(ភ្នំពេញ)៖ ដើម្បីជម្នះនឹងឧបសគ្គធម្មជាតិ និងដើម្បីនិរន្តរភាពផែនដី មនុស្សបាននាំគ្នាដាំដើមឈើជាច្រើនកសាងជារបងបៃតងដ៏ធំសម្បើម ទប់ស្កាត់ការរីកមាឌនៃមហាវាលខ្សាច់ ដោយគេបានហៅគម្រោងនោះថា The Great Green Wall ឬហៅជាខេមរភាសាថា «មហាកំពែងបៃតង»។ តើអ្នកដឹងទេថា The Great Green Wall ស្ថិតនៅឯណា មានទំហំធំប៉ុនណា?
The Great Green Wall គឺជាគម្រោងដាំដើមឈើដ៏ធំសម្បើមមួយដែលមានប្រវែងសរុប ៧,០០០ គីឡូម៉ែត្រ លាតសន្ធឹងពីចាប់ពីឆ្នេរសមុទ្រម្ខាង (ប៉ែកខាងមហាសមុទ្រអាត្លង់ទិក) ទៅឆ្នេរសមុទ្រម្ខាងទៀតនៃទ្វីបអាហ្រិក (ប៉ែកខាងសមុទ្រក្រហម)។
គម្រោង The Great Green Wall នេះមានឈ្មោះពេញហៅថា «មហាកំពែងបៃតងនៃវាលខ្សាច់សាហារ៉ា និងតំបន់សាហេល ឬ Great Green Wall of the Sahara and the Sahel» ដែលដឹកនាំអនុវត្តដោយសហភាពអាហ្វ្រិក (African Union)។ គំនិតផ្តួចផ្តើមនេះបង្កើតឡើង ដើម្បីប្រឆាំងទប់ស្កាត់នឹងការរីកទំហំនៃខ្សាច់សាហារ៉ា និងធ្វើឲ្យវាលខ្សាច់នេះកាន់តែតូចជាមុន តាមរយៈការដាំដើមឈើធ្វើជាជញ្ជាំង លាតសន្ធឹងកាត់តំបន់សាហេលទាំងមូល។ វាបានវិវត្តទៅជាកម្មវិធីលើកកម្ពស់បច្ចេកទេសប្រមូលទឹក និងការការពារធម្មជាតិបៃតង ក៏ដូចជាការធ្វើឱ្យប្រសើរឡើងនូវបច្ចេកទេសប្រើប្រាស់ដីជនជាតិដើមភាគតិច ក្នុងគោលបំណងបង្កើតទេសភាពបៃតង និងផលិតភាពនៅទូទាំងអាហ្វ្រិកខាងជើង ក្នុងនោះមានប្រទេសជាង ២០ នៅអាហ្វ្រិកបានសហការគ្នាក្នុងការដាំរបងដើមឈើដ៏ធំមួយនេះ។
* សាវតានៃការផ្ដួចផ្ដើមគម្រោង
ក្នុងឆ្នាំ១៩៥០ អ្នកផ្សងព្រេងអង់គ្លេសម្នាក់ឈ្មោះ រីឆាតស្ត្រីត បាបបេកខឺរ (Richard St. Barbe Baker) បានបង្កើតបេសកកម្មនៅវាលខ្សាច់សាហារ៉ា។ អំឡុងពេលបំពេញបេសកកម្មបាន ៤០,០០០ គីឡូម៉ែត្រ គាត់បានផ្តើមគំនិតម្យ៉ាង ដែលប្រហែលនឹងពាក្យខ្មែរថា «រណសិរ្សបៃតង ឬ Green front»។ គំនិតនេះបំផុសឲ្យមានម្តងទៀតនៅឆ្នាំ២០០២ នៅសន្និសីទពិសេស ដែលធ្វើឡើងនៅរដ្ឋធានីយ៉ាមេណា (N'Djamena) ប្រទេសឆាដ នាសម័យប្រជុំទិវាពិភពលោកប្រយុទ្ធប្រឆាំងនឹងការរីកមាឌនៃវាលខ្សាច់ និងគ្រោះរាំងស្ងួត (World Day to Combat Desertification and Drought)។ ក្រោយមក វាត្រូវបានទទួលយកដោយសន្និសីទមេដឹកនាំ និងប្រមុខរដ្ឋ ដែលជាសមាជិកនៃសហគមន៍សាហារ៉ា-សាហេល (Sahel-Saharan) អំឡុងពេលសម័យប្រជុំសាមញ្ញលើកទី៧ ដែលបានធ្វើឡើងក្នុងរដ្ឋធានីអៅហ្កាឌូហ្គូ (Ouagadougou) ប្រទេសបួគីណាហ្វាសូ (Burkina Faso) កាលពីថ្ងៃទី១ ដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០០៥។ សហភាពអាហ្វ្រិកបានយល់ព្រមនៅឆ្នាំ២០០៧ ដោយដាក់ឈ្មោះថា «គំនិតផ្តួចផ្តើមមហាកំពែងពណ៌បៃតង សម្រាប់វាលខ្សាច់សាហារ៉ា និងតំបន់សាហេល (GGWSSI)»។
មេរៀនទទួលបានពីទំនប់វារីអគ្គិសនីអាល់ហ្សេរី (Algerian Green Dam) និងមហាកំពែងចិន (Great Wall of China) បង្កើតឲ្យមានវិធីសាស្រ្តពហុវិស័យរួមបញ្ចូលគ្នា។ ដើមឡើយ គំនិតផ្តួចផ្តើមដាំដើមឈើដែលជាគម្រោងមួយនេះបានវិវត្តទៅជាឧបករណ៍អភិវឌ្ឍន៍កម្មវិធី។ បន្ទាប់មក បណ្តាប្រទេសបួគីណាហ្វាសូ ជីប៊ូទី (Djibouti) អេរីត្រេ (Eritrea) អេត្យូពី (Ethiopia) ម៉ាលី (Mali) ម៉ូរីតានី (Mauritania) នីហ្សេ (Niger) នីហ្សេរីយ៉ា (Nigeria) សេណេហ្កាល់ (Senegal) ស៊ូដង់ (Sudan) និងឆាដ បានបង្កើតឲ្យមានទីភ្នាក់ងារ Panafrican Agency នៃមហាកំពែងបៃតង (PAGGW)។
យុទ្ធសាស្ត្រតំបន់ប្រកបដោយសុខដុមនីយកម្ម ត្រូវបានអនុម័តនៅខែកញ្ញា ឆ្នាំ២០១២ ដោយសន្និសីទរដ្ឋមន្ត្រីអាហ្រ្វិកស្តីពីបរិស្ថាន (AMCEN)។ បើតាម AMCEN បញ្ជាក់ថា មហាកំពែងបៃតង គឺជាកម្មវិធីដ៏សំខាន់មួយដែលនឹងរួមចំណែកដល់គោលដៅនៃសន្និសីទអង្គការសហប្រជាជាតិ ស្តីពីការអភិវឌ្ឍប្រកបដោយចីរភាព ឬ RIO+20 នៃពិភពអព្យាក្រឹតនៃការរិចរិលដី (a land degradation neutral world)។
នៅឆ្នាំ២០១៤ សហភាពអឺរ៉ុប និងអង្គការស្បៀងអាហារ និងកសិកម្ម របស់អង្គការសហប្រជាជាតិ សហការជាមួយអាហ្វ្រិក និងដៃគូក្នុងតំបន់ផ្សេងទៀត បានចាប់ផ្តើមកម្មវិធីសកម្មភាពប្រឆាំងនឹងការរីកមាឌនៃវាលខ្សាច់ ដើម្បីជំរុញគំនិតផ្តួចផ្តើមមហាកំពែងពណ៌បៃតងសម្រាប់វាលខ្សាច់សាហារ៉ា និងតំបន់សាហេល (GGWSSI)។
នៅឆ្នាំ២០១៦ ប្រហែល ១៥ ភាគរយនៃផ្ទៃដីគោលដៅ ត្រូវបានដាំដើមឈើ ស្របពេលប្រទេសចំនួន ២១ មានគម្រោងទាក់ទងនឹងមហាកំពែងពណ៌បៃតង រួមទាំងការបង្កើតធម្មជាតិពណ៌បៃតងឡើងវិញ ដែលគាំទ្រដោយកសិករផងដែរ។
* គោលការណ៍ធំៗនៃគម្រោង
គំនិតផ្តួចផ្តើមមហាកំពែងពណ៌បៃតងសម្រាប់វាលខ្សាច់សាហារ៉ា និងតំបន់សាហេល (GGWSSI) មានបំណងពង្រឹងយន្តការដែលមានស្រាប់ (ដូចជាកម្មវិធីអភិវឌ្ឍកសិកម្មអាហ្រ្វិកដ៏ទូលំទូលាយំ កម្មវិធីបរិស្ថាន តំបន់ អនុតំបន់ និងកម្មវិធីជាតិ ដើម្បីប្រយុទ្ធប្រឆាំងនឹងការរីកមាឌនៃវាលខ្សាច់) ដើម្បីបង្កើនប្រសិទ្ធភាពតាមរយៈការរួមបញ្ចូលគ្នា និងសកម្មភាពសម្របសម្រួល។
យុទ្ធសាស្រ្តសុខដុមនីយកម្មក្នុងតំបន់ សង្កត់ធ្ងន់លើភាពជាដៃគូរវាងភាគីពាក់ព័ន្ធ ការធ្វើសមាហរណកម្មទៅក្នុងកម្មវិធីដែលមានស្រាប់ ការចែករំលែកមេរៀនដែលទទួលបាន (ជាពិសេសតាមរយៈកិច្ចសហប្រតិបត្តិការខាងត្បូង និងការផ្ទេរបច្ចេកវិទ្យា) ការចូលរួមក្នុងតំបន់ និងភាពជាម្ចាស់នៃសកម្មភាព និងការអភិវឌ្ឍផែនការរួមបញ្ចូលគ្នា និងការអភិវឌ្ឍផែនការសកល។
គម្រោងដែលមានទឹកប្រាក់ចំនួន ៨ ពាន់លានដុល្លារ មានបំណងស្តារឡើងវិញនូវផ្ទៃដីខូចខាត ១០០ លានហិកតា នៅត្រឹមឆ្នាំ២០៣០ ដែលនឹងបង្កើតការងារនៅជនបទចំនួន ៣៥០,០០០ កន្លែង និងស្រូបយកឧស្ម័នកាបូនិកចំនួន ២៥០ លានតោនពីបរិយាកាស។
* ការអនុវត្តគម្រោងរបស់ប្រទេសដែលចូលរួម
ចាប់តាំងពីឆ្នាំ២០១៤ ដំណើរការអេកូស៉ី (Ecosia) ដែលមិនប៉ះពាល់ដល់បរិស្ថាន បានចាប់ដៃគូជាមួយប្រជាជនក្នុងតំបន់បួគីណាហ្វាសូ (Burkina Faso)។ Ecosia បានពង្រីកយុទ្ធនាការទៅកាន់ប្រទេសអេត្យូពីនៅឆ្នាំ២០១៧ និងទៅកាន់ប្រទេសសេណេហ្កាល់នៅឆ្នាំបន្ទាប់។ បើតាម Ecosia បញ្ជាក់ថា ដើមឈើប្រមាណជិត ១៧ លានដើម ត្រូវបានដាំនៅប្រទេសបួគីណាហ្វាសូដែលមានផ្ទៃដី ១២,៣៨៤ ហិកតា ត្រូវបានបង្កើតឲ្យមានជីជាតិ ខណៈដើមឈើប្រមាណជាង ១ លានដើម ត្រូវបានដាំនៅប្រទេសសេណេហ្កាល់ ដែលបង្កើតដីជីជាតិបាន ៣០០ ហិកតា ដើមឈើប្រមាណជិត ៤ លានដើម ត្រូវបានដាំ និងបង្កើតដីជីជាតិ ១,៦០០ ហិកតា នៅប្រទេសអាត្យូពី គិតត្រឹមថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០។
បើតាមសារព័ត៌មានអង់គ្លេសដ៏ល្បី BBC, គិតត្រឹមខែកញ្ញា ឆ្នាំ២០១៧ ដំណើរការដាំដើមឈើមានលទ្ធផលល្អណាស់ក្នុងប្រទេសសេណេហ្កាល់។ បើគិតត្រឹមខែមីនា ឆ្នាំ២០១៩ មហាកំពែងបៃតងសម្រេចបាន ១៥ ភាគរយ លាតសន្ធឹតនៅនីហ្សេរីយ៉ា សេណេហ្កាល់ និងអេត្យូពី។ នៅប្រទេសសេណេហ្កាល់ ដើមឈើលើសពី ១១ លានដើម ត្រូវបានដាំ។ ប្រទេសនីហ្សេរីយ៉ាបានធ្វើឲ្យដីមានជីជាតិ ៤.៩ លានហិកតា នៃដីដែលរេចរិល ខណៈដែលប្រទេសអេត្យូពីបានធ្វើឲ្យដីមានជីជាតិ ១៥ លានហិកតា។ ក្នុងខែកញ្ញា ឆ្នាំ២០២០ មានសេចក្តីរាយការណ៍ថា មហាកំពែងបៃតងបានស្ថិតត្រឹមតែ ៤ ភាគរយនៃដីដែលបានដាំដើមឈើប៉ុណ្ណោះ ពោលគឺ ៤ លានហិកតា។ ប្រទេសអេត្យូពីបានជោគជ័យជាងគេដែលបានដាំ ៥.៥ ពាន់លានពូជនៃដើមឈើ ប៉ុន្តែប្រទេសឆាដបានដាំត្រឹមតែ ១.១ លានដើមប៉ុណ្ណោះ ខណៈដែល ១២ លានដើម ត្រូវបានដាំនៅប្រទេសសេណេហ្កាល់៕