(ពិភពលោក)៖ ផ្លែឈើ គឺជាអាហារដ៏ពេញនិយមបំផុតមួយនៅជុំវិញពិភពលោក ដោយសារតែវាមានរសជាតិឆ្ងាញ់ពិសា ងាយទទួលទាន ដោយមិនចាំបាច់ចម្អិន ហើយអ្វីដែលជាគុណប្រយោជន៍ពិសេសនោះ គឺវាសម្បូរទៅដោយសារធាតុចិញ្ចឹម ដូចជា សរសៃហ្វាយបឺរ (Fibre) និងវីតាមីនចម្រុះជាដើម។
ខាងក្រោមនេះ គឺជាផ្លែឈើទាំង ៨ ប្រភេទ ដែលត្រូវបានប្រមូលផលច្រើនជាងគេបង្អស់ និងពេញនិយមក្នុងការទទួលទានច្រើនជាងគេក្នុងមួយឆ្នាំៗ។
ទី៨៖ ផ្លែប័រ (Avocado)
ផ្លែប័រមានប្រភពដើមមកពីតំបន់អាមេរិកកណ្ដាលតាំងតែពីចន្លោះ ៨០០០ ដល់ ៥០០០ ឆ្នាំមុនគ្រិស្តសករាជ ដែលបច្ចុប្បន្នស្ថិតនៅត្រង់ប្រទេសម៉ិកស៉ិក។ សព្វថ្ងៃនេះ ម៉ិកស៉ិកនៅតែជាប្រទេសដែលដាំដុះផ្លែប័រច្រើនជាងគេ គឺក្នុងបរិមាណជាង ២ លានតោនក្នុងមួយឆ្នាំ ខណៈនៅទូទាំងពិភពលោក ផ្លែឈើប្រភេទនេះត្រូវបានប្រមូលផលក្នុងបរិមាណ ៦.៤១ លានតោនក្នុងមួយឆ្នាំ។ ផ្លែប័រជាប្រភពនៃជាតិអាស៊ីត និងជាតិខ្លាញ់ដែលចាំបាច់សម្រាប់រាងកាយ រួមទាំងសារធាតុហ្វាយបឺរផងដែរ។
៧៖ ផ្លែសារី (Pear)
ផ្លែសារីមិនមែនមានប្រភពមកពីតំបន់តែមួយនោះទេ ពោលគឺវាមានប្រភពមកពីតំបន់ច្រើនខុសៗគ្នា រួមមាន តំបន់អឺរ៉ុប តំបន់អាស៉ី តំបន់អាហ្វ្រិកជាដើម។ ផ្លែឈើនេះក៏មានវត្តមានរាប់ពាន់ឆ្នាំមកហើយផងដែរ ក្នុងនោះវាត្រូវបានដាំដុះនៅប្រទេសចិនបុរាណយ៉ាងហោចក៏ ៣,០០០ ឆ្នាំមុនដែរ។ សព្វថ្ងៃ ប្រទេសចិននៅតែជាប្រទេសដាំដុះផ្លែសារីច្រើនជាងគេ គឺរហូតដល់ជាង ១៦ លានតោនក្នុងមួយឆ្នាំៗ ខណៈនៅលើពិភពលោក ផ្លែសារីក្នុងបរិមាណជាង ២៣ លានតោន ត្រូវបានប្រមូលផលក្នុងមួយឆ្នាំៗ។
៦៖ ផ្លែស្វាយ (Mango)
នៅលើពិភពលោក ផ្លែស្វាយត្រូវបានប្រមូលផលក្នុងបរិមាណរហូតដល់ជាង ៤០ តោនក្នុងមួយឆ្នាំៗ ក្នុងនោះប្រទេសឥណ្ឌាទទួលបន្ទុកដាំដុះ និងប្រមូលស្ទើរតែពាក់កណ្តាលនៃបរិមាណសរុបនេះ។ ផ្លែស្វាយមានប្រវត្តិដាំដុះយ៉ាងហោច ៤,០០០ ឆ្នាំមកហើយ ក្នុងនោះភាគច្រើនមាននៅតំបន់ឥណ្ឌូ-ភូមា។
ផ្នែកវេជ្ជសាស្ត្រសុខាភិបាលបានណែនាំថា ផ្លែឈើនេះមានផ្ទុកវីតាមីន C និង B6 រួមទាំងហ្វាយបឺ ដែលសំខាន់ចំពោះការទ្រទ្រង់ និងការលូតលាស់រាងកាយ។
៥៖ ផ្លែក្រូច (Orange)
ផ្លែក្រូចមានប្រវត្តិដាំដុះលើកដំបូងនៅក្នុងប្រទេសចិនដែរ ពោលគឺនៅអំលុង ២,៥០០ ឆ្នាំមុនគ្រិស្តសករាជ។ ប្រទេសដែលនាំមុខគេក្នុងការដាំដុះ និងប្រមូលផលផ្លែក្រូចនាពេលបច្ចុប្បន្ន គឺប្រទេសប្រេស៉ីល ពោលគឺក្នុងបរិមាណ ១៥ លានតោនក្នុងមួយឆ្នាំ ស្មើនឹង ២០ ភាគរយនៃចំនួនផ្លែក្រូចសរុបជាង ៧៥ លានតោន ដែលប្រមូលផលបាននៅជុំវិញពិភពលោក។ ទឹកផ្លែក្រូចទទួលបានការពេញនិយមក្នុងការទទួលទានច្រើន ពីព្រោះតែវាសម្បូរទៅដោយសារធាតុវីតាមីន C។
៤៖ ផ្លែប៉ោម (Apple)
ផ្លែប៉ោមមានប្រភពដើមនៅតំបន់អាស៉ីកណ្តាល ហើយមានទំនាក់ទំនងស៉ីជម្រៅជាមួយផ្លូវសូត្របុរាណ។ ផ្លែឈើប្រភេទនេះមានប្រវត្តិដាំដុះលើកដំបូងនៅតំបន់ភាគខាងត្បូងនៃប្រទេសកាហ្សាក់ស្ថានបច្ចុប្បន្ន កាលពីអំលុង ២,០០០ ឆ្នាំមុនគ្រិស្តសករាជ។ សព្វថ្ងៃ ផ្លែប៉ោមក៏មានពូជជាច្រើនផងដែរ។ ចិនជាប្រទេសដែលបានដាំដុះ និងប្រមូលផលផ្លែប៉ោមច្រើនជាងគេ គឺជិត ៤៥ លានតោនក្នុងមួយឆ្នាំ ខណៈបរិមាណសរុបនៅទូទាំងពិភពលោក គឺមានជាង ៨៦ លានតោនក្នុងមួយឆ្នាំៗ។
៣៖ ផ្លែឪឡឹក (Watermelon)
ផ្លែឪឡឹកមានប្រភពដើមមកពីប្រទេសអេហ្ស៉ីបបុរាណ។ តាមរយៈចម្លាក់បុរាណនៅប្រទេសអេហ្ស៉ីប ត្រូវអ្នកស្រាវជ្រាវរកឃើញថាមានរូបផ្លែឪឡឹកផងដែរ។ ផ្លែឈើនេះត្រូវបានចាត់ទុកជាផ្លែឈើដ៏វិសេសវិសាលថែមទៀតផង រហូតត្រូវគេតម្កល់ក្នុងផ្នូររបស់ផារ៉ាអុង (ជនជាតិអេហ្ស៉ីបហៅស្ដេចរបស់ខ្លួនថា ផារ៉ាអុង ដែលជាវណ្ណៈកំពូលបង្អស់ក្នុងប្រទេសនេះ)។ បច្ចុប្បន្ន ចិនគឺជាប្រទេសនាំមុខគេក្នុងការដាំដុះ និងប្រមូលផលផ្លែឪឡឹក គឺក្នុងបរិមាណជិត ៧៣ លានតោនក្នុងមួយឆ្នាំ ខណៈបរិមាណសរុបនៅជុំវិញពិភពលោក គឺមានជិត ១០៤ លានតោនក្នុងមួយឆ្នាំៗ។
២៖ ផ្លែចេក (Banana)
យោងតាមការសន្និដ្ឋានភាគច្រើន ផ្លែចេកមានប្រវត្តិដាំដុះនៅតំបន់ភាគខាងត្បូងប៉ាស៉ីហ្វិកតាំងពី ១០០០០ ឆ្នាំមុនមកម្ល៉េះ ហើយនៅតំបន់អាស៉ីអាគ្នេយ៍យ៉ាងហោច ៨០០០ ដល់ ៥០០០ ឆ្នាំមុនគ្រិស្តសករាជ។ ប្រទេសឥណ្ឌាឈានមុខគេក្នុងការដាំដុះ និងប្រមូលផលផ្លែចេកនេះ ដោយក្នុងបរិមាណជិត ៣០ លានតោនក្នុងមួយឆ្នាំៗ ខណៈបរិមាណសរុបលើពិភពលោកមានជាង ១១៥ លានតោន។ ផ្លែឈើប្រភេទនេះផ្តល់វីតាមីន B6 វីតាមីន C រួមទាំងហ្វាយបឺរ និងម៉ាញេស្យូម (Mg) ហើយជួយបំប្លែងប្រូតេអ៉ីន ខ្លាញ់ និងកាបូនអ៉ីដ្រាតថែមទៀតផង។
១៖ ផ្លែប៉េងប៉ោះ (Tomato)
ប៉េងប៉ោះព្រៃមានប្រភពដើមនៅម្តុំជួរភ្នំអង់ (Andes) តំបន់ភាគខាងលិចប្រទេសបូលីវី ប៉េរូ ស៉ីលី (ឈីលី) និងអេក្វាទ័រ ហើយត្រូវបានដាំដុះដំបូងនៅអំលុងឆ្នាំ ៧០០ នៃគ្រិស្តសករាជ ដោយពួកជនជាតិអាស្ដែក (Aztec) និងជនជាតិអាំងកា (Inca)។ ពួកវាត្រូវបានយកទៅកាន់អឺរ៉ុបដោយក្រុមអ្នករុករក ដែលវិលត្រឡប់មកពីអាមេរិកខាងត្បូង ហើយបានទៅដល់តំបន់ដទៃៗទៀតចាប់តាំងពីនោះមក។ ចិនជាប្រទេសដែលដាំដុះប៉េងប៉ោះច្រើនជាងគេ គឺជិត ៥៧ លានតោនក្នុងមួយឆ្នាំ។ ប៉េងប៉ោះគឺជាផ្លែឈើដែលគេប្រមូលផលច្រើនបំផុតលើលោក គឺមានបរិមាណជាង ១៨០ លានតោនក្នុងមួយឆ្នាំ ដោយវាអាចយកទៅប្រើប្រាស់បានយ៉ាងច្រើនបែប៕