(ភ្នំពេញ)៖ ថាមពលអគ្គិសនី គឺជាតម្រូវការចាំបាច់សម្រាប់ជីវភាពប្រចាំថ្ងៃរបស់មនុស្ស។ ប្រភពធនធានធម្មជាតិជាច្រើនប្រភេទ ដែលត្រូវបានទាញយកមកបំប្លែងជាថាមពលអគ្គិសនីនេះ មានដូចជាធ្យូងថ្ម ផូស៉ីល វារីអគ្គិសនី ប្រេងឆៅ សូឡា (ពន្លឺព្រះអាទិត្យ) ក៏ដូចជានុយក្លេអ៊ែរជាដើម។
ខាងក្រោមនេះគឺជាប្រទេសទាំង ៥ ដែលផលិតថាមពលអគ្គិសនីច្រើនជាងគេនៅលើពិភពលោក៖
លំដាប់ទី៥៖ ប្រទេសជប៉ុន
ប្រទេសជប៉ុនស្ថិតនៅលំដាប់ថ្នាក់ទី៥ ក្នុងចំណោមប្រទេសដែលផលិតថាមពលអគ្គិសនីបានច្រើនជាងគេបង្អស់ក្នុងមួយឆ្នាំៗ។ ជប៉ុនផលិតអគ្គិសនីបាន ១,០០៤ តេរ៉ាវ៉ាត់ម៉ោង (TW/h) កាលពីឆ្នាំ២០២០ ស្មើនឹង ៣.៨ ភាគរយ នៃទំហំអគ្គិសនីសរុបរបស់ពិភពលោក។
ពីដើមមក ប្រទេសជប៉ុនតែងពឹងផ្អែកខ្លាំងលើថាមពលនុយក្លេអ៊ែរ ដើម្បីផលិតជាថាមពលអគ្គិសនី ដោយសារខ្លួនពុំសូវមានធនធានប្រេងឆៅ និងឧស្ម័នធម្មជាតិច្រើនគ្រប់គ្រាន់។ បច្ចុប្បន្នជាង ១/៣ នៃអគ្គិសនីនៅជប៉ុន គឺត្រូវបានផលិតឡើងតាមរយៈឥន្ធនៈផូស៉ីល ក៏ប៉ុន្តែការប្រើប្រាស់ថាមពលវារីអគ្គិសនី និងថាមពលផ្ទាំងសូឡា (ពន្លឺព្រះអាទិត្យ) ក៏កំពុងមានសន្ទុះកើនឡើងនៅប្រទេសដីកោះមួយនេះផងដែរ។
រោងចក្រផលិតអគ្គិសនីកាស៉ីវ៉ាសាគិ-ការីវ៉ា (Kashiwazaki-Kariwa) នៅខេត្តនីហ្កាតៈ (Niigata) គឺជារោងចក្រថាមពលនុយក្លេអ៊ែរធំជាងគេបំផុតលើលោក ជាមួយសមត្ថភាពផលិតអគ្គិសនីជាអតិបរមា ៧.៩៦ ហ្គីហ្កាវ៉ាត់ (GW)។
លំដាប់ទី៤៖ ប្រទេសរុស្ស៉ី
ប្រទេសរុស្ស៉ីស្ថិតលេខរៀងទី៤ ជាមួយសមត្ថភាពផលិតអគ្គិសនីជាអតិបរមា ១,០៨៥ តេរ៉ាវ៉ាត់ម៉ោង កាលពីក្នុងឆ្នាំ២០២០ ដែលស្មើនឹង ៤.១ ភាគរយនៃការផលិតអគ្គិសនីសរុបរបស់ពិភពលោក។ រុស្ស៉ីមានសមត្ថភាពផលិតអគ្គិសនីជាអតិបរមាជាង ២២០ ហ្គីហ្កាវ៉ាត់ ដែលបានមកពីរោងចក្រថាមពលជិត ៤៤០ កន្លែង។
ការផលិតថាមពលអគ្គិសនីនៅក្នុងប្រទេសរុស្ស៉ី ភាគច្រើនគឺបានមកពីរោងចក្រថាមពលឧស្ម័ន និងធ្យូងថ្ម ខណៈប្រភពថាមពលដែលអាចប្រើប្រាស់ឡើងវិញ ទទួលបន្ទុកប្រហែល ១៧ ភាគរយ កាលពីឆ្នាំ២០២០។ បើនិយាយពីថាមពលនុយក្លេអ៊ែរ រុស្ស៉ីមានរ៉េអាក់ទ័រចំនួន ៣១ កំពុងធ្វើប្រតិបត្តិការ ជាមួយសមត្ថភាពផលិតអគ្គិសនីបាន ២១ ហ្គីហ្កាវ៉ាត់។
រោងចក្រថាមពលធំជាងគេរបស់រុស្ស៉ី គឺស្ថានីយវារីអគ្គិសនីសាយ៉ាណូ-ស៊ូស៉ិនស្កេយ (Sayano-Shushenskaya) ដែលអាចផលិតថាមពលបាន ៦.៥ ហ្គីហ្កាវ៉ាត់ ដែលត្រូវបានសាងសង់ឡើងនៅទន្លេយិននីស៉ី (Yenisei) ក្បែរក្រុងសាយ៉ាណូគ្រូស (Sayanogorsk) ក្នុងតំបន់រដ្ឋសហព័ន្ធខាកាសស៉ី (Khakassia) និងបានចាប់ធ្វើប្រតិបត្តិការតាំងពីឆ្នាំ១៩៧៨ មកម្ល៉េះ។
លំដាប់ទី៣៖ ប្រទេសឥណ្ឌា
ស្ថិតនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសឥណ្ឌា។ កាលពីក្នុងឆ្នាំ២០២០ ឥណ្ឌាផលិតថាមពលអគ្គិសនីបាន ១,៥៦០ តេរ៉ាវ៉ាត់ម៉ោង ដែលភាគច្រើនបានមកពីថាមពលធ្យូងថ្ម។ រោងចក្រថាមពលធ្យូងថ្មធំៗបំផុតរបស់ឥណ្ឌា រួមមានដូចជាស្ថានីយវីនឌីអាឆាល (Vindhyachal) អាចផលិតបាន ៤.៧ ហ្គីហ្កាវ៉ាត់ ស្ថិតនៅរដ្ឋម៉ាត់ឌីយ៉ាប្រាដេស (Madhya Pradesh) និងស្ថានីយមុនដ្រា (Mundra) អាចផលិតបាន ៤.៦ ហ្គីហ្កាវ៉ាត់ ស្ថិតនៅរដ្ឋគុជចារ៉ាត់ (Gujarat)។
ឥណ្ឌាក៏ផលិតអគ្គិសនីបានច្រើនគួរសម ដោយប្រើថាមពលវារីអគ្គិសនីផងដែរ។ ស្ថានីយវារីអគ្គិសនីសារដារសារ៉ូវ៉ារ (Sardar Sarovar) អាចផលិតអគ្គិសនីបាន ១.៤៥ ហ្គីហ្កាវ៉ាត់ នៅរដ្ឋគុជចារ៉ាត់ គឺជាស្ថានីយវារីអគ្គិសនីធំជាងគេរបស់ឥណ្ឌា។ ទន្ទឹមគ្នានេះ ឥណ្ឌាបានដាក់ក្តីសង្ឃឹមខ្ពស់លើថាមពលសូឡា ដោយរំពឹងថាវានឹងចូលរួមចំណែកធំក្នុងកិច្ចប្រឹងប្រែងកាត់បន្ថយការពឹងផ្អែកលើឥន្ធនៈផូស៉ីល។
លំដាប់ទី២៖ សហរដ្ឋអាមេរិក
សហរដ្ឋអាមេរិកជាប្រទេសលំដាប់ថ្នាក់ទី២ ដែលផលិតអគ្គិសនីបានច្រើនជាងគេ កាលពីឆ្នាំ២០២០ មានទំហំ ៤,២៨៦ តេរ៉ាវ៉ាត់ម៉ោង។ ៣៥ ភាគរយ ក្នុងចំណោមនោះបានមកពីថាមពលឧស្ម័នធម្មជាតិ និងឧស្ម័នផ្សេងៗ ខណៈ ២៣ ភាគរយបានមកពីធ្យូងថ្ម និងជិត ២០ ភាគរយទៀតបានមកពីថាមពលនុយក្លេអ៊ែរ។
រោងចក្រថាមពលនុយក្លេអ៊ែរធំៗបំផុតរបស់សហរដ្ឋអាមេរិក រួមមានស្ថានីយផាឡូវើដ (Palo Verde) អាចផលិតអគ្គិសនីបាន ៣.៩ ហ្គីហ្កាវ៉ាត់ នៅរដ្ឋអារីហ្សូណា និងស្ថានីយហ្សៀរឺរ (Scherer) ដែលអាចផលិតអគ្គិសនីបាន ៣.៦ ហ្គីហ្កាវ៉ាត់ នៅរដ្ឋចចជា និងស្ថានីយប្រោនស្វឺររី (Browns Ferry) ដែលអាចផលិតអគ្គិសនីបាន ៣.៤ ហ្គីហ្កាវ៉ាត់ នៅរដ្ឋអាឡាបាម៉ា។
លំដាប់ទី១៖ ប្រទេសចិន
ចំណាត់ថ្នាក់លេខ១ គឺបានទៅប្រទេសចិន។ កាលពីឆ្នាំ២០២០ ចិនផលិតអគ្គិសនីបាន ៧,៥០៣ តេរ៉ាវ៉ាត់ម៉ោង ដែលភាគច្រើនតាមរយៈការប្រើប្រាស់ថាមពលធ្យូងថ្ម និងវារីអគ្គិសនី។ ស្ថានីយតាថាងធ័រកឺធ័រ (Datang Tuoketuo) អាចផលិតអគ្គិសនីបាន ៦.៧ ហ្គីហ្គាវ៉ាត់ ដែលជារោងចក្រថាមពលធ្យូងថ្មធំបំផុតលើលោក គឺស្ថិតនៅប្រទេសចិន។ ជាមួយគ្នានេះ ចិនក៏មានស្ថានីយថាមពលវារីអគ្គិសនីធំៗបំផុតលើលោកផងដែរ រួមមាន ស្ថានីយស្រ៉ីហ្គ័រចេស (Three Gorges) អាចផលិតអគ្គិសនីបាន ២២.៥ ហ្គីហ្កាវ៉ាត់ ដែលធំដាច់គេ។ ដោយឡែក ប៉ុន្មានឆ្នាំចុងក្រោយនេះ ចិនបានខំប្រឹងប្រែងបង្កើនប្រភពថាមពលដែលអាចប្រើប្រាស់ឡើងវិញ៕