(អឺរ៉ុប)៖ នៅអត្ថបទភាគ២ Fresh News Plus បានលើកឡើងអំពីតំបន់រដ្ឋបាលស្វយ័តនៃបណ្ដាប្រទេសនៅអាស៉ី និងប៉ាស៉ីហ្វិករួចមកហើយ ដោយក្នុងនោះមានចំនួនសរុប ៣០ តំបន់។ នៅក្នុងអត្ថបទភាគ២នេះ យើងខ្ញុំសូមលើកឡើងតំបន់រដ្ឋបាលស្វយ័តនៃបណ្ដាប្រទេសនៅទ្វីបអឺរ៉ុបវិញម្ដង។
បណ្ដាប្រទេសនៅទ្វីបអឺរ៉ុបនេះមានតំបន់ស្វយ័តសរុបចំនួន ៤៥ ក្នុងនោះរួមមាន៖
១៖ ប្រទេសហ្វាំងឡង់
សាធារណរដ្ឋហ្វាំងឡង់ (Republic of Finland) មានតំបន់រដ្ឋបាលស្វយ័តចំនួន ១ គឺតំបន់កោះអាលែន (Aland Islands) ដែលជាតំបន់ប្រជុំកោះតូចៗនៅចន្លោះសមុទ្របាល់ទិក (Baltic Sea) និងឈូងសមុទ្របូសនី (Gulf of Bothnia) ហើយក៏នៅចន្លោះរវាងប្រទេសហ្វាំងឡង់ខ្លួនឯង និងប្រទេសស៊ុយអែតផងដែរ។
២៖ ប្រទេសន័រវេស
ព្រះរាជាណាចក្រន័រវែស (Kingdom of Norway) មានតំបន់រដ្ឋបាលស្វយ័ត ១ គឺតំបន់ស្វយ័តស្វាលបាដ (Svalbard) ដែលនៅកៀកនឹងតំបន់ប៉ូលខាងជើង ក្បែរខាងកើតនៃកោះ Greenland របស់ប្រទេសដាណឺម៉ាក។
៣៖ ប្រទេសនែតដឺរលែន
ព្រះរាជាណាចក្រនែតដឺរលែន (Kingdom of the Netherlands) ដែលយើងធ្លាប់ហៅថាហូឡង់នោះ មានតំបន់រដ្ឋបាលស្វយ័តចំនួន ៣ រួមមាន៖ តំបន់អារូបា (Aruba) តំបន់គឺរ៉ាសៅ (Curacao) និងតំបន់ស៉ីនម៉ារថិន (Sint Maarten) ដែលសុទ្ធតែជាតំបន់ប្រជុំកោះនៅឯសមុទ្រការីបង់ (Caribbean Sea) ឆ្ងាយពីប្រទេសដើមរបស់ខ្លួន។
៤៖ ប្រទេសអាល្លឺម៉ង់
សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ មានតំបន់រដ្ឋបាលស្វយ័តចំនួន ២ រួមមាន៖
* តំបន់ស្វយ័តហេលីហ្គោលែន (Heligoland) ដែលជាតំបន់តូចមួយនៅចន្លោះរវាងប្រទេសអាល្លឺម៉ង់ និងប្រទេសស្វីស។
* តំបន់ស្វយ័ត ប៊ូស៉ីនង៉ិន អាំហូខាញ (Büsingen am Hochrhein) ដែលជាតំបន់ប្រជុំកោះនៅឯសមុទ្រឧត្តរ (North Sea)។
៥៖ ប្រទេសដាណឺម៉ាក
ព្រះរាជាណាចក្រដាណឺម៉ាក មានតំបន់រដ្ឋបាលស្វយ័តចំនួន ២ គឺកោះយក្សហ្គ្រីនលែន (Greenland) និងតំបន់ប្រជុំកោះហ្វេរ៉ូ (Faroe Islands) ដែលជាតំបន់ប្រជុំកោះស្ថិតនៅចន្លោះរវាងចក្រភពអង់គ្លេស និងកោះហ្គ្រីនលែន។
៦៖ ប្រទេសបារាំង
សាធារណរដ្ឋបារាំង មានតំបន់រដ្ឋបាលស្វយ័តចំនួន ១១ រួមមាន៖
* តំបន់ស្វយ័តញូវខាលេដូនី (New Caledonia) ជាតំបន់ប្រជុំកោះនៅឯសមុទ្រកូរ៉ាល់ ស្ថិតនៅចន្លោះរវាងប្រទេស ៣ គឺប្រទេសអូស្ត្រាលី ប្រទេសនូវែលសេឡង់ និងប្រទេសប៉ាពូអាស៉ីនូវែលហ្គីណេ។
* តំបន់ស្វយ័តសាន់ម៉ារតាំង (Saint Martin) ជាតំបន់ប្រជុំកោះនៅឯសមុទ្រការីបង់ ពោលគឺនៅខាងកើតប្រទេសហៃទី។
* តំបន់ស្វយ័តសាន់បាទែលេមី (Saint Barthélemy) ជាតំបន់ប្រជុំកោះនៅឯសមុទ្រការីបង់ដូចទៅនឹងតំបន់សាន់ម៉ារតាំង និងនៅក្បែរប្រជុំកោះនេះដូចគ្នា។
* តំបន់ស្វយ័តសាន់ព្យែ និងមីខឺឡុង (Saint Pierre and Miquelon) ជាតំបន់ប្រជុំកោះនៅក្នុងមហាសមុទ្រអាត្លង់ទិក ក្បែរខាងប្រទេសកាណាដា។
* តំបន់ស្វយ័តវ៉ាលលី និងហ្វ៊ូទូណា (Wallis and Futuna) ជាតំបន់ប្រជុំកោះនៅក្នុងដែនមហាសមុទ្រប៉ាស៉ីហ្វិកខាងត្បូង ក្បែរប្រទេសហ្វ៉ីជី។
* តំបន់ស្វយ័តហ្វ្រង់ប៉ូលីនេស៉ី (French Polynesia) ជាតំបន់ប្រជុំកោះនៅកណ្ដាលមហាសមុទ្រប៉ាស៉ីហ្វិក។
* តំបន់ស្វយ័តម៉ាយ៉ត្ត (Mayotte) ជាតំបន់ប្រជុំកោះនៅដែនច្រកសមុទ្រអន្តរជាតិ ម៉ូសំប៊ិក (Mozambique Channel) ពោលគឺនៅចន្លោះរវាងប្រទេសម៉ូសំប៊ិក (Mozambique) និងប្រទេសម៉ាដាហ្កាស្កា (Madagascar)។
* តំបន់ស្វយ័តហ្វ្រង់ហ្គីយ៉ាណា (French Guiana) ជាដែនដីមួយស្ថិតនៅលើទ្វីបអាមេរិកខាងត្បូង ពោលគឺនៅចន្លោះរវាងប្រទេសប្រេស៉ីល និងប្រទេសសូរីណាម (Suriname) ជាប់នឹងមហាសមុទ្រអាត្លង់ទិក។
* តំបន់ស្វយ័តម៉ារទីនិក (Martinique) ជាតំបន់ប្រជុំកោះស្ថិតនៅក្នុងដែនសមុទ្រការីបង់។
* តំបន់ស្វយ័តកូស៉ីកា (Corsica) ជាកោះទោលមួយនៅក្បែរខាងលិចប្រទេសអ៉ីតាលី ពោលគឺនៅក្នុងដែនសមុទ្រមេឌីទែរ៉ាណេ និងសមុទ្រថឺររីនៀន (Tyrrhenian Sea)។
* តំបន់ស្វយ័តអាល់សាស់ (Alsace) ជាតំបន់តូចមួយរបស់ប្រទេសបារាំងដែលនៅជាប់ប្រទេសស្វីស និងប្រទេសអាល្លឺម៉ង់។
៧៖ ប្រទេសក្រិក
សាធារណរដ្ឋក្រិក (the Hellenic Republic) មានតំបន់រដ្ឋបាលស្វយ័តចំនួន ១ គឺតំបន់ស្វយ័តភ្នំអាសូស (Mount Athos) ដែលជាតំបន់ជ្រោយតូចមួយលយចូលសមុទ្រអឺជាន (Aegean Sea)។
៨៖ ប្រទេសអ៉ីតាលី
សាធារណរដ្ឋអ៉ីតាលី មានតំបន់រដ្ឋបាលស្វយ័តចំនួន ៧ រួមមាន៖
* តំបន់ស្វយ័ត កាំពីអូនី ឌីអ៉ីតាលៀ (Campione d'Italia) ថ្វីដ្បិតជាតំបន់ស្វយ័តរបស់ប្រទេសអ៉ីតាលី ប៉ុន្តែតំបន់ដ៏តូចមួយនេះ គឺហ៊ុព័ទ្ធដោយប្រទេសស្វីស ក្បែរព្រំប្រទល់ប្រទេសអ៉ីតាលីខ្លួនឯង។
* តំបន់ស្វយ័តអោស្តាវ៉ាលឡី (Aosta Valley) ជាតំបន់ភ្នំមួយស្ថិតនៅចន្លោះប្រទេសអ៉ីតាលីខ្លួនឯង ប្រទេសស្វីស និងប្រទេសបារាំងផងដែរ។
* តំបន់ស្វយ័ត ហ្វ្រីអ៊ូលី-វេនេសៀ-ជីអ៊ូលៀ (Friuli-Venezia Giulia) ជាតំបន់ធំមួយនៅជាប់នឹងឈូងសមុទ្រត្រេស្តេ (Gulf of Trieste) ចន្លោះប្រទេសអ៉ីតាលីខ្លួនឯង ប្រទេសអូទ្រីស ប្រទេសស្លូវេនី ព្រមទាំងជាប់ព្រំដែនសមុទ្រជាមួយប្រទេសក្រូអាស៉ីផងដែរ។
* តំបន់ស្វយ័តសារឌីនៀ (Sardinia) ជាកោះធំមួយស្ថិតក្នុងសមុទ្រថឺររីនៀន ខាងលិចប្រទេសអ៉ីតាលីខ្លួនឯង។
* តំបន់ស្វយ័តស៉ីស៉ីលី (Sicily) ជាកោះដ៏ធំមួយដែរស្ថិតនៅខាងចុងនៃឧបទ្វីបអ៉ីតាលី។
* តំបន់ស្វយ័តទីរ៉ូលខាងត្បូង (South Tyrol) ជាតំបន់ធំមួយស្ថិតនៅជាប់ប្រទេសអ៉ីតាលីខ្លួនឯង ប្រទេសស្វីស និងប្រទេសអូទ្រីស។
* តំបន់ស្វយ័តត្រេនទីណូ (Trentino) នៅជាប់ខាងជើងនៃតំបន់ទីរ៉ូលខាងត្បូង។
៩៖ ប្រទេសម៉ូលដូវ៉ា
សាធារណរដ្ឋម៉ូលដូវ៉ា (Moldova) មានតំបន់រដ្ឋបាលស្វយ័តចំនួន ២ រួមមាន តំបន់ហ្កាហ្កាសៀ (Gagauzia) និងតំបន់ត្រេនស្នីសស្ត្រៀ (Transnistria)។ ប្រទេសម៉ុលដូវ៉ា ជាប្រទេសអឺរ៉ុបខាងកើតមួយ ដែលនៅចន្លោះរវាងប្រទេសអ៊ុយក្រែន និងប្រទេសរ៉ូម៉ានី ហើយជាប់នឹងសមុទ្រខ្មៅ។
១០៖ ប្រទេសព័រទុយហ្កាល់
សាធារណរដ្ឋព័រទុយហ្កាល់ មានតំបន់រដ្ឋបាលស្វយ័តចំនួន ២ រួមមាន៖
* តំបន់ស្វយ័តអាហ្សូរិស (Azores) ជាតំបន់ប្រជុំកោះតូចៗនៅកណ្ដាលមហាសមុទ្រអាត្លង់ទិក ពោលគឺនៅខាងលិចនៃប្រទេសព័រទុយហ្កាល់ខ្លួនឯងតែម្ដង។
* តំបន់ស្វយ័តម៉ាដីរ៉ា (Madeira) ជាតំបន់ប្រជុំកោះតូចៗនៅដែនមហាសមុទ្រអាត្លង់ទិកដូចគ្នា ប៉ុន្តែនៅទិសនិរតីនៃប្រទេសព័រទុយហ្កាល់ និងនៅទិសខាងលិចប្រទេសម៉ារ៉ុក នៃទ្វីបអាហ្វ្រិកផងដែរ។
១១៖ ប្រទេសស៊ែប៊ី
សាធារណរដ្ឋស៊ែប៊ី មានតំបន់រដ្ឋបាលស្វយ័តចំនួន ១ គឺមានឈ្មោះថា វ៉ូចវ៉ូឌីណា (Vojvodina) ដែលជាខេត្តស្វយ័តមួយរបស់ប្រទេសស៊ែប៊ី ហើយនៅជាប់នឹងប្រទេសហុងគ្រី ប្រទេសក្រូអាស៉ី ប្រទេសរ៉ូម៉ានី និងប្រទេសបូស្នី។
១២៖ ចក្រភពអង់គ្លេស
ចក្រភពអង់គ្លេសនិងអៀរឡង់ខាងជើង (UK) មានតំបន់រដ្ឋបាលស្វយ័តចំនួន ១១ រួមមាន៖
* អៀរឡង់ខាងជើង (Northern Ireland) ជាផ្នែកខាងជើងនៃកោះអៀរឡង់ ដែលស្ថិតក្រោមការកាន់កាប់របស់ចក្រភពអង់គ្លេស។
* ហ្គឺនស៉ី (Guernsey) ជាកោះមួយស្ថិតនៅក្នុងច្រកសមុទ្រអង់់គ្លេស ពោលគឺនៅចន្លោះកោះ Great British និងប្រទេសបារាំង។
* អាយឡហ្វមែន (Isle of Man) ជាកោះមួយស្ថិតនៅកណ្ដាលសមុទ្រអាយរីស (Irish Sea) ដែលនៅចន្លោះកោះ Great British ប្រទេសអៀរឡង់ និងអៀរឡង់ខាងជើង។
* ចឺរស៉ី (Jersey) ជាកោះមួយស្ថិតនៅក្នុងច្រកសមុទ្រអង់់គ្លេស ពោលគឺនៅចន្លោះកោះ Great British និងប្រទេសបារាំង ហើយនៅជិតកោះហ្គឺនស៉ី ប៉ុន្តែនៅកៀកនឹងប្រទេសបារាំងជាងកោះហ្គឺនស៉ី។
* ប្រជុំកោះហ្វកលែន (Falkland Islands) ជាតំបន់ប្រជុំកោះនៅក្នុងមហាសមុទ្រអាត្លង់ទិក ដែលនៅជិតប្រទេសអាហ្សង់ទីន នៃទ្វីបអាមេរិកខាងត្បូង។
* ហ្ស៉ីប្រាល់តា (Gibraltar) ជាដីជ្រោយដ៏ខ្លីមួយនៅជាប់ប្រទេសអេស្ប៉ាញ ដែលលយចូលច្រកសមុទ្រហ្ស៉ីប្រាល់តា។
* បឺរមូដា (Bermuda) ជាតំបន់ប្រជុំកោះនៅក្នុងដែនសមុទ្រអាត្លង់ទិក ខាងកើតសហរដ្ឋអាមេរិក។
* ប្រជុំកោះខេយមែន (Cayman Islands) ជាតំបន់ប្រជុំកោះតូចៗនៅក្នុងដែនសមុទ្រការីបង់ ពោលគឺនៅជិតប្រទេសគុយបា។
* ប្រជុំកោះប្រ៊ីតធិសវឺរជីន (British Virgin Islands) ជាតំបន់ប្រជុំកោះនៅក្នុងដែនសមុទ្រការីបង់ដែរ។
* ម៉ុនសឺររ៉ាត់ (Montserrat) ជាតំបន់ប្រជុំកោះនៅក្នុងដែនសមុទ្រការីបង់ដែរ។
* អង់ហ្គីលឡា (Anguilla) ជាតំបន់ប្រជុំកោះនៅក្នុងដែនសមុទ្រការីបង់ដែរ។
១៣៖ ប្រទេសអ៊ុយក្រែន
ប្រទេសអឺរ៉ុបមួយនេះមានតំបន់រដ្ឋបាលស្វយ័ត ១ គឺតំបន់គ្រីមៀ (Crimea) ដែលជាតំបន់ធំមួយនៅជាប់នឹងសមុទ្រខ្មៅ និងសមុទ្រអាហ្សូវ (Azov Sea)។ តំបន់នេះហើយដែលធ្លាប់ការប្រទាញប្រទង់ជាមួយរុស្ស៉ី។
សូមជម្រាបថា នៅភាគបន្ទាប់ Fresh News Plus នឹងលើកឡើងអំពីតំបន់រដ្ឋបាលស្វយ័តរបស់ប្រទេសរុស្ស៉ីវិញម្ដង ដែលជាប្រទេសមានតំបន់ស្វយ័តច្រើនជាងគេបង្អស់៕
សូមចុចត្រង់នេះដើម្បីអាន (ភាគ១)
ប្រភព៖ គេហទំព័រ Anadolu Agency (AA)