(ភ្នំពេញ)៖ ភ្នំបូកគោ ត្រូវបានអ្នកស្រាវជ្រាវឡើងទៅដល់កំពូលនៅអំលុងឆ្នាំ ១៩១៧ ដោយពួកគេបានរកឃើញទីតាំងពិសេសៗជាច្រើន អមដោយបរិយាសកាសត្រជាក់ស្រស់ស្រាយ។ ក្រោយពីរកឃើញទីតាំងដ៏សែនរមណីយមួយនេះហើយ គេក៏បានរៀបចំអភិវឌ្ឍតំបន់នេះទៅជារមណីយដ្ឋានដ៏ពិសេសមួយ នៅអំលុងឆ្នាំ ១៩២២។
តើអ្នកដឹងថា មានមូលហេតុអ្វីខ្លះ ដែលជំរុញឱ្យបារាំងបង្កើតរមណីយដ្ឋាន នៅភ្នំបូកគោនេះ?
នៅឆ្នាំគ្រិស្ដសករាជ ១៩២០ រដ្ឋការបារាំងបានផ្លាស់ប្តូរអគ្គទេសាភិបាលថ្មីប្រចាំនៅឥណ្ឌូចិន គឺលោក ហ្វ្រង់ស័រ ប៊ូឌ័ន (Francoise Boudoin)។ នៅពេលមកកាន់តំណែងថ្មីនេះ លោក ហ្វ្រង់ស័រ បានចាប់ផ្តើមធ្វើកំណែទម្រង់ពន្ធដារថ្មីមួយទៀត ដើម្បីយកទៅស្តារសេដ្ឋកិច្ចបារាំង។ មួយទៀត លោកអគ្គទេសាភិបាលក៏បានរំលែកធនធានមួយចំណែក យកទៅសាងសង់រមណីយដ្ឋានភ្នំបូកគោ កសាងផ្លូវតភ្ជាប់ពីភ្នំពេញទៅខេត្តកំពត និងផ្លូវពីកំពតឡើងទៅលើភ្នំបូកគោ។
ការសម្រេចចិត្តសាងសង់រមណីយដ្ឋានរបស់លោក ហ្វ្រង់ស័រ ប៊ូឌ័ន នេះគឺសម្រាប់ធ្វើជាតំបន់លម្ហែកាយរបស់ជនជាតិអឺរ៉ុប និងមន្ត្រីអាណានិគម ព្រោះនៅទីនោះមានអាកាសធាតុត្រជាក់ និងសម្រស់ធម្មជាតិប្រៀបបានទៅនឹងឋានតុសិត។
នៅលើកំពូលភ្នំបូកគោ ត្រូវសាងសង់សណ្ឋាគារលំដាប់ខ្ពស់មួយ មានទាំងកាស៊ីណូ តារាងវាយ Tennis និងសួនកម្សាន្ត ដែលក្រុមគ្រួសារទេសចរអឺរ៉ុប និងមន្ត្រីអាណានិគមបារាំងអាចមកកម្សាន្ត ស្រូបយកខ្យល់អាកាសបរិសុទ្ធនៅលើកំពូលភ្នំ។ លោក ហ្វ្រង់ស័រ ប៊ូឌ័ន បានបញ្ជាឱ្យគេសាងសង់ផ្ទះលម្ហែ (Bungalow) ជាពិសេសមួយសម្រាប់គ្រួសារគាត់។ រចនាប័ទ្ម និងគម្រោងសាងសង់ទាំងអស់ ត្រូវបានគូសដោយស្ថាបត្យករបារាំង។
សណ្ឋាគារនៅលើភ្នំបូកគោ ត្រូវបានសាងសង់ដោយក្រុមហ៊ុនសំណង់ឥណ្ឌូចិនមួយមានឈ្មោះថា Société Indochinoise d Etudes et de Constructions (អានថា៖ សូស្យ៉េតេ អាំងដូស៊ីន័រ ដេទូត អេ ដេ កង់ស្រ្ទូតស្យុង) ជាក្រុមហ៊ុនសំណង់ដ៏ធំរបស់បារាំងនៅតំបន់ឥណ្ឌូចិន ដែលមានទីស្នាក់ការកណ្ដាលនៅទីក្រុងព្រៃនគរ។
ការសាងសង់រមណីយដ្ឋានបូកគោត្រូវចំណាយអាយុជីវិតពលករខ្មែរអស់ជាច្រើន ជាពិសេសការកសាងផ្លូវឡើងទៅលើកំពូលភ្នំ ដែលត្រូវឆ្លងកាត់ព្រៃក្រាស់យ៉ាងវែងចាប់ផ្តើមពីទីរួមខេត្តកំពត ប៉ុន្តែអាជ្ញាធរបារាំងពុំដែលបានរាយការណ៍ពីការគ្រោះថ្នាក់របស់កម្មករដែលមានពី ៩០០ ទៅ ២,០០០ នាក់បានស្លាប់ ហើយពួកគេភាគច្រើនស្លាប់ដោយសារពស់ចឹក។ ដោយសារតែបញ្ហានេះហើយ ទើបមានកាសែតនៅក្រុងព្រៃនគរ (កម្ពុជាក្រោម) និងកាសែតនៅក្រុងប៉ារីស ប្រទេសបារាំង បានចុះផ្សាយរិះគន់លោក ហ្វ្រង់ស័រ ប៊ូឌ័ន ចំៗថាលោកជាអ្នកប្រើអំណាចផ្តាច់ការនៅកម្ពុជា៕