(ពិភពលោក)៖ ដើម្បីពន្យល់ឱ្យបានច្បាស់ពាក់ព័ន្ធនឹងអត្ថន័យនៃពាក្យ «តំបន់រដ្ឋបាលពិសេស» និង «តំបន់ស្វយ័ត» Fresh News Plus សូមបកស្រាយអត្ថន័យពាក្យទាំងពីរនេះ ហើយដើម្បីឲ្យកាន់តែមានភាពងាយស្រួលក្នុងពន្យល់ យើងខ្ញុំសូមលើកយកករណីប្រទេសចិនមកបង្ហាញតែម្តង។
តំបន់រដ្ឋបាលពិសេស តាមពាក្យបច្ចេកទេសគេហៅថា Special Administrative Region (SAR) រីឯតំបន់ស្វយ័ត ពាក្យបច្ចេកទេសហៅថា Autonomous Region (AR)។
នៅប្រទេសចិន រចនាសម្ពន្ធគ្រប់គ្រងដែនដីត្រូវបានបែងចែកជា៖
* ខេត្តចំនួន ២៣ រួមមាន៖ ខេត្តហឺណាន (Henan) ក្វាងទុង ឬហ្គ័ងទុង Guangdoong) ហៃណាន ឬហាយណាន (Hainan) ចឺជាំង (Zhejiang) យូណាន ឬហួយណាន (Yunnan) សានទុង (Shandong) ស៉ីឈួន ឬស៉ីឈ័ន (Sichuan) ជាំងស៊ូ (Jiangsu) ហ្វ៊ូជាន (Fujian) ហ៊ូណាន (Hunan) អានហួយ (Anhui) ហ៊ូប៉ី (Hubei) កានស៊ូ (Gansu) គួយចូវ (Guizhou) ហីឡុងជាំង (Heilongjiang) ហឺប៉ី (Hebei) ជាំងស៉ី (Jiangxi) លាំងនីង (Liaoning) ឈីងហៃ (Qinghai) សានស៉ី (Shaanxi) សាន់ស៉ី (Shanxi) ជីលីន (Jilin) និងខេត្តតៃវ៉ាន់។
* តំបន់ស្វយ័តចំនួន ៥ រួមមាន៖ តំបន់ស៉ីនជាំង តំបន់ទីបេ តំបន់ម៉ុងហ្គោលីក្នុង តំបន់ក្វាងស៉ី និងតំបន់នីងសៀ។
* ទីក្រុងពិសេសចំនួន ៤ រួមមាន៖ ទីក្រុងប៉េកាំង ទីក្រុងសៀងហៃ ទីក្រុងឆុងឈីង (Chongqing) និងទីក្រុងធានជីន។
* តំបន់រដ្ឋបាលពិសេសចំនួន ២ រួមមាន៖ តំបន់រដ្ឋបាលពិសេសហុងកុង និងតំបន់រដ្ឋបាលពិសេសម៉ាកាវ។
មែនទែនទៅ តំបន់រដ្ឋបាលពិសេសរបស់ចិន ឬ SAR ក៏ជាទីតាំងស្វយ័តដែរ ប៉ុន្តែតំបន់នេះមានលក្ខណៈពិសេសជាងតំបន់ស្វយ័ត ដែលគេស្គាល់ក្នុងសំណេរអក្សរកាត់ថា AR។
* តំបន់រដ្ឋបាលពិសេស (SAR)
SAR គឺជាទីតាំងមួយដែលស្ថិតក្រោមការគ្រប់គ្រងប្រទេសមួយ ប៉ុន្តែអាចរក្សាដោយឡែកលើប្រព័ន្ធនយោបាយ និងប្រព័ន្ធសេដ្ឋកិច្ច។ នៅប្រទេសចិន មានតំបន់រដ្ឋបាលពិសេសចំនួន ២ គឺទីក្រុងហុងកុង និងទីក្រុងម៉ាកាវ ដែលបានរក្សាប្រព័ន្ធច្បាប់ ប្រព័ន្ធរដ្ឋបាល និងប្រព័ន្ធតុលាការដោយឡែកពីរដ្ឋាភិបាលកណ្តាលនៅរដ្ឋធានប៉េកាំង។
តំបន់រដ្ឋបាលពិសេសរបស់ចិនបានរីករាយនឹងសិទ្ធិស្វ័យសម្រេច ដែលមានកម្រិតខ្ពសរបស់ខ្លួន ក្នុងនាមជា «ប្រទេសមួយ ប្រព័ន្ធពីរ» ហើយគំនិតនេះបង្កើតឡើងដោយអតីតប្រធានាធិបតី តេង ស៊ាវភីង។ សព្វថ្ងៃនេះ មានតំបន់រដ្ឋបាលពិសេសចំនួន ២ ដែលស្ថិតនៅក្នុងភាគខាងត្បូងប្រទេស គឺក្រុងហុងកុង អតីតដែនដីអាណាព្យាបាលអង់គ្លេស ដែលត្រូវបានប្រគល់ជូនចិនវិញនៅឆ្នាំ១៩៩៧ ហើយមួយទៀតគឺក្រុងម៉ាកាវ ដែលជាអតីតដែនដីអាណាព្យាបាលព័រទុយហ្កាល់ ដែលត្រូវបានប្រគល់ជូនចិនវិញនៅឆ្នាំ១៩៩៩។
យោងតាមកិច្ចព្រមព្រៀងដែលបានធ្វើជាមួយចក្រភពអង់គ្លេស និងព័រទុយហ្កាល់ កាលពីឆ្នាំ១៩៨០ ហុងកុង និងម៉ាកាវនឹងបន្តមានប្រព័ន្ធខុសពីចិនរហូតដល់ឆ្នាំ២០៤៧ និងឆ្នាំ២០៤៩ រៀងៗគ្នា។ អំឡុងពេល ៥០ ឆ្នាំ ក្នុងលក្ខខណ្ឌជាទីតាំងស្វយ័ត, តំបន់រដ្ឋបាលពិសេសទាំងនេះត្រូវបានអភិបាលដោយច្បាប់ជាគោល និងរដ្ឋធម្មនុញ្ញជាក់លាក់។ ប្រការនេះធ្វើឲ្យហុងកុង និងម៉ាកាវមានការសម្រេចកិច្ចការដោយខ្លួនឯង អនុវត្តច្បាប់ដោយខ្លួនឯង ក៏ដូចជាមានសេរីភាពលើប្រព័ន្ធយុត្តិធម៌ ប៉ុន្តែការទទួលខុសត្រូវផ្នែកការពារជាតិ និងកិច្ចការងារការទូត ជាបន្ទុករបស់រដ្ឋាភិបាលកណ្តាល ឬហៅម្យ៉ាងថារបស់រដ្ឋធានីប៉េកាំង។ មេដឹកនាំតំបន់រដ្ឋបាលពិសេស មានឋានៈជាប្រធានប្រតិបត្តិ។
* តំបន់ស្វយ័ត (AR)
វចនានុក្រមរបស់សម្តេច ជួន ណាត បានឲ្យដឹងនិយមន័យថា «ស្វយ័ត» សំដៅដល់ការប្រកបដោយស្វ័យភាព ឬដែលមានសេរីភាពចាត់ចែងកិច្ចការគ្រប់យ៉ាងតាមច្បាប់របស់ខ្លួន។
មិនខុសគ្នានោះដែរ តំបន់ស្វយ័តទាំង ៥ នៅប្រទេសចិន រួមមាន តំបន់ស៉ីនជាំង ទីបេ ម៉ុងហ្គោលីក្នុង នីងសៀ និងក្វាងស៉ី សុទ្ធតែត្រូវរដ្ឋាភិបាលកណ្តាលផ្តល់សិទ្ធិស្វ័យសម្រេចទាំងអស់ទៅលើចំណុចពិសេសជាក់លាក់។ សម្រាប់ប្រទេសចិន តំបន់ស្វយ័តជាទីតាំងដែលមានរដ្ឋាភិបាលថ្នាក់តំបន់ ប៉ុន្តែស្ថិតក្រោមការដឹកនាំដោយផ្ទាល់ពីរដ្ឋាភិបាលកណ្តាល និងត្រូវបានបង្កើតឡើងសម្រាប់តែផ្តល់សិទ្ធិឲ្យជនជាតិភាគតិចមានសិទ្ធិស្វ័យសម្រេច។
ក្នុងប្រទេសចិននេះទៀតសោត តំបន់ស្វយ័តប្រៀបបីដូចជាខេត្តមួយអ៉ីចឹង ប៉ុន្តែតំបន់ស្វយ័តត្រូវបានបង្កើតឡើង មានគោលបំណងអ្វីមួយ ខណៈខេត្តជាការកំណត់បែបបទក្នុងរចនាសម្ពន្ធដឹកនាំទូទៅ។ ក្នុងន័យនេះ តំបន់ស្វយ័តត្រូវបានបែងចែកជាក្រុង ឬស្រុកស្វយ័ត ហើយក្រុង ឬស្រុកស្វយ័ត ត្រូវបែងចែកជាសង្កាត់ ឬសង្កាត់ក្រុមជនជាតិភាគតិច និងភូមិ។
គេអាចសរុបសេចក្តីថា តំបន់ស្វយ័ត (AR) មានសិទ្ធិតិចតួចជាងតំបន់រដ្ឋបាលពិសេស (SAR) ត្រង់ថា វាមិនមានច្បាប់ដោយឡែក និងមិនមានសេរីភាពខាងប្រព័ន្ធយុត្តិធម៌ឡើយ។ គេអាចនិយាយឲ្យកាន់តែងាយយល់នោះ គឺតំបន់រដ្ឋបាលពិសេសមានន័យធំធេងស្មើនឹងរដ្ឋចំណុះមួយ គ្រាន់តែគ្មានសិទ្ធិយោធា និងការទូតប៉ុណ្ណោះ៕