(បរទេស)៖ បឹង (Lake) គឺជាផ្ទៃទឹកដែលជាទូទៅមានទំហំតូចជាងសមុទ្រ។ បឹងទាំងនោះហ៊ុមព័ទ្ធទៅដោយផ្ទៃដី ពោលគឺមិនមានបណ្ដាញតភ្ជាប់ទៅកាន់សមុទ្រ ឬមហាសមុទ្រណាមួយឡើយ តែអាចមានទន្លេមួយ ឬច្រើនហូរបែកចេញ។ បឹងយក្សនៅលើផែនដីយើងនេះ គឺមានទាំងបឹងទឹកសាប និងបឹងទឹកប្រៃដែលគេអាចហៅម្យ៉ាងទៀតថា «សមុទ្របិទ»។
ខាងក្រោមនេះគឺជាបឹងធំៗបំផុតទាំង ៥ នៅលើពិភពលោក ដោយបឹងយក្សទាំងនេះសុទ្ធតែកើតឡើងពីធម្មជាតិទាំងអស់៖
លំដាប់ទី១៖ សមុទ្រកាស្ពៀន (Caspian Sea)
សមុទ្រកាស្ពៀន មានទំហំផ្ទៃដល់ទៅ ៣៧១,០០០ គីឡូម៉ែត្រក្រឡា និងមានជម្រៅអតិបរមា ១,០២៥ ម៉ែត្រ ក្រោមកម្ពស់នីវ៉ូទឹកសមុទ្រ។ សមុទ្រកាស្ពៀន ត្រូវបានចាត់ទុកជាកន្លែងមួយដែលខណ្ឌចែករវាងទ្វីបអឺរ៉ុប និងទ្វីបអាស៉ី ដោយប្រទេសដែលនៅជាប់ជាមួយសមុទ្រនេះ រួមមាន ប្រទេសកាហ្សាក់ស្ថាន រុស្ស៉ី តួកម៉េនីស្ថាន អាស៊ែបៃហ្សង់ និងប្រទេសអ៉ីរ៉ង់។
ទោះបីមានឈ្មោះជាសមុទ្រក៏ពិតមែន ប៉ុន្តែបច្ចុប្បន្នកាស្ពៀនត្រូវបានចាត់ថ្នាក់ជាបឹងដែលធំដាច់គេបង្អស់នៅលើផែនដី ដោយសារតែជាក់ស្តែងវាមិនត្រូវបានភ្ជាប់ទៅកាន់មហាសមុទ្រឡើយ។ វាជាប់ឈ្មោះជាសមុទ្របែបនេះ ដោយសារក្នុងប្រវត្តិសាស្រ្តតាំងពីសម័យបុរាណ វាត្រូវបានចាត់ទុកថាជាសមុទ្រ។ ឈ្មោះ Caspian នេះ ត្រូវបានយកតាមពួកកុលសម្ពន្ធស្បែកសមួយក្រុម ដែលបានរស់នៅក្បែរតំបន់នោះ។
លំដាប់ទី២៖ បឹងស៊ុបពែរៀរ (Lake Superior)
បឹងស៊ុបពែរៀរ ជាបឹងយក្សធំមួយស្ថិតនៅទ្វីបអាមេរិកខាងជើង ពោលគឺនៅខាងជើងបំផុតនៃបឹងយក្ស Great Lake ដែលនៅជាប់ប្រទេសកាណាដាផង និងសហរដ្ឋអាមេរិកផង។ បឹងស៊ុបពែរៀរនេះមានទំហំផ្ទៃ ៨២,១០០ គីឡូម៉ែត្រក្រឡា និងមានជម្រៅអតិបរមា ៤០៦ ម៉ែត្រ។ ឈ្មោះថា Superior នេះ គឺដោយសារវាជាបឹងធំជាងគេក្នុងចំណោមក្រុមបឹងយក្សចំនួន ៥ ប្រចាំអាមេរិកខាងជើង ដែលគេហៅថា Great Lakes of North America។
បើយើងមិនចង់ចាត់ទុកសមុទ្រកាស្ពៀនជាបឹងទេនោះ បឹងស៊ុបពែរៀរនេះនឹងជាប់ចំណាត់ថ្នាក់លេខ ១ វិញហើយ ដ្បិតអីបឹងស៊ុបពែរៀរនេះ គឺជាបឹងទឹកសាបដែលធំជាងគេបង្អស់នៅលើពិភពលោក ខណៈទឹកនៅក្នុងសមុទ្រកាស្ពៀន គឺមានជាតិប្រៃ។
លំដាប់ទី៣៖ បឹងវិតូរីយ៉ា (Victoria Lake)
បឹងវិតូរីយ៉ានេះគឺមានទំហំប្រមាណ ៦៨,៨៩០ គីឡូម៉ែត្រក្រឡា និងមានជម្រៅត្រឹមតែ ៨១ ប៉ុណ្ណោះ ដែលជាបឹងធំជាងគេបង្អស់ប្រចាំទ្វីបអាហ្រ្វិក។ វាលាតសន្ធឹងលើផ្នែកខ្លះនៃប្រទេសចំនួន ៣ រួមមាន ប្រទេសតង់សានី ប្រទេសអ៊ូហ្កង់ដា និងប្រទេសកេនយ៉ា។ ឈ្មោះបឹងនេះត្រូវបានដាក់តាមព្រះនាមរបស់ព្រះមហាក្សត្រី វិតូរីយ៉ា នៃចក្រភពអង់គ្លេស (Queen Victoria) តាំងពីសម័យអាណានិគមនិយមអង់គ្លេសមកម្ល៉េះ ពោលគឺនៅពេលពួកកងទ័ពអង់គ្លេសបានប្រទះបឹងនេះជាលើកដំបូង។
ទី៤៖ បឹងស្យូរ៉ន់ (Lake Huron)
បឹងស្យូរ៉ន់ ជាបឹងធំជាងគេទីពីរក្នុងចំណោមក្រុមបឹងយក្សនៅអាមេរិកខាងជើង។ បឹងនេះដើរតួជាព្រំប្រទល់រវាងរដ្ឋមីស៉ីហ្កិន (Michigan) របស់សហរដ្ឋអាមេរិក និងខេត្តអង់តារីយោ ឬអង់ថឺរីអូ (Ontario) របស់ប្រទេសកាណាដា។ ឈ្មោះ Huron នេះ គឺជាឈ្មោះក្រុមកុលសម្ពន្ធជនជាតិដើមនៅកាណាដា ដែលរស់នៅចន្លោះស្យូរ៉ន់ និងបឹងអង់តារីយោអស់រយៈពេលរាប់សតវត្សរ៍មកហើយ។
ទី៥៖ បឹងមីស៉ីហ្កិន (Lake Michigan)
បឹងមីស៉ីហ្កិន គឺជាបឹងធំជាងគេទីបីក្នុងចំណោមក្រុមបឹងយក្សនៅតំបន់អាមេរិកខាងជើង ហើយជាបឹងតែមួយគត់ក្នុងចំណោមនោះ ដែលស្ថិតក្នុងទឹកដីរបស់សហរដ្ឋអាមេរិកទាំងស្រុង។ ដូច្នេះហើយវាជាប់ចំណាត់ថ្នាក់ជាបឹងធំជាងគេបង្អស់ ដែលស្ថិតនៅក្នុងប្រទេសតែមួយ មិនមានជាប់ប្រទេសដទៃទៀត។ រដ្ឋមួយចំនួនរបស់អាមេរិកដែលនៅជាប់បឹងយក្សនេះ រួមមាន រដ្ឋវីសខន់សិន (Wisconsin) រដ្ឋអ៉ីល្លីណយ (Illinois) រដ្ឋឥណ្ឌីយ៉ាណា (Indiana) និងរដ្ឋមីស៉ីហ្កិន។ តាមពិតទៅរដ្ឋមីស៉ីហ្កិនបានយកឈ្មោះតាមបឹងនេះទៅវិញទេ ដោយវាមានន័យត្រង់ថា «ផ្ទៃទឹកធំ» ក្នុងភាសារបស់ពួកជនជាតិដើមឥណ្ឌាស្បែកក្រហម ឬអាំងឌីយៀង (Indian)។ បឹងមីស៉ីហ្កិនមានទំហំផ្ទៃ ៥៨,០០០ គីឡូម៉ែត្រក្រឡា និងមានជម្រៅអតិបរមា ២៨១ ម៉ែត្រ៕