(ភ្នំពេញ)៖ តាមរយៈរូបគំនូរដែលស្ដែងអំពីរូបភាព សកម្មភាព និងប្រវត្តិរបស់ព្រះចៅអធិរាជបារាំង ណាប៉ូឡេអុង បូណាផាត (Napoleon Bonaparte the Great) គេតែងឃើញថា ព្រះអង្គគឺមានរូបរាងទាបល្អិតជាងកងទ័ពនៅជុំវិញទ្រង់ ដូច្នេះហើយទើបមានមនុស្សយល់ថា ណាប៉ូឡេអុង គឺមានមាឌតូចល្អិតជាងមនុស្សទូទៅ ប៉ុន្តែការយល់ឃើញនេះមិនត្រឹមត្រូវនោះឡើយ។
ជំនឿដែលថា អធិរាជណាប៉ូឡេអុងជាមនុស្សមាឌតូចនោះមានប្រភពមកពីការបកស្រាយន័យខុស បូករួមនឹងការព្យាយាមបិទបាំងព័ត៌មាន ក្នុងចេតនាបង្អាប់ថែមទៀតនោះ ក៏រឹតតែធ្វើឱ្យមនុស្សភាគច្រើនមានការយល់ច្រឡំរហូតដល់ពេលបច្ចុប្បន្ន។ នៅក្នុងកោសល្យវិច័យនៅលើសពណាប៉ូឡេអុងកាលពីឆ្នាំ១៨២១ គេបានវាស់កម្ពស់របស់ទ្រង់ថាមានកម្ពស់ 5 pieds 2 pouces (ខ្នាតរបស់បារាំងនាសម័យនោះ) ដែលប្រហែលជាស្មើនឹង ១៦៩ សង់ទីម៉ែត្រ។
កម្ពស់ជាមធ្យមរបស់ជនជាតិបារាំងរវាងឆ្នាំ ១៨០០-១៨២០ គឺ ១៦៤ សង់ទីម៉ែត្រ ដូច្នេះណាប៉ូឡេអុងមានកម្ពស់ខ្ពស់ជាងគេទើបត្រូវ និងខ្ពស់ជាងបុរសជនជាតិអង់គ្លេសទូទៅ ក្នុងសម័យនោះដែលជាមធ្យមមានកម្ពស់ ១៦៨ សង់ទីម៉ែត្រ។
ក្រោយពីដណ្តើមអំណាចបានក្នុងឆ្នាំ១៧៩៩ ព្រះចៅណាប៉ូឡេអុងក៏បានកំណត់នូវកម្ពស់ទាហានគ្រប់ៗកង ដោយទាហានបារាំងត្រូវមានកម្ពស់យ៉ាងតិច ១៧៨ សង់ទីម៉ែត្រ ឯទាហានអង្គរក្សត្រូវមានកម្ពស់យ៉ាងតិច ១៧០ សង់ទីម៉ែត្រ ជាហេតុធ្វើឱ្យភាគច្រើននៃទាហាននៅជុំវិញណាប៉ូលេអុង មើលទៅខ្ពស់ជាងកម្ពស់របស់ព្រះអង្គ។
តាមពិតទៅ គ្មានភស្តុតាងខាងវិទ្យាសាស្ត្រណាមកបញ្ជាក់អំពីជំនឿថាណាប៉ូឡេអុងទាបជាងគេនោះឡើយ តែមកពីហេតុផលខាងចិត្តវិទ្យា ដែលយល់ច្រឡំចំពោះកម្ពស់របស់ទ្រង់។ ណាប៉ូឡេអុង អាចជាមនុស្សឆេវឆាវក៏ពិតមែន តែពុំមែនជាមនុស្សទាបនោះទេ៕