(ភ្នំពេញ)៖ កែវ គឺជាប្រភេទកុលាលភាជន៍រលោង ឬថ្លា ដែលមនុស្សយើងត្រូវការប្រើប្រាស់ជាចាំបាច់ប្រចាំថ្ងៃ។ តើអ្នកដឹងទេថា តើជនជាតិណាចេះផលិតកុលាលភាជន៍កែវឡើងដំបូងគេបង្អស់ ហើយតាំងពីពេលណាមក?

តាមរយៈចម្លាក់នៅតាមប្រាសាទបុរាណ និងនៅតាមពីរ៉ាមីត បានបង្ហាញថា «កែវ» ត្រូវបានប្រើប្រាស់តាំងពីប្រមាណ ៣០០០ ឆ្នាំមុនគ្រិស្តសករាជមកម្ល៉េះ ហើយបើតាមកំណាយបុរាណវិទ្យានៅប្រទេសអេហ្ស៉ីប និងតំបន់មេសូម៉ូតាមី (Mesopotamia) គេរកឃើញកុលាលភាជន៍កែវដែលចាស់ជាងគេ គឺមានអាយុកាលប្រហែល ១៥០០ ឆ្នាំមុនគ្រិស្តសករាជ។

អ្នកបុរាណវិទ្យាបានសិក្សារកឃើញទៀតថា វត្ថុធាតុដើមដែលប្រើប្រាស់ក្នុងផលិតកែវនាសម័យនោះ គឺមានដូចជាខ្សាច់ស៊ីលីកា (SiO2) ផេះសូដា (Soda ash) ឬហៅតាមពាក្យបច្ចេកទេសថា សូដ្យូមកាបូណាត (Na₂CO₃) និងថ្មកំបោរ (CaCO₃) ជាដើម។

បច្ចុប្បន្ន កែវ ឬកញ្ចក់ ត្រូវបានប្រើប្រាស់ស្ទើរតែគ្រប់តម្រូវ ដូចជា ចានថ្លា កែវទឹក កញ្ចក់បង្អួចនៅក្នុងផ្ទះ ក្នុងសាលារៀន និងក្នុងសំណង់ការិយាល័យ គឺត្រូវបានធ្វើឡើងពីកែវ។ យានជំនិះមានកញ្ចក់ និងបង្អួចក៏ធ្វើពីកែវ។ មនុស្សដែលមានបញ្ហាភ្នែក ក៏ត្រូវការពាក់វ៉ែនតាដែលធ្វើឡើងពីកែវកញ្ចក់។ អ្នកវិទ្យាសាស្រ្តក៏តែងតែងត្រូវការប្រើប្រាស់បំពង់កែវពិសោធន៍ មីក្រូទស្សន៍ (Microscopes) តេឡេទស្សន៍ ឬកែវយឺត (Telescopes) ដែលសុទ្ធតែមានកញ្ចក់ធ្វើអំពីកែវផងដែរ៕