(ពិភពលោក)៖ នរណាៗក៏ដឹងដែរថា សហរដ្ឋអាមេរិក គឺជាមហាអំណាចយោធាលេខ ១ លើពិភពលោក ដូច្នេះវាគ្មានអ្វីចម្លែកទេដែលអាមេរិក ជាប្រទេសដែលមាននាវាដឹកយន្តហោះចម្បាំង (Aircraft Carrier) ច្រើនដាច់គេ បើធៀបនឹងប្រទេសដទៃទៀត។
ខាងក្រោមនេះ គឺជាប្រទេសទាំង ៩ ដែលមាននាវាដឹកយន្តហោះចម្បាំងកំពុងធ្វើប្រតិបត្តិការ៖
ទី១៖ សហរដ្ឋអាមេរិក (១១ គ្រឿង)
សហរដ្ឋអាមេរិក មាននាវាដឹកយន្តហោះចម្បាំងសរុបដល់ទៅ ១១ គ្រឿង ហើយពួកវាសុទ្ធតែដើរដោយថាមពលនុយក្លេអ៊ែរទាំងអស់។ នាវាទាំងនោះ ត្រូវបានបែងចែកជាប្រភេទនីមីត-ខ្លាស (Nimitz-class) ចំនួន ១០ គ្រឿង និងជេរ៉លដ៍ អា. ហ្វត-ខ្លាស (Gerald R. Ford-class) ចំនួន ១ គ្រឿង។ នាវាដឹកយន្តហោះចម្បាំង ២ ប្រភេទនេះ មានបណ្តោយប្រវែងជាង ៣៣០ ម៉ែត្រ និងទម្ងន់ខ្ទង់ជាង ១០០,០០០ តោន។ នាវាដឹកយន្តហោះចម្បាំងប្រភេទ Nimitz-class ត្រូវបានប្រើប្រាស់ជាលើកដំបូងកាលពីឆ្នាំ ១៩៧៥ ខណៈនាវាប្រភេទ Gerald R. Ford មួយគ្រឿងដំបូង ទើបតែត្រូវបានដាក់ឲ្យដំណើរការកាលពីឆ្នាំ ២០១៧។ នាវា Gerald R. Ford ចំនួនពីរគ្រឿងទៀតកំពុងស្ថិតក្រោមការសាង់សង់។
ទី២៖ ចក្រភពអង់គ្លេស (២ គ្រឿង)
ប្រភេទនាវាដឹកយន្តហោះចម្បាំងទាំង ២ គ្រឿងរបស់ចក្រភពអង់គ្លេសហៅថា ឃ្វីន អេលីហ្សាប៊ែត-ខ្លាស (Queen Elizabeth-class) ដែលមានទម្ងន់ ៦៥,០០០ តោន និង បណ្តោយប្រវែងជាង ២៨០ ម៉ែត្រ។ ក្នុងនោះមួយគ្រឿងឈ្មោះ HMS Queen Elizabeth។ វាត្រូវបានដាក់ឲ្យដំណើរការកាលពីចុងឆ្នាំ ២០១៧ រីឯមួយគ្រឿងទៀតឈ្មោះ HMS Prince of Wales ដែលទើបត្រូវបានដាក់ឲ្យដំណើរការកាលពីចុងឆ្នាំ ២០១៩។ នាវាដឹកយន្តហោះចម្បាំង Queen Elizabeth-class ត្រូវគេរំពឹងថានឹងមានអាយុកាលធ្វើប្រតិបត្តិការរហូតដល់ ៥០ ឆ្នាំ។
ទី៣៖ ចិន (២ គ្រឿង)
នាវាដឹកយន្តហោះចម្បាំងដំបូងរបស់ចិនឈ្មោះថា លាវនីង (Liaoning) ត្រូវបានសាងសង់ឡើង ចេញពីតួនាវាដឹកយន្តហោះចម្បាំងប្រភេទ Admiral Kuznetsov-class កាលពីសម័យសហភាពសូវៀតដែលចិនទិញពីអ៊ុយក្រែន។ វាមានទម្ងន់ ៥៧,០០០ តោន និងបណ្តោយប្រវែងជាង ៣០០ ម៉ែត្រ។ នាវាចម្បាំងនេះត្រូវបានដាក់ឲ្យដំណើរកាលឆ្នាំ២០១២។ ចំណែកនាវាដឹកយន្តហោះចម្បាំងទីពីរមានឈ្មោះថា សានទុង (Shandong) ដែលទើបតែត្រូវបានដាក់ឲ្យដំណើរការកាលពីចុងឆ្នាំ២០១៩។ នាវាដឹកយន្តហោះចម្បាំងចិនមួយទៀតក៏កំពុងស្ថិតក្រោមការសាងសង់ផងដែរ។
ទី៤៖ រុស្ស៉ី (១ គ្រឿង)
នាវាដឹកយន្តហោះចម្បាំងរបស់រុស្ស៉ីក៏មានប្រភេទជា អាដមីរ៉ល ឃូស្នេតសូវ-ខ្លាស (Admiral Kuznetsov-class) ដែរ ដែលមានឈ្មោះថា Admiral Flota Sovetskovo Soyuza Kuznetsov ឬ Admiral Kuznetsov តែម្តង។ នាវាដឹកយន្តហោះចម្បាំងនេះត្រូវបានដាក់ឲ្យដំណើរការតាំងពីឆ្នាំ ១៩៩១ មកម្ល៉េះ គឺអំលុងសម័យសហភាពសូវៀត។
ទី៥៖ ឥណ្ឌា (១ គ្រឿង)
នាវាដឹកយន្តហោះចម្បាំងឥណ្ឌាឈ្មោះ អ៉ីអ៉ិនអេស វិក្រមទិត្យា (INS Vikramaditya) គឺជានាវាដឹកយន្តហោះចម្បាំងប្រភេទ Kiev-class ទម្ងន់ ៤៥,៤០០ តោន និងបណ្តោយប្រវែងជាង ២៧០ ម៉ែត្រ កាលពីសម័យសហភាពសូវៀត។ ឥណ្ឌាបានទិញវាពីរុស្ស៉ីកាលពីឆ្នាំ ២០០៤ ក្នុងតម្លៃ ២.៣៥ ពាន់លានដុល្លារ ហើយត្រូវបានដាក់ឲ្យដំណើរការក្នុងជួរកងទ័ពជើងទឹកឥណ្ឌាកាលពីឆ្នាំ ២០១៣។ ឥណ្ឌាមាននាវាដឹកយន្តហោះចម្បាំងមួយគ្រឿងទៀតឈ្មោះ អ៉ីអ៉ិនអេស វិក្រាន្ត (INS Vikrant) ដែលកំពុងស្ថិតក្រោមការធ្វើតេស្តលើផ្ទៃសមុទ្រ។
ទី៦៖ បារាំង (១ គ្រឿង)
នាវាដឹកយន្តហោះចម្បាំងតែមួយគត់របស់បារាំងមានឈ្មោះថា ហ្សាលដឺហ្គោល (Charles de Gaulle) ទម្ងន់ ៤២,០០០ តោន បណ្តោយប្រវែងជាង ២៦០ ម៉ែត្រ និងដើរដោយថាមពលនុយក្លេអ៊ែរ។ វាត្រូវបានដាក់ឲ្យដំណើរការកាលពីឆ្នាំ ២០០១ ហើយបារាំងទំនងជានឹងត្រូវផលិតនាវាដឹកយន្តហោះចម្បាំងថ្មី ដើម្បីជំនួស Charles de Gaulle ពេលហួសពីឆ្នាំ ២០៣០ ទៅ។
ទី៧៖ អេស៉្បាញ (១ គ្រឿង)
នាវាដឹកយន្តហោះចម្បាំងរបស់ប្រទេសអេស៉្បាញមានឈ្មោះថា ហ៊ន់ការឡូទី១ (Juan Carlos I) ដែលមានទម្ងន់ ២៦,០០០ តោន និងបណ្តោយប្រវែង ២៣០ ម៉ែត្រ។ វាត្រូវបានដាក់ឲ្យដំណើរការកាលពីឆ្នាំ ២០១០។
ទី៨៖ អ៉ីតាលី (២ គ្រឿង)
ប្រទេសអ៉ីតាលីមាននាវាដឹកយន្តហោះចម្បាំងមួយគ្រឿងឈ្មោះ យូសសេបប៉េ ហ្ការីប៉ាល់ឌី (Giuseppe Garibaldi) ដែលមានទម្ងន់ ១៤,០០០ តោន និងបណ្តោយប្រវែង ១៨២ ម៉ែត្រ ហើយវាត្រូវបានដាក់ឲ្យដំណើរការកាលពីឆ្នាំ ១៩៨៥។ រីឯមួយគ្រឿងទៀតឈ្មោះ កាវួរ (Cavour) ទម្ងន់ ២៧,០០០ តោន និងបណ្តោយប្រវែង ២៤៤ ម៉ែត្រ។ វាត្រូវបានដាក់ឲ្យដំណើរកាលពីឆ្នាំ ២០០៨។ អ៉ីតាលីកំពុងសាងសង់នាវាដឹកយន្តហោះចម្បាំងមួយគ្រឿងទៀតឈ្មោះថា ទ្រីអេសស្តេ (Trieste) ដែលមានទម្ងន់ ៣២,៣០០ តោន។
ទី៩៖ ថៃ (១ គ្រឿង)
ថៃមាននាវាដឹកយន្តហោះចម្បាំងមួយគ្រឿងឈ្មោះ អេចធីអ៉ិមអេស ចក្រីរាជា (HTMS Chakri Naruebet) ដែលមានទម្ងន់ ១១,៤០០ តោន និងបណ្តោយប្រវែងជាង ១៨០ ម៉ែត្រ។ វាជាប់ឈ្មោះជានាវាដឹកយន្តហោះចម្បាំងទំហំតូចជាងគេបង្អស់ដែលកំពុងធ្វើប្រតិបត្តិការ និងត្រូវបានដាក់ឲ្យដំណើរការកាលពីឆ្នាំ ១៩៩៧។ ខណៈវាជានាវាប្រភេទដឹកយន្តហោះចម្បាំងក៏ពិតមែន តែចាប់តាំងពីឆ្នាំ ២០០៦ រហូតដល់បច្ចុប្បន្ន នាវានេះត្រូវបានប្រើប្រាស់តែជាមួយឧទ្ធម្ភាគចក្រ ហើយចេញធ្វើប្រតិបត្តិការយូរៗម្តងប៉ុណ្ណោះ៕