(ភ្នំពេញ)៖ មានមនុស្សភាគច្រើនណាស់ដែលយល់ថា «សត្វទីទុយ» អាចងាកកងាកក្បាលបាន ៣៦០ ដឺក្រេ ប៉ុន្តែមតិមួយចំនួនទៀត គឺមិនយល់ស្របនឹងការយល់ឃើញនេះឡើយ រហូតដល់មានការសិក្សាស្រាវជ្រាវថ្មីរបស់អ្នកវិទ្យាសាស្ត្រ ហើយក៏បានបង្ហាញនូវភស្ដុតាង និងអំណះអំណាងថ្មីសម្រាប់បំភ្លឺចំពោះការមន្ទិលសង្ស័យ និងភាពមិនប្រាកដប្រជានេះ។

តាមការបញ្ជាក់របស់អ្នកវិទ្យាសាស្ត្រ «សត្វទីទុយពុំអាចងាកក្បាលបានជុំវិញនោះឡើយ ដោយវាអាចងាកបានត្រឹមតែ ២៧០ ដឺក្រេប៉ុណ្ណោះ»

អ្វីដែលមនុស្សយើងមើលឃើញថាវាអាចងាកក្បាលបាន ៣៦០ ដឺក្រេនោះ អាចមកពីមានការភ័ន្តច្រឡំតាមរយៈការមើលដោយភ្នែកទទេ។ អ្នកវិទ្យាសាស្ត្របានបកស្រាយថា ការដែលសត្វទីទុយអាចធ្វើបែបនោះបាន គឺដោយសារតែឆ្អឹងខ្នង និងសាច់ដុំផ្នែកពិសេស រួមទាំងឆ្អឹងកងទាំង ១៤ កង់របស់វា ដែលធម្មជាតិបានរចនាមកជាពិសេសឱ្យ បានជួយឱ្យឆ្អឹងអាចផ្លាស់ទីបានដោយសេរី។ ម្យ៉ាងទៀត ក៏ដោយសារស្លាបដែលធំជាងខ្លួនទាំងសងខាង និងរោមដ៏ក្រាសរបស់វាជួយបំភ័ន្តភ្នែកយើងផងដែរ។

អ្នកវិទ្យាសាស្ត្របានពន្យល់ទៀតថា ដោយសារសត្វទីទុយពុំអាចរើគ្រាប់ភ្នែកបាន ទើបធម្មជាតិផ្តល់លក្ខណៈពិសេសខាងលើនេះឱ្យពួកវាវិញ ដូច្នេះប្រសិនបើពួកវាចង់សម្លឹងទៅទិសផ្សេងមួយទៀត ពួកវាត្រូវតែងាកក្បាលទាំងមូលជំនួស។ ភ្នែកទាំងសងខាងរបស់សត្វទីទុយត្រូវសម្លឹងត្រង់ទៅខាងមុខ ដើម្បីអាចមើលឃើញអ្វីមួយបាន។ ខុសពីភ្នែកមនុស្ស ភ្នែករបស់សត្វទីទុយមើលឃើញអ្វីមួយបានត្រឹមតែ «ត្រីវិមាត្រ ឬ 3D» ប៉ុណ្ណោះ ប៉ុន្តែលក្ខណៈនេះគឺជាគុណសម្បត្តិដ៏ពិសេស ដើម្បីប្រមាញ់រកចំណីនៅពេលយប់។

ភ្នែករបស់សត្វទីទុយមានលក្ខណៈមូលទ្រវែង គឺដើម្បីឱ្យកញ្ចក់ភ្នែកមានទំហំកាន់តែធំ។ ភ្នែករបស់ពួកវាអាចចាប់ពន្លឺបានលឿនរហ័សជាងភ្នែកមនុស្សយើងដល់ទៅ ១០០ ដងឯណោះ។ ពួកវាអាចមើលឃើញកណ្ដុរនៅលើដីបានក្នុងរយៈកម្ពស់ ៤៥ ម៉ែត្រ ទោះបីជានៅក្នុងមជ្ឈដ្ឋានពន្លឺភ្លឺរ៉ឹមៗស្មើនឹងពន្លឺទៀនមួយដើមក៏ដោយ៕