(ភ្នំពេញ)៖ ជាទូទៅ មនុស្សជាតិយើងតែងតែសាងសង់ទីជម្រករស់នៅ ឬកសាងភូមិដ្ឋាន ឬទីក្រុងនៅជិតប្រភពទឹក ដូចជាទន្លេ ស្ទឹងជាដើម ពីព្រោះថាគំនិតនេះបានកើតមានឡើងតាំងពីសម័យបុរេប្រវត្តិមកម្ល៉េះ។ ដូច្នេះហើយក៏មានចម្ងល់មួយចំនួនបានលើកឡើងថា ហេតុអ្វីបានមនុស្សជាតិយើងនិយមធ្វើដូច្នេះ?

ចម្លើយដ៏ងាយមួយ គឺត្រូវការទឹកប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ ម្យ៉ាងទៀត ឱ្យតែនៅទីណាមានទឹក ទីនោះគឺអាចធ្វើការដាំដុះដំណាំនានាបាន។ រីឯតំបន់ដែលអាចធ្វើការដាំដុះបានល្អបំផុត ភាគច្រើនគឺនៅតាមបណ្តោយដងទន្លេ ពីព្រោះទន្លេមានប្រភពទឹកគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ទៅដល់វិស័យកសិកម្ម ហើយអ្វីដែលពិសេសនោះ គឺថា នៅតាមដងទន្លេនានាតែងតែមានទឹកជំនន់ជារៀងរាល់រដូវកាល ដែលទឹកជំនន់នេះហើយ បាននាំមកនូវដីល្បាប់ដែលមានជីជាតិមកជាមួយ។

តំបន់មួយនៅអាស៊ីភាគនិរតី គឺតំបន់មេសូប៉ូតាមី (Mesopotamia) ដែលនៅចន្លោះទន្លេថាយហ្គ្រីស (Tigris) និងទន្លេយូហ្វ្រាត (Euphrates) និងលាតសន្ធឹងចន្លោះរវាងអាស៊ីមីន័រ (Asia Minor) និងឈូងសមុទ្រពែក្ស (Persian Gulf )។ វាគឺជាតំបន់ដែលមានលក្ខណៈពិសេសបំផុតរកលេខដាក់គ្មាន សម្រាប់រស់នៅរបស់មនុស្សតាំងពីកកើតមានសង្គមមនុស្សដំបូង។ ទីនោះហើយដែលជាកន្លែងកកើតអរិយធម៌ចំណាស់ជាងគេនៅលើភពផែនដីយើងនេះ។

មួយវិញទៀត ទន្លេ សមុទ្រជាដើមនេះ គឺជាបណ្ដាញតភ្ជាប់ផ្លូវពាណិជ្ជកម្មជាតិ និងអន្តរជាតិជិតឆ្ងាយ ជាមធ្យោបាយដឹកជញ្ជូន និងធ្វើដំណើរដ៏ល្អបំផុត ពីព្រោះនៅជំនាន់ដើម មិនងាយមានផ្លូវថ្នល់វែងឆ្ងាយដែលងាយស្រួលធ្វើដំណើរជាងផ្លូវទឹកនោះឡើយ។ ការដែលសង្គមមនុស្សមួយមានទំនាក់ទំនងជាមួយសង្គមមនុស្សមួយទៀត ក៏មានបណ្ដាញផ្លូវទឹកនេះហើយដែលជាមធ្យោបាយចម្បង និងដំបូងគេបង្អស់៕