(ភ្នំពេញ)៖ ដូចយើងដឹងមកហើយថា បណ្ដាប្រទេសនៅទ្វីបអាស៉ី និងតំបន់មហាសមុទ្រប៉ាស៉ីហ្វិកមានតំបន់ស្វយ័តយ៉ាងហោច ៤០ តំបន់ រីឯបណ្ដាលប្រទេសនៅទ្វីបអឺរ៉ុបមានតំបន់ស្វយ័តចំនួន ៦៣ តំបន់ (បូកទាំងរុស្ស៉ី) ខណៈបណ្ដាលប្រទេសនៅទ្វីបអាមេរិក និងសមុទ្រការីបង់មានតំបន់ស្វយ័តសរុបចំនួន ១៤ តំបន់។
នៅភាគបញ្ចប់នេះ Fresh News Plus ក៏សូមលើកបង្ហាញអំពីតំបន់ស្វយ័តនៃបណ្ដាប្រទេសនៅទ្វីបអាមេរិកសរុបចំនួន ៤ តំបន់ទៀត ក្នុងនោះរួមមាន៖
១៖ ប្រទេសដែនកោះម៉ូរីស
សាធារណរដ្ឋម៉ូរីស (Mauritius) មានតំបន់រដ្ឋបាលស្វយ័តចំនួន ១ គឺតំបន់ស្វយ័តរ៉ូឌ្រីហ្គិស (Rodrigues) ដែលជាកញ្ចុំកោះនៅក្នុងមហាសមុទ្រឥណ្ឌា។
២៖ ប្រទេសសៅតូម៉េ និងប្រាំងស៉ីប
សាធារណរដ្ឋប្រជាធិបតេយ្យសៅតូម៉េ និងប្រាំងស៉ីប (São Tomé and Príncipe) មានតំបន់រដ្ឋបាលស្វយ័តចំនួន ១ គឺតំបន់ស្វយ័តប្រាំងស៉ីប (Autonomous Region of Príncipe)។ ប្រទេសនេះគឺជាកោះតូចមួយនៅក្នុងមហាសមុទ្រអាត្លង់ទិក ពោលគឺនៅខាងលិចប្រទេសហ្កាបុង (Gabon) នៃទ្វីបអាហ្វ្រិក។
៣៖ ប្រទេសសូម៉ាលី
សាធារណរដ្ឋសហព័ន្ធសូម៉ាលី មានតំបន់រដ្ឋបាលស្វយ័តចំនួន ១ គឺរដ្ឋស្វយ័តផ៉ាត់លែន (Puntland) ដែលជារដ្ឋសមាជិកសហព័ន្ធមួយនៅភាគខាងជើងប្រទេសសូម៉ាលី ហើយនៅជាប់នឹងប្រទេសជីប៊ូទី (Djibouti) ប្រទេសអេត្យូពី (Ethiopia) និងឈូងសមុទ្រអេដែន (Gulf of Aden)។
៤៖ ប្រទេសតង់សានី
សាធារណរដ្ឋតង់សានី (Tanzania) មានតំបន់រដ្ឋបាលស្វយ័តចំនួន ១ មានឈ្មោះថា សានស៉ីបារ (Zanzibar) ដែលជាតំបន់កោះមួយនៅក្នុងដែនមហាសមុទ្រឥណ្ឌា ពោលគឺនៅខាងកើតប្រទេសតង់សានីខ្លួនឯង។
សូមជម្រាបថា តំបន់រដ្ឋបាលស្វយ័ត ត្រូវបានកំណត់ថាជាតំបន់នៃប្រទេសដែលមានកម្រិតស្វ័យភាពទៅលើសិទ្ធិពិសេសៗមួយចំនួនប៉ុណ្ណោះ។ តំបន់រដ្ឋបាលស្វយ័តអាចត្រូវបានកំណត់ដោយសារកត្តាភូមិសាស្ត្រ សេដ្ឋកិច្ច ឬប្រជាសាស្ត្រ។
បើតាមអត្ថន័យផ្លូវច្បាប់វិញ ការបែងចែកជាតំបន់រដ្ឋបាលស្វយ័ត គឺជាការបែងចែករដ្ឋបាលថ្នាក់ក្រោមជាតិ ឬទឹកដីផ្ទៃក្នុងរបស់រដ្ឋអធិបតេយ្យ ដែលមានកម្រិតស្វ័យភាព និងការគ្រប់គ្រងខ្លួនឯង ប៉ុន្តែនៅតែស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋបាលថ្នាក់ជាតិ។
សូមកុំច្រឡំជាមួយនឹងតំបន់រដ្ឋបាលពិសេស (Special Administrative Region, SAR) ព្រោះពាក្យ SAR មានអត្ថន័យធំធេងណាស់ ដែលវាមានសិទ្ធិផ្នែកនយោបាយ សិទ្ធិកិច្ចការបរទេស ពោលគឺមានប្រព័ន្ធគ្រប់គ្រងខុសពីរដ្ឋាភិបាលកំពូល ដកតែសិទ្ធិយោធាមួយចេញ ខណៈដែលតំបន់រដ្ឋបាលស្វយ័ត (AR) មិនមានសិទ្ធិទាំងនេះឡើយ៕
សូមចុចត្រង់នេះដើម្បីអាន (ភាគ១)
សូមចុចត្រង់នេះដើម្បីអាន (ភាគ២)