមានសេចក្ដីសុខ និងភាពរុងរឿងផងដែរ។ ដូច្នេះហើយទើបបានជាប្រជាជនអេហ្ស៉ីបបុរាណស្ម័គ្រចិត្តលះបង់ទ្រព្យសម្បត្តិផ្ទាល់ខ្លួន និងតាមរយៈការបង់ពន្ធជូនរាជការ ដើម្បីយកទៅកសាងពីរ៉ាមីតតូចធំនានា ពោលគឺមិនមែនជាការបង្ខិតបង្ខំកៀបសង្កត់ទាំងស្រុងនោះឡើយ។ ធនធានថវិកាទាំងនោះដែរ ប្រសិនបើប្រមូលបានកាន់តែច្រើន នោះទំហំស្ថាបត្យកម្មសាងសង់ប្រាសាទពីរ៉ាមីត ក៏កាន់តែធំ និងកាន់តែមានឥទ្ធិពល និងអំណាចផងដែរ។
សំណង់ស្ថាបត្យកម្មពីរ៉ាមីតនៅប្រទេសអេហ្ស៉ីប ត្រូវបានសាងសង់យ៉ាងច្រើននៅសម័យកាលរាជាណាចក្របុរាណ (Old Kingdom of Egypt) ដែលមានរយៈពេលចាប់ពីឆ្នាំ ២៧០០-២២០០ មុនគ្រិស្ដសករាជ ប៉ុន្តែនៅចុងសម័យកាលនេះ ទាំងទ្រព្យសម្បត្តិ ទាំងអំណាចរបស់ផារ៉ាអុងបានធ្លាក់ចុះយ៉ាងខ្លាំង។ នេះក៏ដោយសារតែការសាងសង់ពីរ៉ាមីតថ្មីៗ និងការចំណាយទៅលើការថែទាំពីរ៉ាមីតចាស់ៗ មានចំនួនច្រើនលើសលុបពេក ដែលនាំឱ្យមានការចំណាយលើសពីចំណូល៕