(អាស៉ី)៖ គិតមកដល់ខែសីហា ឆ្នាំ២០២១ តំបន់រដ្ឋបាលស្វយ័ត (Autonomous Region ហៅកាត់ថា AR) នៅជុំវិញពិភពលោក មានចំនួនដល់ទៅ ១១៩ តំបន់ឯណោះ ខណៈសហព័ន្ធរុស្ស៉ីគឺជាប្រទេសដែលមានតំបន់ស្វយ័តច្រើនជាងគេ ក្នុងចំណោមប្រទេសទាំង ៣៨ ដែលមានតំបន់ស្វយ័តនោះ។ Fresh News Plus សូមលើកឡើងជាភាគៗទៅតាមប្រទេសនីមួយៗ ខណៈប្រទេសខ្លះក៏មានតំបន់ស្វយ័តនៅទ្វីប ឬតំបន់ដទៃផងដែរ។
បណ្ដាប្រទេសនៅទ្វីបអាស៉ី និងតំបន់មហាសមុទ្រប៉ាស៉ីហ្វិក មានតំបន់រដ្ឋបាលស្វយ័តសរុបចំនួន ៣០ ក្នុងនោះរួមមាន៖
១៖ ប្រទេសចិន
សាធារណរដ្ឋប្រជាមានិតចិន មានតំបន់រដ្ឋបាលស្វយ័តរបស់ខ្លួនចំនួន ៥ ក្នុងនោះរួមមាន៖
* តំបន់ក្វាងស៉ី (Guangxi) ជាតំបន់ស្វយ័តដ៏ធំមួយនៅភាគខាងត្បូងប្រទេសចិន ជាប់នឹងប្រទេសវៀតណាម និងឈូងសមុទ្រតុងកឹង (Gulf of Tonkin)។ ទីក្រុងរដ្ឋបាលរបស់តំបន់ស្វយ័តនេះមានឈ្មោះថា ទីក្រុងណាននីង (Nanning)។
* តំបន់ម៉ុងហ្គោលីក្នុង (Inner Mongolia) ជាតំបន់ស្វយ័តដ៏ធំមួយនៅភាគខាងជើងប្រទេសចិន មានព្រំប្រទល់ជាប់ជាមួយប្រទេសម៉ុងហ្គោលី និងប្រទេសរុស្ស៉ី។ ទីក្រុងរដ្ឋបាលរបស់តំបន់ម៉ុងហ្គោលីក្នុងនេះមានឈ្មោះថា ទីក្រុងហ៊ូហឺហាវតឺ (Huhehaote)។
* តំបន់នីងស៊ា (Ningxia) ជាតំបន់ស្វយ័តដែលតូចជាងគេក្នុងចំណោមតំបន់ស្វយ័តទាំង ៥ របស់ប្រទេសចិន ដែលមានព្រំប្រទល់ជាប់ជាមួយតំបន់ម៉ុងហ្គោលីក្នុង។ ទីក្រុងរដ្ឋបាលរបស់តំបន់នេះមានឈ្មោះថា ទីក្រុងយីនឈ័ន (Yinchuan)។
* តំបន់ស៉ីនជាំង (Xinjiang) ជាតំបន់ស្វយ័តដែលធំជាងគេបំផុតរបស់ប្រទេសចិន ហើយមានព្រំប្រទល់ជាប់ជាមួយប្រទេសមួយចំនួន ដូចជា ម៉ុងហ្គោលី រុស្ស៉ី កាហ្សាក់ស្ថាន កៀហ្ស៉ីស៉ីស្ថាន តាជីគីស្ថាន អាហ្វហ្កានីស្ថាន ប៉ាគីស្ថាន និងឥណ្ឌា។ ទីក្រុងរដ្ឋបាលរបស់ស៉ីនជាំងមានឈ្មោះថា ទីក្រុងអ៊ូរូម័រឈី (Ürümqi) ខណៈជនជាតិចិនហៅឈ្មោះទីក្រុងនេះថា ទីក្រុងទីហ្វា (Dihua)។
* តំបន់ទីបេ (Tibet) ជាតំបន់ស្វយ័តដ៏ធំបន្ទាប់ពីតំបន់ស៉ីនជាំង ដែលស្ថិតនៅភាគខាងលិចប្រទេសចិន ហើយមានព្រំប្រទល់ជាប់ជាមួយប្រទេសឥណ្ឌា មីយ៉ាន់ម៉ា ប៊ូតង់ នេប៉ាល់ និងតំបន់កាស្មៀ។ ជនជាតិទីបេភាគច្រើនជាអ្នកកាន់ព្រះពុទ្ធសាសនាមហានិកាយ។
ក្រៅពីតំបន់រដ្ឋបាលស្វយ័តទាំង ៥ ខាងលើនេះ ប្រទេសចិនក៏នៅមានតំបន់រដ្ឋបាលពិសេសចំនួន ២ ទៀតដែរ គឺតំបន់រដ្ឋបាលពិសេសហុងកុង និងតំបន់រដ្ឋបាលពិសេសម៉ាកាវ។
២៖ ប្រទេសមីយ៉ាន់ម៉ា
សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា មានតំបន់រដ្ឋបាលស្វយ័តចំនួន ៦ ដោយបានកំណត់ឈ្មោះថា Self-Administered Zone ឬហៅកាត់ថា SAZ ក្នុងនោះរួមមាន៖ តំបន់ស្វយ័តដានូ (Danu SAZ) តំបន់ស្វយ័តកូកាង (Kokang SAZ) តំបន់ស្វយ័តណាហ្កា (Naga SAZ) តំបន់ស្វយ័តផាលួង (Pa Laung SAZ) តំបន់ស្វយ័តផាអូ (Pa-O SAZ) និងតំបន់ស្វយ័តវ៉ា (Wa SAZ)។
៣៖ ប្រទេសហ្សកហ្ស៉ី
សាធារណរដ្ឋហ្សកហ្ស៉ី (Republic of Georgia) មានតំបន់រដ្ឋបាលស្វយ័តចំនួន ៣ រួមមាន៖
* អាប់ខាស៉ីយ៉ា (Abkhazia) ជាតំបន់ធំមួយស្ថិតនៅជាប់ប្រទេសរុស្ស៉ី និងត្រើយខាងកើតនៃសមុទ្រខ្មៅ។
* អាត់ចារ៉ា (Adjara) ស្ថិតនៅក្នុងផ្ទៃប្រទេសហ្សកហ្ស៉ីខ្លួនឯង ហើយជាប់នឹងសមុទ្រខ្មៅដែរ។
* អូសស៉ីទីខាងត្បូង (South Ossetia) ជាតំបន់មួយស្ថិតនៅជាប់ព្រំប្រទល់ប្រទេសរុស្ស៉ី។
៤៖ ប្រទេសឥណ្ឌូណេស៉ី
សាធារណរដ្ឋឥណ្ឌូណេស៉ី មានតំបន់រដ្ឋបាលស្វយ័តចំនួន ៤ រួមមាន៖
* យុក្យាការតា (Yogyakarta) ជាតំបន់ស្វយ័តមួយស្ថិតនៅកណ្ដាលកោះជ្វា ដែលជាទីតាំងរបស់ប្រាសាទព្រហ្មបាណន់ (Prambanan Temple) ដ៏ល្បីល្បាញរបស់ឥណ្ឌូណេស៉ី។
* អាចេហ៍ (Aceh) ជាតំបន់ស្វយ័តមួយស្ថិតនៅចុងខាងជើងនៃកោះស៊ូម៉ាត្រា។
* តំបន់ប៉ាពូ (Papua) និងតំបន់ប៉ាពូខាងលិច(West Papua)។ ត្រង់ចំណុចនេះមានន័យថា នៅលើដែនដីកោះប៉ាពូដ៏ធំសម្បើមនេះ ត្រូវបានបែងចែកជាពីរចំណែកធំៗ គឺមួយចំណែកជាប្រទេសប៉ាពូអាស៉ីនូវែលហ្គីណេ (Papua New Guinea) និងមួយចំណែកទៀតជាតំបន់គ្រប់គ្រងដោយប្រទេសឥណ្ឌូណេស៉ី ដោយរដ្ឋាភិបាលឥណ្ឌូណេស៉ីបានបែងចែកចំណែករបស់ខ្លួនជាតំបន់ស្វយ័តចំនួនពីរទៀត គឺតំបន់ប៉ាពូ និងប៉ាពូខាងលិចនេះឯង។
៥៖ ប្រទេសអ៉ីរ៉ាក់
ប្រទេសមជ្ឈិមបូព៌ាមួយនេះមានតំបន់រដ្ឋបាលស្វយ័តចំនួន ១ ដែលកាន់កាប់ដោយរដ្ឋាភិបាលថ្នាក់តំបន់របស់ជនជាតិឃឺដ (Kurdish Regional Government)។
៦៖ ប្រទេសអាស៊ែបៃហ្សង់
សាធារណរដ្ឋអាស៊ែបៃហ្សង់ (Azerbaijan) មានតំបន់រដ្ឋបាលស្វយ័តចំនួន ១ គឺតំបន់ណាក់ឈីវ៉ាន (Nakhchivan)។ ខុសពីតំបន់រដ្ឋបាលស្វយ័តដទៃ ដោយតំបន់រដ្ឋបាលស្វយ័តណាក់ឈីវ៉ាននេះ គឺជាតំបន់ Landlock ខុសពីគេឯង មានន័យថា ថ្វីដ្បិតវាជាតំបន់ស្វយ័តរបស់ប្រទេសអាស៊ែបៃហ្សង់ក៏ពិតមែន ប៉ុន្តែវាស្ថិតនៅចន្លោះរវាងប្រទេស ៣ គឺប្រទេសរ៉ូម៉ានី ប្រទេសតួកគី និងប្រទេសអ៉ីរ៉ាក់ទៅវិញ ពោលគឺមិននៅជាប់ដែនដីនៃប្រទេសអាស៊ែបៃហ្សង់នោះឡើយ។
៧៖ ប៉ាពូអាស៉ីនូវែលហ្គីណេ
ប្រទេសប៉ាពូអាស៉ីនូវែលហ្គីណេ (Papua New Guinea) មានតំបន់រដ្ឋបាលស្វយ័តចំនួន ១ ស្ថិតនៅលើកោះប៊ូហ្គិនវីល (Bougainville Island) ដែលជាតំបន់ប្រជុំកោះធំៗនៅក្នុងដែនសមុទ្រសូឡូម៉ុន (Solomon Sea)។
៨៖ ប្រទេសហ្វីលីពីន
សាធារណរដ្ឋហ្វីលីពីន មានតំបន់រដ្ឋបាលស្វយ័តចំនួន ១ មានឈ្មោះថា បាំងសាម៉ូរ៉ូ (Bangsamoro Autonomous Region) ដែលគ្រប់ដណ្ដប់លើផ្នែកខ្លះនៃកោះមីនដាណាវ (Mindanao) និងនៅតាមបណ្ដាកោះរដិបរដុបមួយចំនួន ដែលនៅក្បែរកោះមីនដាណាវនោះ។
៩៖ ប្រទេសកូរ៉េខាងត្បូង
សាធារណរដ្ឋកូរ៉េ មានតំបន់រដ្ឋបាលស្វយ័តចំនួន ១ គឺខេត្តជេជូ (Jeju) ដែលជាតំបន់កោះតូចមួយនៅច្រកសមុទ្រកូរ៉េ ពោលគឺនៅចន្លោះសមុទ្រលឿង (Yellow Sea) និងកោះគ្យូស៊ូ (Kyushu) នៃប្រទេសជប៉ុន។
១០៖ ប្រទេសតាជីគីស្ថាន
ប្រទេសនៅតំបន់អាស៉ីកណ្ដាលមួយនេះមានតំបន់រដ្ឋបាលស្វយ័តចំនួន ១ មានឈ្មោះថា ហ្គ័រណូ-បាដាកស្ថាន (Gorno-Badakhshan) ដែលនៅជាប់នឹងប្រទេសអាហ្វហ្កានីស្ថាន ប្រទេសកៀហ្ស៉ីស៉ីស្ថាន (Kyrgyzstan) និងតំបន់ស៉ីនជាំង នៃប្រទេសចិន។
១១៖ ប្រទេសអ៊ូបេគីស្ថាន
សាធារណរដ្ឋអ៊ូបេគីស្ថាន (Republic of Uzbekistan) ក៏ជាប្រទេសនៅតំបន់អាស៉ីកណ្ដាលដែរ ខណៈប្រទេសនេះមានសាធារណរដ្ឋការ៉ាកាល់ប៉ាកស្ថាន (Republic of Karakalpakstan) ជាតំបន់រដ្ឋបាលស្វយ័តរបស់ខ្លួន។
១២៖ ប្រទេសនូវែលសេឡង់
ប្រទេសនេះមានតំបន់រដ្ឋបាលស្វយ័តចំនួន ៣ រួមមាន៖
* ប្រជុំកោះឃុក (Cook Islands) ជាតំបន់ប្រជុំកោះតូចៗស្ថិតនៅក្នុងដែនមហាសមុទ្រប៉ាស៉ីហ្វិក ពោលគឺទិសឦសាននៃប្រទេសនូវែលសេឡង់ខ្លួនឯង។
* កោះនុយ (Niue) ជាកោះតូចមួយស្ថិតនៅក្នុងដែនមហាសមុទ្រប៉ាស៉ីហ្វិក ពោលគឺទិសឦសាននៃប្រទេសនូវែលសេឡង់ដែរ។
* កោះធុកខឺឡាវ (Tokelau) ជាកោះតូចមួយស្ថិតនៅក្នុងដែនមហាសមុទ្រប៉ាស៉ីហ្វិក ប៉ុន្តែនៅឆ្ងាយពីប្រទេសនូវែលសេឡង់ជាងតំបន់ស្វយ័តដទៃ។
១៣៖ ប្រទេសអូស្ត្រាលី
ប្រទេសដ៏ធំមួយនេះមានតំបន់រដ្ឋបាលស្វយ័តតែ ១ នោះទេ ដែលស្ថិតនៅតំបន់ប្រជុំកោះទ័ររ៉េសស្ត្រេត (Torres Strait Islands) ដែលស្ថិតក្នុងដែនសមុទ្រអារ៉ាហ្វ៊ូរ៉ា (Arafura Sea) ក្បែរច្រកសមុទ្រអន្តរជាតិ ទ័ររ៉េស (Torres Strait)។
១៤៖ ប្រទេសហ្វ៉ីជី
ប្រទេសដែនកោះមួយនេះមានតំបន់រដ្ឋបាលស្វយ័តចំនួន ១ គឺតំបន់រ៉ូទូម៉ា (Rotuma) ដែលជាកញ្ចុំកោះតូចៗនៅខាងជើងកោះហ្វ៉ីជីខ្លួនឯង ពោលគឺនៅក្នុងដែនមហាសមុទ្រប៉ាស៉ីហ្វិកខាងត្បូងដូចគ្នា។
នៅភាគបន្ទាប់ Fresh News Plus នឹងលើកឡើងអំពីតំបន់រដ្ឋបាលស្វយ័តនៃបណ្ដាប្រទេសនៅទ្វីបអឺរ៉ុបបន្តទៀត៕
ប្រភព៖ គេហទំព័រ Anadolu Agency (AA)
សម្រួលដោយ៖ Fresh News Plus