(ភ្នំពេញ)៖ រចនាប័ទ្ម សំដៅលើទម្រង់សិល្បៈស្ថាបត្យកម្មក្នុងការសាងសង់ប្រាសាទ សំណង់នានា ការតុបតែងលម្អ ការឆ្លាក់បង្កើតជាបដិមា ដែលស្ថាបត្យករ បដិមាករ និងសិល្បករ ខិតខំសម្រិតសម្រាំងតាមព្រះទ័យនៃអង្គព្រះមហាក្សត្រ។ ព្រះមហាក្សត្រខ្មែរ និងឧត្តមមន្ត្រីនាសម័យបុរាណបានចូលរួមស្ថាបនាប្រាសាទ និងសំណង់ស្ថាបត្យកម្មជាច្រើនទៅតាមទម្រង់រចនាប័ទ្មផ្សេងៗគ្នា។

ក្នុងចំណោមសិល្បៈស្ថាបត្យកម្មបុរាណខ្មែរទាំងនោះ អ្នកបុរាណវិទ្យាបានបែងចែករចនាប័ទ្មដាច់ដោយឡែកពីគ្នារហូតដល់ទៅ ១៣ រចនាប័ទ្មឯណោះ ក្នុងនោះរួមមាន៖

១៖ រចនាប័ទ្មភ្នំដា

រចនាប័ទ្មដំបូងរបស់ខ្មែរមួយនេះ ត្រូវបានបង្កើតឡើងក្នុងសម័យអាណាចក្រភ្នំ (ហ្វ៊ូណន) ចាប់ពីសតវត្សទី១ ដល់សតវត្សទី៦ ដោយមានប្រាសាទភ្នំដាជាគោល ខណៈបច្ចុប្បន្នប្រាសាទភ្នំដានេះស្ថិតនៅស្រុកអង្គរបុរី ខេត្តតាកែវ។ ក្រៅពីស្ថាបត្យកម្មប្រាសាទនៅអង្គរបុរី បុព្វបុរសខ្មែរក្នុងសម័យនគរភ្នំក៏បានបន្សល់ទុកនូវស្នាដៃជាច្រើន ដែលគេបានធ្វើកំណាយរកឃើញនៅតំបន់បាភ្នំ តំបន់អូរកែវ (កម្ពុជាក្រោមបច្ចុប្បន្ន) និងទីកន្លែងជាច្រើនទៀតនៅប្រទេសកម្ពុជា និងវៀតណាមភាគខាងត្បូង។

២៖ រចនាប័ទ្មសំបូរ

រចនាប័ទ្មសំបូរ ត្រូវបានបង្កើតឡើង ចាប់ពីពាក់កណ្ដាលសតវត្សទី១ ដល់សតវត្សទី៧។ ប្រាសាទដែលសាងសង់តាមរចនាប័ទ្មនេះ ភាគច្រើនគឺនៅក្នុងរជ្ជកាលព្រះបាទឦសានវម៌្មទី១ (៦១៦-៦៣៥) ជាព្រះមហាក្សត្រនៃអាណាចក្រចេនឡា ដែលព្រះអង្គបានតាំងរាជធានីនៅឦសានបុរៈ គឺនៅតំបន់ប្រាសាទសំបូរព្រៃគុក ខេត្តកំពង់ធំ (លើកលែងតែប្រាសាទតោ ដែលស្ថិតក្នុងរចនាប័ទ្មគូលែន)។ សំណង់ប្រាសាទនៅក្នុងរចនាប័ទ្មនេះ ច្រើនតែសាងសង់នៅលើដីរាប មានប្រាង្គតូចៗ ធ្វើអំពីឥដ្ឋបូកបាយអ រាងបួនជ្រុងនិងប្រាំបីជ្រុងជាដើម ដូចជាក្រុមប្រាសាទសំបូរ ក្រុមប្រាសាទយាយព័ន្ធ ក្រុមប្រាសាទរបងរមាសជាដើម។ ចំណែកផ្ដែរ និងសសរពេជ្រ ធ្វើអំពីថ្មភក់ មានក្បូរក្បាច់រចនារស់រវើកស្រស់ស្អាតណាស់។ ចំពោះបដិមាថ្មវិញនោះ ប្រសិនបើបដិមាភេទស្រី ច្រើនតែមានរាងតូច ត្រគាកសាយ ពាក់មកុដរាងមូល រីឯបដិមាភេទប្រុស គឺមានរាងធំមាំមួន ពាក់មកុដមានរាងបំពង់មូលដូចគ្នា។

៣៖ រចនាប័ទ្មព្រៃក្មេង

រចនាប័ទ្មព្រៃក្មេង ត្រូវបានបង្កើតឡើងចាប់ពីពាក់កណ្ដាលសតវត្សទី២ ដល់សតវត្សទី៧។ ប្រាសាទដែលសាងសង់តាមរចនាប័ទ្មនេះ ភាគច្រើនគឺនៅក្នុងរជ្ជកាលព្រះបាទជ័យវម៌្មទី១ (៦៥៥-៦៨១) ដែលជាព្រះមហាក្សត្រនៃអាណាចក្រចេនឡា។ ប្រាសាទដែលចាត់បញ្ចូលក្នុងរចនាប័ទ្មព្រៃក្មេង មានដូចជាប្រាសាទព្រៃក្មេង ប្រាសាទស្វាយព្រាហ្មណ៍ (ផ្នែកបុរាណ) ជាដើម។ ស្ថាបត្យកម្មក្នុងរចនាប័ទ្មនេះមានលក្ខណៈប្រហែលគ្នានឹងស្ថាបត្យកម្មក្នុងរចនាប័ទ្មសំបូរដែរ ពិសេសគឺក្បូរក្បាច់រចនានៅលើផ្ដែរច្រើនតែមានក្បាច់ភ្ញីទេស ឬក្បាច់ផ្កាចន្ទន៍។

៤៖ រចនាប័ទ្មកំពង់ព្រះ

ការកសាងសំណង់ស្ថាបត្យកម្មក្នុងរចនាប័ទ្មនេះ គឺចំពេលដែលអាណាចក្រចេនឡាកំពុងបែកបាក់គ្នាជាពីរ នាសតវត្សទី៨។ ប្រាសាទដែលចាត់បញ្ចូលនៅក្នុងរចនាប័ទ្មកំពង់ព្រះ មានដូចជាប្រាសាទកំពង់ព្រះ ប្រាសាទអកយំ (ផ្នែកបុរាណ) ប្រាសាទត្រពាំងផុង (ផ្នែកបុរាណ) ជាដើម។ ប្រាសាទសឹងតែទាំងអស់ គឺសាងសង់ដូចជាសម័យមុនៗដែរ គឺសង់នៅលើដីរាប លើកលែងតែប្រាសាទអកយំមួយទេ ដែលគេសង់នៅលើខឿនជាច្រើនជាន់។

៥៖ រចនាប័ទ្មគូលែន

រចនាប័ទ្មគូលែន ត្រូវបានបង្កើតឡើងចាប់ពីដើមសតវត្សទី៩ ដល់ចុងសតវត្សទី៩ ស្ថិតនៅក្នុងរជ្ជកាលព្រះបាទជ័យវម៌្មទី២ (៨០២-៨៥០) ដែលមានរាជធានីនៅជាច្រើនកន្លែង ដូចជានៅឥន្ទ្របុរៈ កុតិ ហរិហរាល័យ អម្រេន្ទ្របុរៈ មហេន្ទ្របវ៌តជាដើម។ ចំពោះប្រាសាទដែលគេរាប់បញ្ចូលនៅក្នុងរចនាប័ទ្មនេះ មានដូចជាក្រុមប្រាសាទនៅលើភ្នំគូលែន ប្រាសាទដំរីទ្រោមជាដើម។

៦៖ រចនាប័ទ្មព្រះគោ

រចនាប័ទ្មព្រះគោ ត្រូវបានបង្កើតឡើងចាប់ពីចុងសតវត្សទី១ ដល់សតវត្សទី៩ ស្ថិតនៅក្នុងរជ្ជកាលព្រះបាទឥន្ទ្រវម៌្មទី១ (៨៧៧-៨៨៩) ដែលព្រះអង្គគង់នៅរាជធានីហរិហរាល័យ (តំបន់រលួស ខេត្តសៀមរាប)។ ប្រាសាទក្នុងរចនាប័ទ្មនេះ ច្រើនតែកសាងអំពីឥដ្ឋបូកបាយអដដែល ប៉ុន្ដែគេកសាងប្រាង្គជាច្រើនលើខឿនតែមួយ ដូចជាប្រាសាទព្រះគោជាដើម។ ម្យ៉ាងទៀត គេបានកសាងប្រាសាទភ្នំដែលសង់អំពីថ្មភក់មានច្រើនជាន់ ដើម្បីតម្កល់លិង្គព្រះឥសូរ ឬ សិវលិង្គ ដូចជាប្រាសាទបាគងជាដើម។

៧៖ រចនាប័ទ្មបាខែង

រចនាប័ទ្មបាក់ខែង ត្រូវបានបង្កើតឡើងចាប់ពីចុងសតវត្សទី៩ ដល់ដើមសតវត្សទី១០ ក្នុងរជ្ជកាលព្រះបាទយសោវម៌្មទី១ (៨៨៩-៩០០) ដែលមានរាជធានីនៅក្រុងអង្គរទី១ (ភ្នំបាខែង) ចំពោះប្រាសាទដែលចាត់បញ្ចូលក្នុងរចនាប័ទ្មនេះ មានដូចជាប្រាសាទភ្នំបាខែង ប្រាសាទភ្នំក្រោម ប្រាសាទភ្នំបូកជាដើម។ នៅក្នុងសម័យនេះ រូបបដិមាទាំងឡាយមានរាងត្រង់ៗ មានមាឌធំមាំមួន ចញ្ចើមទាំងពីរត្រង់ហើយជាប់គ្នា។ ចំណែកឯភ្នែក និងបបូរមាត់វិញ បដិមាករបានឆ្លាក់ឱ្យឃើញជារង្វង់ពីរផ្នត់យ៉ាងច្បាស់។ ជើងសក់ និងពុកចង្កាត្រូវបានគេរចនាឡើងឱ្យជាប់គ្នាតែម្ដង។ រូបបដិមាទាំងនេះមានស្លៀកសំពត់ជីបជាផ្នត់ជុំវិញខ្លួន ហើយមានជាយខាងលើបត់ជាផ្នត់ៗទម្លាក់ចុះមកក្រោម។

៨៖ រចនាប័ទ្មកោះកេរ

រចនាប័ទ្មកោះកេរ ត្រូវបានបង្កើតឡើងនៅសតវត្សទី១០ ក្នុងរជ្ជកាលព្រះបាទជ័យវម៌្មទី៤ (៩២៨-៩៤១) ខណៈព្រះអង្គបានតាំងរាជធានីនៅតំបន់កោះកេរ (កោះកែ ឬ កោះកេរ្តិ៍)។ ប្រាសាទដែលចាត់បញ្ចូលនៅក្នុងរចនាប័ទ្មនេះ គឺក្រុមប្រាសាទនៅតំបន់កោះកែទាំងអស់ ហើយនៅក្នុងចំណោមប្រាសាទទាំងនោះ គេឃើញមានប្រាសាទប្រាង្គ (ប្រាសាទរាជ្យ) សង់លើខឿនប្រាំពីរជាន់ ដែលមានកម្ពស់ប្រមាណ ៣៥ ម៉ែត្រ រាងដូចពីរ៉ាមីត។ រីឯរូបបដិមាមានសភាពប្រហាក់ប្រហែលគ្នាទៅនឹងសម័យមុនៗដែរ (ដើមសម័យអង្គរ) តែមានមាឌធំៗប្រកបដោយកិរិយាផ្សេងៗ ដូចជាកិរិយាដើរ កិរិយារាំ ឬកាយវិការប្រយុទ្ធគ្នាជាដើម ដើម្បីបង្ហាញអំណាច និងថាមពលឱ្យស្របទៅតាមព្រះទ័យនៃព្រះបាទជ័យវម៌្មទី៤។

៩៖ រចនាប័ទ្មបន្ទាយស្រី

រចនាប័ទ្មបន្ទាយស្រី ត្រូវបានបង្កើតឡើងពាក់កណ្ដាលទី២ នៃសតវត្សទី១០ ក្នុងរជ្ជកាលព្រះបាទរាជេន្ទ្រវម៌្មទី២ (៩៤៤-៩៦៨) ដែលទ្រង់បានប្ដូររាជធានីពីកោះកែទៅក្រុងអង្គរវិញ។ ចំពោះប្រាសាទដែលចាត់បញ្ចូលក្នុងរចនាប័ទ្មនេះ មានដូចជាប្រាសាទបន្ទាយស្រី ប្រាសាទមេបុណ្យខាងកើត ប្រាសាទប្រែរូបជាដើម។ ចំណែករូបបដិមាវិញមានរាងតូចៗ ទឹកមុខសុភាព បបូរមាត់ក្រាស់ហើយខ្លី មានរបៀបតុបតែងម៉ូតសក់ថ្មី ហើយភាគច្រើនពុំមានមកុដឡើយ។ បដិមាទាំងនោះមានស្លៀកសំពត់ជីបជាផ្នត់ផង សំពត់លាតរលីងផង។ល។

១០៖ រចនាប័ទ្មឃ្លាំង

រចនាប័ទ្មឃ្លាំង ត្រូវបានបង្កើតឡើងចាប់ពីចុងសតវត្សទី១០ ដល់ពាក់កណ្ដាលទី១ នៃសតវត្សទី១១ ក្នុងរជ្ជកាលព្រះបាទជ័យវម៌្មទី៥ (៩៦៨-១០០១) និងព្រះបាទសូរ្យវម៌្មទី១ (១០០២-១០៥០) ដែលមានរាជធានីនៅក្រុងអង្គរទី១។ ប្រាសាទដែលចាត់បញ្ចូលក្នុងរចនាប័ទ្មនេះ មានដូចជាប្រាសាទតាកែវ ប្រាសាទឃ្លាំងខាងជើង ប្រាសាទភិមានអាកាសជាដើម។ ស្ថាបត្យកម្ម ភាគច្រើនជាប្រាសាទភ្នំ សង់អំពីថ្មភក់ ពោលគឺលែងមានប្រាសាទសង់ឡើងអំពីឥដ្ឋទៀតហើយ។ ចំពោះរូបបដិមាវិញ មានទឹកមុខសុភាពដូចរចនាប័ទ្មបន្ទាយស្រីដែរ គឺស្លៀកបំពាក់ជីបជាផ្នត់ជាដរាប ហើយគេឃើញសំពត់មួយថ្មីប្លែកពីមុន គឺខាងក្រោយសំពត់ ត្រូវបានគេរចនាអន្លាយឡើងរហូតដល់ខ្នង ឯខាងមុខធ្លាក់សំយេះមកក្រោម។

១១៖ រចនាប័ទ្មបាពួន

រចនាប័ទ្មបាពួន ត្រូវបានបង្កើតឡើងនៅពាក់កណ្ដាលទី២ នៃសតវត្សទី១១ ក្នុងរជ្ជកាលព្រះបាទឧទយទិត្យវម៌្មទី២ (១០៥០-១០៦៦) និងព្រះបាទហស៌វម៌្មទី៣ (១០៦៦-១០៨០) ដែលមានរាជធានីនៅក្រុងអង្គរទី២ (ប្រាសាទបាពួន)។ ចំពោះប្រាសាទដែលចាត់បញ្ចូលក្នុងរចនាប័ទ្មនេះ មានដូចជាប្រាសាទបាពួន ប្រាសាទមេបុណ្យខាងលិចជាដើម។ ការកសាងប្រាសាទក្នុងរចនាប័ទ្មនេះ គឺច្រើនតែជាប្រាសាទភ្នំ មានថែវពីរជាន់ ថែវនីមួយៗមានដំបូលប្រក់ថ្មភក់ និងមានប្រាង្គនៅគ្រប់ជ្រុងថែវ និងមានគោបុរៈនៅត្រង់ជណ្ដើរគ្រប់ទិសទាំងបួនទៀត។

១២៖ រចនាប័ទ្មអង្គរវត្ដ

រចនាប័ទ្មអង្គរវត្ដ ត្រូវបានបង្កើតឡើងនៅពាក់កណ្ដាលទី១ នៃសតវត្សទី១២ ក្នុងរជ្ជកាលព្រះបាទសូរ្យវម៌្មទី២ (១១១៣-១១៤៥) ដែលមានរាជធានីនៅក្រុងអង្គរដែរ។ ប្រាសាទដែលចាក់បញ្ចូលក្នុងរចនាប័ទ្មនេះ មានប្រាសាទអង្គរវត្ត ប្រាសាទបេងមាលា ប្រាសាទបន្ទាយសំរែជាដើម។ នៅក្នុងរចនាប័ទ្មនេះដែរ ស្ថាបត្យកម្មខ្មែរមានការរីកចម្រើនឡើងដល់កំពូល។ ប្រាសាទដែលសាងសង់ក្នុងរចនាប័ទ្មអង្គរវត្ត គឺដើម្បីឧទ្ទិសថ្វាយព្រះវិស្ណុ ឬព្រះនរាយណ៍។

១៣៖ រចនាប័ទ្មបាយ័ន

រចនាប័ទ្មបាយ័ន ត្រូវបានបង្កើតឡើងចាប់ពាក់កណ្ដាលទី១ នៃសតវត្សទី១២ ដល់ដើមសតវត្សទី១៣ គឺនៅក្នុងរជ្ជកាលព្រះបាទជ័យវម៌្មទី៧ (១១៨១-១២១៨)។ ប្រាសាទដែលចាត់បញ្ជូលក្នុងរចនាប័ទ្មនេះ មានប្រាសាទបាយ័ន ប្រាសាទបន្ទាយឆ្មារ ប្រាសាទតាព្រហ្ម ប្រាសាទព្រះខ័ន ប្រាសាទនាគព័ន្ធ ប្រាសាទបន្ទាយក្ដីជាដើម។ ប្រាសាទទាំងឡាយច្រើនស្ថាបនាដោយប្រញាប់ប្រញាល រីឯថ្មវិញក៏ពុំសូវមានគុណភាពដូចសម័យមុនៗដែរ។ ប្រាសាទទាំងឡាយសុទ្ធតែសង់នៅលើដីរាបស្មើបែបជាវត្តអារាម ដើម្បីស្របទៅតាមទស្សនៈនៃព្រះពុទ្ធសាសនា។ លក្ខណៈពិសេសនៃរចនាប័ទ្មនេះ គឺមានមុខបួនញញឹមប្រិយប្រិយ និងបង្កាន់ដៃជានិម្មិតរូបនៃការកូរសមុទ្រទឹកដោះ។

នៅលើជញ្ជាំងថែវខាងក្រៅនៃប្រាសាទបាយ័ន និងប្រាសាទបន្ទាយឆ្មារ គេសង្កេតឃើញក្បាច់រឿងដែលទាក់ទងទៅនឹងចម្បាំងខ្មែរ-ចាម ជីវភាពរស់នៅរបស់ប្រជារាស្ត្រ និងបដិសណ្ឋារកិច្ចចំពោះគណៈប្រតិភូបរទេសជាដើម។

ជាការពិតណាស់ រចនាប័ទ្មស្ថាបត្យកម្មបុរាណខ្មែរទាំង ១៣ នេះ គឺនៅមានលក្ខណៈពិសេសៗជាច្រើនទៀត។ ក្រៅពីរចនាប័ទ្មទាំង ១៣ ខាងលើនេះ ខ្មែរយើងក៏នៅមានរចនាប័ទ្មសម័យកណ្ដាលផ្សេងទៀតផងដែរ ដែលគេឃើញមាននៅតាមប្រាសាទសម័យកណ្ដាល ចេតិយ ព្រះវិហារ ក៏ដូចជាស្ថាបត្យកម្មជាច្រើនទៀត តួយ៉ាងដូចជាចេតិយបុរាណនៅតំបន់វិហារសួគ៌ និងស្រីសន្ធរ ប្រាង្គកណ្ដាលនៅប្រាសាទនគរបាជ័យ វត្តភ្នំ ចេតិយរបស់ព្រះមហាក្សត្រនៅភ្នំព្រះរាជទ្រព្យជាដើម៕