(ភ្នំពេញ)៖ មានចម្ងល់ជាច្រើនបានលើកឡើងថា ប្រសិនបើពិភពលោកយើងនេះគ្មានមនុស្ស និងសត្វរស់នៅ តើអាចនឹងមានសំឡេង ក្លិន ពណ៌ ក៏ដូចជារសដែរឬទេ?
ពិតណាស់ថា ប្រសិនបើគ្មានមនុស្ស-សត្វរស់នៅលើពិភពលោកយើងនេះ យ៉ាងហោចណាស់ក៏នៅមានដី ទឹក ភ្លើង ខ្យល់ដែរ។ ប៉ុន្តែបើនិយាយចំពោះសំឡេង ក្លិន ពណ៌ ក៏ដូចជារសជាតិវិញនោះ គឺច្បាស់ជាមិនមាននោះឡើយ។ វាមិនមែនមកពីគ្មានអ្នកស្ដាប់ គ្មានអ្នកហិត គ្មានអ្នកឃើញ គ្មានអ្នកភ្លក្សនោះទេ គឺមកពីគ្មានភាវៈដែលមានប្រព័ន្ធប្រសាទដូចមនុស្ស និងសត្វ ពីព្រោះប្រព័ន្ធប្រសាទនៅក្នុងខ្លួនមនុស្ស-សត្វ អាចឱ្យពួកគេដឹងថា អ្វីមួយមានសំឡេង មានក្លិន មានពណ៌ មានរស និងមានពន្លឺជាដើម។
វិញ្ញាណទាំងប្រាំរបស់មនុស្ស គឺមានកាយវិញ្ញាណ (ខ្លួនប៉ះដឹង) ចក្ខុវិញ្ញាណ (ភ្នែកមើលឃើញ) ឃានវិញ្ញាណ (ច្រមុះហិតក្លិន) ជីវ្ហាវិញ្ញាណ (អណ្ដែតដឹងរស) និងសោតវិញ្ញាណ (ត្រចៀកស្ដាប់ឮ) គឺជាសាខានៃប្រព័ន្ធប្រសាទដែលទទួលបានព័ត៌មានហើយបញ្ជូនទៅខួរក្បាល តាមរយៈសរសៃប្រសាទ ហើយខួរក្បាលប្រាប់ឱ្យដឹងថា វត្ថុអ្វីមួយនោះវាមានលក្ខណៈរឹង រាវ ឬលម្ហ មានសំឡេងខ្លាំង ឬតិច ឬពីរោះ មានក្លិនស្អុយក្រអូប មានរសជាតិផ្អែម ល្វីង ប្រៃ សាប ជូរ ចត់ ឃើញមានពណ៌ រូបស្អាត ឬមិនស្អាតជាដើម។
ទាំងនេះហើយគឺជាចម្លើយខ្លីដែលតបទៅនឹងសំណួរសួរថា ប្រសិនបើពិភពលោកយើងនេះគ្មានមនុស្ស និងសត្វរស់នៅ តើអាចនឹងមានសំឡេង ក្លិន ពណ៌ ក៏ដូចជារសដែរឬទេ? ពីព្រោះប្រសិនបើគ្មានភាវៈដែលគ្មានប្រព័ន្ធប្រសាទទាំងនេះទេ ទោះជាបាក់ភ្នំ រញ្ជួយដី មេឃស្រស់បំព្រងយ៉ាងណា ក៏គ្មានអ្នកណាស្ដាប់អ្វីបាន ហិតដឹងក្លិន មើលឃើញ ឬដឹងរសជាតិបាននោះឡើយ៕