(ភ្នំពេញ)៖ ជួរភ្នំខ្ពស់ ត្រូវបានចាត់ទុកថាជាសរសនៃពិភពលោក ដែលកកើតពីការរញ្ជួយដីកាលពីរាប់លានឆ្នាំមុន។ តើអ្នកដឹងទេថា ជួរភ្នំណាខ្លះដែលមានកម្ពស់ខ្ពស់ជាងគេបំផុត។

* ខាងក្រោមនេះជាជួរភ្នំខ្ពស់ជាងគេបង្អស់ទាំង ១០ នៅលើពិភពលោក៖

លំដាប់ទី១០៖ ជួរភ្នំ កូរឌីលលែរ៉ា ដឺ ឡា រ៉ាម៉ាដា (Cordillera de la Ramada)

ជួរភ្នំ Cordillera de la Ramada ស្ថិតនៅខេត្តសាន់ហ៊ន់ (San Juan) នៃប្រទេសអាហ្សង់ទីន ហើយវាជាផ្នែកមួយនៃជួរភ្នំវែងបំផុតលើលោក គឺជួរភ្នំអង់ (Andes)។ ចំណុចខ្ពស់ជាងគេនៃជួរភ្នំ Cordillera de la Ramada គឺភ្នំ Mercedario (មែរស៉ីដារីយោ) ដែលមានកម្ពស់រហូតដល់ ៦,៧២០ ម៉ែត្រ។

លំដាប់ទី៩៖ ជួរភ្នំអង់ (Andes)

ជួរភ្នំអង់លាតសន្ធឹងប្រវែងប្រមាណជា ៧,០០០ គីឡូម៉ែត្រ កាត់ប្រទេសចំនួន ៧ នៅទ្វីបអាមេរិកខាងត្បូង រួមមាន វេណេស៊ុយអេឡា កូឡុំប៊ី អាក្វាទ័រ ប៉េរូ បូលីវី ស៉ីលី និងអាហ្សង់ទីន។ ភ្នំដែលខ្ពស់ជាងគេប្រចាំជួរភ្នំអង់នេះ គឺភ្នំអាកុងកាហ្កា (Aconcagua) ដែលមានកម្ពស់រហូតដល់ ៦,៩៦១ ម៉ែត្រ។

លំដាប់ទី៨៖ ជួរភ្នំនៀនឈីន ថាងគួឡា (Nyenchen Tanglha)

ជួរភ្នំនៀនឈីន ថាងគួឡា ស្ថិតនៅក្នុងតំបន់ខ្ពង់រាបទីបេ នៃប្រទេសចិន។ ភ្នំដែលខ្ពស់ជាងគេរបស់វា គឺមានឈ្មោះដូចទៅនឹងជួរភ្នំនេះដែរ ដែលមានកម្ពស់ ៧,១៦២ ម៉ែត្រ។

លំដាប់ទី៧៖ ជួរភ្នំឃុនលុន (Kunlun)

ជួរភ្នំឃុនលុន ដែលយើងធ្លាប់ស្គាល់នៅក្នុងភាពយន្តបុរាណចិននោះ ក៏ជាជួរភ្នំមួយស្ថិតនៅក្នុងប្រទេសចិនដែរ។ ចំណុចខ្ពស់បំផុតរបស់វា គឺភ្នំលូស៉ី (Luishi Shan) ដែលមានកម្ពស់ ៧,១៦៧ ម៉ែត្រ។

លំដាប់ទី៦៖ ជួរភ្នំខាកសាល់ធូ (Kakshaal Too)

ជួរភ្នំខាកសាល់ធូ ជាជួរភ្នំមួយស្ថិតក្នុងប្រព័ន្ធជួរភ្នំធំមួយហៅថា ធីនសាន (Tien-Shan) នៅតំបន់អាស៉ីកណ្តាល។ វាលាតសន្ធឹងកាត់ប្រទេសចិន និងប្រទេសកៀហ្ស៉ីស៉ីស្ថាន។ ចំណុចខ្ពស់ជាងគេរបស់វា គឺភ្នំចិនជីស៉ី ឆាវគូស៊ូ (Jengish Chokusu) មានកម្ពស់ ៧,៤៣៩ ម៉ែត្រ នៅស្ថិតនៅក្នុងប្រទេសទាំងពីរតែម្ដង។

លំដាប់ទី៥៖ ជួរភ្នំតាហ្ស៊ា (Daxue)

ជួរភ្នំតាហ្ស៊ា ស្ថិតក្នុងខេត្តស៉ីឈ័ន ភាគនិរតីនៃប្រទេសចិន។ ភ្នំគុងកា (Gongga) គឺជាចំណុចខ្ពស់ជាងគេប្រចាំជួរភ្នំនេះ ដែលមានកម្ពស់ ៧,៥៥៦ ម៉ែត្រ។

លំដាប់ទី៤៖ ជូរភ្នំប៉ាមៀរ (Pamir)

ជួរភ្នំប៉ាមៀរ ស្ថិតនៅជាប់ជួរភ្នំ ៣ ផ្សេងទៀត ដែលខ្ពស់បំផុតលើលោក គឺជួរភ្នំហិមាល័យ (Himalayas) ជួរភ្នំការ៉ាកូរ៉ាម (Karakoram) និងជួរភ្នំហិណ្ឌូគូស (Hindu Kush)។ ខណៈភាគច្រើននៃជួរភ្នំប៉ាមៀរ ស្ថិតនៅប្រទេសតាហ្ស៉ីគីស្ថាន ចំណុចខ្ពស់ជាងគេរបស់វា គឺភ្នំកុងគូរថៈ (Kongur Tagh) មានកម្ពស់ ៧,៦៤៩ ម៉ែត្រ ស្ថិតនៅក្នុងប្រទេសចិន។ ផ្នែកខ្លះនៃជួរភ្នំប៉ាមៀរ ក៏ស្ថិតនៅក្នុងដីអាហ្វហ្កានីស្ថាន និងកៀហ្ស៉ីស៉ីស្ថានផងដែរ។

លំដាប់ទី៣៖ ជួរភ្នំហិណ្ឌូគូស Hindu Kush

ភាគច្រើននៃជួរភ្នំហិណ្ឌូគូស ស្ថិតនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ខណៈផ្នែកខ្លះទៀតរបស់វាស្ថិតនៅប៉ាគីស្ថាន និងតាហ្ស៉ីគីស្ថាន។ ភ្នំទីរិចមៀរ (Tirich Mir) ដែលជាចំណុចខ្ពស់បំផុតរបស់វា គឺកម្ពស់ ៧,៧០៨ ម៉ែត្រ ស្ថិតនៅក្នុងប្រទេសប៉ាគីស្ថាន។

លំដាប់ទី២៖ ជួរភ្នំការ៉ាកូរ៉ាម (Karakoram)

ជួរភ្នំការ៉ាកូរ៉ាម លាតសន្ធឹងលើអាហ្វហ្កានីស្ថាន ចិន ឥណ្ឌា ប៉ាគីស្ថាន និងតាហ្ស៉ីគីស្ថាន។ ចំណុចខ្ពស់បំផុតរបស់ជួរភ្នំនេះ គឺភ្នំខេធូ (K2) ដែលជាភ្នំខ្ពស់បំផុតលំដាប់ទី២ នៅលើផែនដីផងដែរ មានកម្ពស់ ៨,៦១១ ម៉ែត្រ និងស្ថិតនៅព្រំប្រទល់រវាងចិន និងប៉ាគីស្ថាន។

លំដាប់ទី១៖ ជួរភ្នំហិមាល័យ (Himalayas)

ជួរភ្នំហិមាល័យ ជាកន្លែងភ្នំខ្ពស់ជាងគេ គឺភ្នំអេវឺរ៉េស (Everest) ដែលមានកម្ពស់ ៨,៨៤៨ ម៉ែត្រស្ថិតនៅ។ ភ្នំអេវឺរ៉េស ស្ថិតនៅក្នុងទឹកដីប្រទេសនេប៉ាល់ និងចិន ខណៈជួរភ្នំហិមាល័យលាតសន្ធឹងកាត់ប្រទេសចំនួន ៥ រួមមាន ប៊ូតង់ ចិន ឥណ្ឌា នេប៉ាល់ និងប៉ាគីស្ថាន។ ក្រៅពីភ្នំអេវឺរ៉េស ភ្នំខ្ពស់ៗបំផុតបន្ទាប់ទៀតលើកលែងតែភ្នំ K2 គឺសុទ្ធតែស្ថិតនៅជួរភ្នំហិមាល័យនេះឯង៕