(ពិភពលោក)៖ ក្នុងចំណោមភាពអស្ចារ្យជាច្រើនដែលមាតាធម្មជាតិបានបង្កើតឡើង វាប្រាកដណាស់ថា វាល់ខ្សាច់ គឺជាបាតុភូតដ៏គួរឲ្យចាប់អារម្មណ៍បំផុតមួយនៅលើផែនដីយើង។ វាល់ខ្សាច់ ត្រូវគេឲ្យនិយមន័យថា ជាកន្លែងដែលគ្មានទទួលរង ឬទទួលរង តិចតួចបំផុត នូវកំណកអាកាស ដូចជាភ្លៀងនិងព្រិល ពេញមួយឆ្នាំៗ។ ប្រការនេះ ធ្វើឲ្យពួកវាជាកន្លែងពិបាករស់នៅ ទាំងសម្រាប់សត្វ រុក្ខជាតិ និងសូម្បីតែមនុស្ស។
នៅពេលនិយាយពីវាលខ្សាច់ មនុស្សភាគច្រើនប្រហែលគិតអំពីតំបន់ក្តៅហួតហែង ដែលគ្មានអ្វីផ្សេងក្រៅតែពីដីខ្សាច់ឡើយ។ វាជាការពិតដែលវាលខ្សាច់ភាគច្រើន គឺបែបនេះ ប៉ុន្តែក៏មានវាលខ្សាច់ដែលត្រជាក់ផងដែរ។ ផ្ទុយទៅវិញនោះ វាលខ្សាច់ប្រភេទនេះកាន់តែមិនអំណោយផលចំពោះជីវិត និងការរស់នៅជាងវាលខ្សាច់ក្តៅទៅទៀត។
យ៉ាងណាក្តី ទោះក្តៅឬត្រជាក់ តំបន់វាលខ្សាច់មួយចំនួនអាចលាតសន្ធឹងលើផ្ទៃដីធំបំផុត។ សម្រាប់តំបន់វាលខ្សាច់ធំៗបំផុតទាំង ១០ ដែលនឹងរៀបរាប់ដូចខាងក្រោមនេះ គឺធំជាងប្រទេសជាច្រើននៅលើផែនដីទៅទៀត។
១០៖ តំបន់វាលខ្សាច់ឈីវ័រវ័ន
តំបន់វាលខ្សាច់ឈីវ័រវ័ន (Chihuahuan Desert) មានទំហំប្រមាណ ៣៦០,០០០ គីឡូម៉ែត្រក្រឡា។ វាមានទីតាំងស្ថិតនៅតំបន់ខាងជើង ដោយផ្នែកខ្លះនៅក្នុងទឹកដីសហរដ្ឋអាមេរិក និងខ្លះទៀតនៅក្នុងទឹកដីប្រទេសម៉ិកស៉ិក។ តំបន់វាលខ្សាច់នេះមានប្រភេទជាវាលខ្សាច់ក្តៅ តែមិនសូវហួតហែងទេ។
៩៖ តំបន់វាលខ្សាច់ហ្គ្រេតបេសិន
តំបន់វាលខ្សាច់ហ្គ្រេតបេសិន (Great Basin Desert) លាតសន្ធឹងប្រមាណ ៤៩០,០០០ គីឡូម៉ែត្រក្រឡា។ វាមានទីតាំងស្ថិតនៅសហរដ្ឋអាមេរិក ក្នុងរដ្ឋណេវ៉ាដា (Nevada) និងរដ្ឋយូថះ (Utah)។ តំបន់វាលខ្សាច់នេះជាប្រភេទតំបន់វាលខ្សាច់ត្រជាក់។
៨៖ តំបន់វាលខ្សាច់ស៉ីរី
តំបន់វាលខ្សាច់ស៉ីរី (Syrian Desert) មានទំហំប្រមាណ ៥២០,០០០ គីឡូម៉ែត្រក្រឡា។ វាមានទីតាំងស្ថិតនៅតំបន់មជ្ឈិមបូព៌ា ដោយស្ថិតនៅក្នុងប្រទេសស៉ីរី ហ៊្សកដានី និងអ៉ីរ៉ាក់។ តំបន់វាលខ្សាច់នេះជាប្រភេទតំបន់វាលខ្សាច់ក្តៅ តែមិនសូវហួតហែងទេ។
៧៖ តំបន់វាលខ្សាច់ប៉ាតាហ្គោនី
វាលខ្សាច់ប៉ាតាហ្គោនី (Patagonian Desert) ជាតំបន់មានទំហំប្រមាណជា ៦៧០,០០០ គីឡូម៉ែត្រក្រឡា។ វាមានទីតាំងស្ថិតនៅតំបន់អាមេរិកខាងត្បូង លាតសន្ធឹងលើប្រទេសអាហ្សង់ទីន និងស៉ីលី (Chile)។ តំបន់វាលខ្សាច់នេះ ជាប្រភេទវាលខ្សាច់ត្រជាក់។
៦៖ តំបន់វាលខ្សាច់កាឡាហារី
តំបន់វាលខ្សាច់កាឡាហារី (Kalahari Desert) មានទំហំ ៩៣០,០០០ គីឡូម៉ែត្រក្រឡា។ វាមានទីតាំងស្ថិតនៅតំបន់ភាគខាងត្បូងនៃទ្វីបអាហ្រ្វិក លាតសន្ធឹងលើប្រទេសបុតស្វាណា ប្រទេសណាមីប៊ី និងប្រទេសអាហ្រ្វិកខាងត្បូង។ វាលខ្សាច់នេះជាប្រភេទវាលខ្សាច់ក្តៅ តែមិនសូវហួតហែង។
៥៖ តំបន់វាលខ្សាច់ហ្គោប៊ី
តំបន់វាលខ្សាច់ហ្គោប៊ី (Gobi Desert) លាតសន្ធឹងប្រមាណ ១.៣ លានគីឡូម៉ែត្រក្រឡា។ វាមានទីតាំងស្ថិតនៅតំបន់អាស៉ីបូព៌ា លាតសន្ធឹងលើប្រទេសចិន និងម៉ុងហ្គោលី។ វាលខ្សាច់នេះជាប្រភេទវាលខ្សាច់ត្រជាក់។
៤៖ តំបន់វាលខ្សាច់អារ៉ាប់
តំបន់វាលខ្សាច់អារ៉ាប់ (Arabian Desert) មានទំហំប្រមាណ ២.៣ លានគីឡូម៉ែត្រក្រឡា។ វាមានទីតាំងស្ថិតនៅតំបន់មជ្ឈិមបូព៌ា លាតសន្ធឹងលើប្រទេសអារ៉ាប៊ីសាអូឌីត អូម៉ង់ យេម៉ែន អ៉ីរ៉ាក់ អេមីរ៉ាត់អារ៉ាប់រួម ហ៊្សកដានី បារ៉ែន និងកាតា។ វាលខ្សាច់នេះជាប្រភេទវាលខ្សាច់ក្តៅ ហើយស្ងួតហួតហែងខ្លាំង។
៣៖ តំបន់វាលខ្សាច់សាហារ៉ា
តំបន់វាលខ្សាច់សាហារ៉ា (Sahara Desert) លាតសន្ធឹងរហូតដល់ប្រមាណ ៩.២ លានគីឡូម៉ែត្រក្រឡា។ វាមានទីតាំងស្ថិតនៅតំបន់ភាគខាងជើងនៃទ្វីបអាហ្រ្វិក លាតសន្ធឹងលើប្រទេសអាល់ហ្សេរី លីប៊ី សាធារណរដ្ឋឆាដ អេហ្ស៉ីប ម៉ូរីតានី ម៉ាលី ម៉ារ៉ុក ស៊ូដង់ និងទុយណេស៉ី។ វាលខ្សាច់នេះជាប្រភេទវាលខ្សាច់ក្តៅ ហើយស្ងួតហួតហែង។
២៖ តំបន់វាលខ្សាច់អាក់ទិក
តំបន់វាលខ្សាច់អាក់ទិក (Arctic Desert) មានទំហំធំធេងណាស់ គឺរហូតដល់ ១៣.៩ លានគីឡូម៉ែត្រក្រឡាឯណោះ។ វាមានទីតាំងស្ថិតនៅតំបន់ប៉ូលខាងជើង លាតសន្ធឹងលើផ្នែកខ្លះនៃប្រទេសកាណាដា កោះគ្រីនលែនរបស់ដាណឺម៉ាក អ៉ីស្លង់ ន័រវែស ស៊ុយអែត ហ្វាំងឡង់ រុស្ស៉ី និងរដ្ឋអាឡាស្ការបស់សហរដ្ឋអាមេរិក។ វាលខ្សាច់យក្សនេះមានប្រភេទជាវាលខ្សាច់ត្រជាក់តំបន់ប៉ូលខាងជើង។
១៖ តំបន់វាល់ខ្សាច់អង់តាក់ទិក
តំបន់វាលខ្សាច់អង់តាក់ទិច (Antarctic Desert) មានទំហំធំមហាសែនធំខ្លាំងណាស់ គឺលាតសន្ធឹងរហូតដល់ ១៤.២ លានគីឡូម៉ែត្រក្រឡា។ វាមានទីតាំងស្ថិតនៅលើទ្វីបទឹកកកអង់តាក់ទិចទាំងមូលនៃប៉ូលខាងត្បូង ហើយវាលខ្សាច់ធំជាងគេបំផុតនេះ ក៏ត្រូវគេចាត់ប្រភេទជាវាលខ្សាច់ត្រជាក់តំបន់ប៉ូលផងដែរ គឺមានតែពីរប៉ុណ្ណោះ៕