(ពិភពលោក)៖ ដូចទៅនឹងម៉ាស៊ីនដទៃៗទៀតដែរ ផ្កាយរណប យានអវកាស និងស្ថានីយអវកាស សុទ្ធតែនឹងខូច ហើយត្រូវគេបោះបង់ចោល។ តើអ្នកដឹងទេថា តើអ្នកវិទ្យាសាស្រ្តមានមធ្យោបាយបែបណា សម្រាប់គ្រឿងម៉ាស៊ីនទាំងនេះ ដែលឈប់ដំណើរការក្នុងលំហអវកាសឯណោះ?
សម្រាប់ពេលនេះ គឺមានជម្រើស ២ ដែលអាស្រ័យទៅលើរយៈកម្ពស់នៃវត្ថុទាំងនោះ ជាពិសេសគឺផ្កាយរណប។ សម្រាប់ផ្កាយរណប ដែលនៅគន្លងកម្រិតទាបរបស់ផែនដី (Low Orbit) អ្នកវិទ្យាសាស្រ្តនឹងប្រើប្រាស់ឥន្ធនៈ ដែលនៅសល់តិចតួចចុងក្រោយ ដើម្បីបញ្ជាពួកវាឲ្យធ្លាក់ចុះមក ក្នុងបរិយាកាសផែនដីវិញ ហើយឆេះរលាយខ្លួនតែម្តង។ រីឯជម្រើសមួយទៀត គឺបញ្ជូនផ្កាយរណបឲ្យទៅកាន់តែឆ្ងាយថែមទៀតពីផែនដី សម្រាប់ក្រុមផ្កាយរណបដែលស្ថិតនៅឆ្ងាយស្រាប់ ព្រោះថាការប្រើឥន្ធនៈដើម្បីបញ្ជា ពួកវាឲ្យធ្លាក់មកក្នុងបរិយាកាសវិញ អាចត្រូវចំណាយច្រើនជាងការបញ្ជូនចេញឲ្យឆ្ងាយពីផែនដី។
ជាការពិតណាស់ ការកម្ចាត់ផ្កាយរណបតូចៗនៅក្នុងគន្លងកម្រិតទាបដែលមានកម្ពស់ចាប់ពី ៣០០-៥០០ គីឡូម៉ែត្រពីផ្ទៃផែនដី ជារឿងងាយស្រួលមួយ ដោយសារថាមពលកម្តៅពីការកកិតគ្នាជាមួយខ្យល់ក្នុងល្បឿនដ៏លឿន នឹងធ្វើឲ្យពួកវាឆាបឆេះហើយរលាយសាបសូន្យអស់តែម្តងនៅក្នុងបរិយាកាស។ តែសម្រាប់វត្ថុធំៗ ដូចជាស្ថានីយអវកាស និងយានអវកាសធំៗ ដែលនៅគន្លង Low Orbit តើយ៉ាងម៉េចវិញទៅ?
វត្ថុទាំងនេះទំនងជានឹងមិនឆេះខ្ទេចខ្ទីអស់នៅក្នុងបរិយាកាសឡើយ។ សម្រាប់រឿងនេះ អ្នកវិទ្យាសាស្រ្តអាចរៀបចំគោលដៅចុងក្រោយមួយ ដើម្បីធានាថាពួកវា ព្រមទាំងកម្ទេចកម្ទីផ្សេងៗ នឹងធ្លាក់នៅចំតំបន់គ្មានមនុស្សរស់នៅ។ តំបន់នេះត្រូវគេដាក់ឈ្មោះឲ្យថា ទីលានបញ្ចុះសពរបស់យានអវកាស ដោយវាស្ថិតនៅភាគខាងត្បូងមហាសមុទ្រប៉ាស៊ីហ្វិក។ គិតចាប់តាំងពីឆ្នាំ១៩៧១ ដល់ឆ្នាំ២០១៦ យានអវកាស ប្រហែលជាង ២៦០ គ្រឿង របស់ប្រទេសផ្សេងៗ ត្រូវបានគេទម្លាក់ចោលនៅទីតាំងនេះ។
រីឯផ្កាយរណប នៅគន្លងកម្រិតខ្ពស់ដែលខូច ក៏មានទីលានបញ្ចុះសពសម្រាប់ពួកវាដែរ គេហៅថា Graveyard Orbit ជាគន្លងមួយស្ថិតនៅកម្ពស់ ៣៦,០០០ គីឡូម៉ែត្រពីផ្ទៃផែនដី ពោលគឺឆ្ងាយរាប់រយគីឡូម៉ែត្រ ផុតពីផ្កាយរណបនានា ដែលកំពុងធ្វើការនៅជុំវិញផែនដី និងធានាថាពួកវាទាំងនោះនឹងមិនបង្កការរំខានដល់បេសកកម្មអវកាសនានានៅថ្ងៃអនាគតនោះឡើយ៕