(បរទេស)៖ ស្ថិតនៅចន្លោះទ្វីប និងសមុទ្រ គឺជាឆ្នេរសមុទ្រ (Beach) និងច្រាំងសមុទ្រ (Coastline) ដែលផ្ដល់នូវសក្ដានុពលយ៉ាងសម្បូរបែបក្នុងការជំរុញវឌ្ឍនភាពនៃវិស័យទេសចរណ៍ និងវិស័យផ្សេងទៀត។ នៅលើពិភពលោកយើងនេះ មានប្រទេសជាច្រើនដែលនៅជាប់នឹងសមុទ្រ ប៉ុន្តែតើអ្នកមានដឹងទេថា ឆ្នេរសមុទ្រដែលវែងជាងគេមានទីតាំងស្ថិតនៅប្រទេសណា?

ឆ្នេរប្រាយអាដូកាស៉ីណូ (Praia do Cassino Beach) ត្រូវបានគេចាត់ទុកថាជាឆ្នេរសមុទ្រវែងជាងគេនៅលើពិភពលោក ដែលមានប្រវែងសរុប ២៤១,៤០២ គីឡូម៉ែត្រ។ វាមានទីតាំងស្ថិតនៅក្នុងរដ្ឋរីយ៉ូហ្គ្រេនឌីដូស៊ូល (Rio Grande do Sul) ភាគខាងត្បូងប្រទេសប្រេស៊ីល ពោលគឺនៅជាប់នឹងមហាសមុទ្រអាត្លង់ទិក ប៉ែកខាងត្បូង។

ឆ្នេរប្រាយអាដូកាស៉ីណូនេះ គឺពោរពេញទៅដោយខ្សាច់ពណ៌ស-ក្រហម រីឯអាកាសធាតុទៀតសោត គឺមានភាពភាពក្ដៅល្មម សាកសមសម្រាប់ភ្ញៀវទេសចរដែលធ្លាប់រស់នៅតំបន់ត្រជាក់។ ភ្ញៀវទេសចរអាចដេកហាលថ្ងៃ សម្រាកលម្ហែ ជិះស្គីទឹក ឬលេងកីឡាលើឆ្នេរខ្សាច់ និងលើទឹកបានយ៉ាងរីករាយបំផុត។

ម្យ៉ាងវិញទៀត គេក៏បានផ្សព្វផ្សាយតៗគ្នាថាប្រជាជនប្រេស៉ីលដែលរស់នៅតាមតំបន់ឆ្នេរនេះ គឺពិតជាមានភាពរួសរាយរាក់ទាក់ និងមានបដិសណ្ឋារកិច្ចល្អមែនទែន។

ឆ្នេរមួយនេះគឺជាសក្ដានុពលទេសចរណ៍ដ៏ពិសេសសម្រាប់ប្រទេសប្រេស៉ីល ដែលបានចូលរួមចំណែកអភិវឌ្ឍន៍វិស័យទេសចរណ៍ នាំចំណូលយ៉ាងច្រើនចាក់បញ្ចូលទៅក្នុងសេដ្ឋកិច្ចជាតិ និងផ្ដល់ប្រាក់ចំណូលដល់ប្រជាជនមូលដ្ឋាន។

ចំពោះប្រទេសកម្ពុជាបានចាត់ទុកតំបន់ឆ្នេរសមុទ្ររបស់ខ្លួនជា «តារារះនាទិសនិរតី» ពោលគឺជាប៉ូលទេសចរណ៍ធំដ៏សំខាន់មួយ ក្នុងចំណោមប៉ូលទេសចរណ៍ធំៗផ្សេងទៀត៕