(ភ្នំពេញ)៖ មុនពេលចាប់ផ្ដើមការប្រកួតកីឡាបាល់ទាត់ម្ដងៗ ក្រុមកីឡាទាំងសងខាងតែងតែឈរប្រកៀកស្មាគ្នាជារង្វង់ ហើយក្រុមខ្លះក៏ស្រែកច្រៀងចម្រៀងជាតិរបស់គេជាដើម ខណៈកាយវិការបែបនេះមើលទៅហាក់ដូចជាដើម្បីពង្រឹងស្មារតីសាមគ្គីក្នុងក្រុម ប៉ុន្តែសាវតានៃការធ្វើបែបនេះ គឺនៅមានច្រើនទៀត។ ហេតុអ្វីបានជាកីឡាករបាល់ទាត់ត្រូវឈរជារង្វង់ មុនចាប់ផ្ដើមការប្រកួត?

ការឈរព័ទ្ធជារង្វង់នេះមានប្រវត្តិបង្កើតឡើងដំបូងនៅសាកលវិទ្យាល័យហ្កាល់ឡឺរដាដ (Gallaudet University) ក្នុងគោលបំណងដើម្បីលាក់កាយវិការដៃ កុំឱ្យភាគីអ្នកលេងម្ខាងទៀតដឹងពីយុទ្ធសាស្ត្រលេង។

គួរជម្រាបថា សាកលវិទ្យាល័យហ្កាល់ឡឺរដាដ គឺជាសាកលវិទ្យាល័យសម្រាប់និស្សិតថ្លង់ដំបូងគេនៅលើពិភពលោក ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ១៨៦៤ មានទីតាំងស្ថិតនៅទីក្រុងវ៉ាស៊ិនតោន សហរដ្ឋអាមេរិក ដោយពួកគេក៏បានបង្កើតក្រុមបាល់ទាត់អាមេរិកសម្រាប់មនុស្សថ្លង់ដំបូងគេផងដែរ។

ចំពោះកីឡាបាល់ទាត់របស់អាមេរិក អ្នកលេងទាំងពីរភាគីត្រូវឈរទល់មុខគ្នាជារង្វង់នៅកណ្តាលទីលានមុនចាប់ផ្តើមប្រកួត។ មុនឆ្នាំ១៨៩០ អ្នកឱ្យសញ្ញារបស់ក្រុមនីមួយៗតែងស្រែកប្រាប់យុទ្ធសាស្រ្តនៃការលេងដល់កូនក្រុម ហើយគូប្រកួតម្ខាងទៀតក៏ឮទាំងអស់ដែរ។

ដើម្បីដោះស្រាយបញ្ហានេះ គ្រូបង្វឹករបស់ក្រុមកីឡាករថ្លង់តែងប្រើកាយវិការដៃ ដើម្បីប្រាប់ពីយុទ្ធសាស្ត្រក្នុងការលេង ទើបក្រុមរបស់គាត់មានប្រៀបលើក្រុមដទៃ ដែលជាមនុស្សមានត្រចៀកធម្មតា។ ប៉ុន្តែនៅពេលលេងជាមួយក្រុមមនុស្សថ្លង់ដូចគ្នា ភាគីម្ខាងទៀតនឹងយល់យ៉ាងងាយ ទើបក្នុងឆ្នាំ១៨៩៤ គ្រូបង្វឹកដដែលបានចាប់ផ្តើមលាក់សញ្ញាដៃរបស់គេ ដោយការហៅអ្នកលេងខ្សែប្រយុទ្ធមកព័ទ្ធគ្នាជារង្វង់សិន មុននឹងលេងម្តងៗ។

ការប្រើតិចនិចនេះគឺមានប្រសិទ្ធភាពណាស់ រហូតក្លាយទៅជាទម្លាប់ដែលត្រូវធ្វើគ្រប់ពេលមុននឹងចាប់ផ្តើមការប្រកួត។ រហូតមកដល់ឆ្នាំ១៨៩៦ ការព័ទ្ធជារង្វង់ក៏បានរីកសុះសាយទៅដល់សកលវិទ្យាល័យផ្សេងៗ និងក្លាយជាទម្លាប់ដែលត្រូវធ្វើ រហូតមកដល់សព្វថ្ងៃនេះ។

សូមជម្រាបថា សាកលវិទ្យាល័យហ្កាល់ឡឺរដាដ គឺសាកលវិទ្យាល័យសម្រាប់មនុស្សថ្លង់មុនគេ ដែលបង្កើតឡើងដោយលោក អេដវើដ មិលន័រ ហ្កាល់ឡឺរដាដ (Edward Miner Gallaudet) ជាកូនប្រុសរបស់លោក ថូម៉ាស់ ហប់គីនស៍ (Thomas Hopkins Gallaudet) ដែលជាបិតានៃវិស័យអប់រំនៅសហរដ្ឋអាមេរិក៕