(ភ្នំពេញ)៖ កាលពីមុន យើងនាំគ្នាជឿថា «មេជីវិតណាដែលរត់ចូលទៅដល់ស៊ុតមុនគេ វានឹងបោះចូលទៅចាប់បដិសន្ធិមុន» ប៉ុន្តែបើតាមការថតរូបភាពយ៉ាងលម្អិត បានបង្ហាញថាវាមិនដូច្នោះឡើយ មានន័យថា យើងកំពុងយល់ខុស។ តើការបកស្រាយថ្មីពាក់ព័ន្ធនឹងដំណើរចាប់បដិសន្ធិនេះ បង្ហាញមកយ៉ាងណាខ្លះ?
យើងធ្លាប់តែដឹងថា មេជីវិតនៅក្នុងទឹកកាម គឺមានរាប់រយលានក្បាល ដែលប្រឹងពុះពារហែលដើម្បីចូលទៅបន្តពូជជាមួយស៊ុតនៅក្នុងស្បូន ក្នុងនោះមានមេជីវិតតែមួយគត់ដែលបានចូលទៅខាងក្នុងស៊ុត ហើយក៏មានប្រតិកម្មប្រែប្រួលធំធាត់ក្លាយទៅជាទារក។
ផ្ទុយពីការបកស្រាយខាងលើនេះ បើតាមការស្រាវជ្រាវចុងក្រោយក្នុងវិស័យពេទ្យបានរកឃើញថា «ស៊ុតនៅក្នុងស្បូន គឺជាអ្នកជ្រើសរើសមេជីវិតណាមួយឲ្យចូលទៅបន្តពូជជាមួយខ្លួន មិនមែនមេជីវិតដែលហែលទៅដល់មុនគេនោះទេ»។
គេបានបកស្រាយទៀតថា ខណៈពេលនោះ មានមេជីវិតជាច្រើននៅព័ទ្ធជាប់ជុំវិញស៊ុត ហើយពួកវាព្យាយាមចោះចូលទៅបន្តពូជជាខ្លាំង ប៉ុន្តែមានតែស៊ុតប៉ុណ្ណោះដែលជាអ្នកសម្រេចថា នឹងបើកឲ្យមេជីវិតមួយចូលទៅខាងក្នុង។ មេជីវិតផ្ទាល់ក៏មានអារម្មណ៍ផងដែរពីចំណុចចាប់ផ្តើម ដែលមេជីវិតណាមានអារម្មណ៍ចង់បន្តពូជជាមួយស៊ុតមួយនេះ វានឹងហែលយ៉ាងលឿនដើម្បីទៅឲ្យដល់ស៊ុតមុនគេ។ ប៉ុន្តែទោះយ៉ាងណាក៏ដោយ ស៊ុតនឹងរង់ចាំមេជីវិតជាច្រើនមកទុំជាប់នៅជុំវិញខ្លួនសិន រួចស៊ុតក៏កំណត់អនុញ្ញាតឲ្យមេជីវិតណាមួយចូលទៅ។ នេះបង្ហាញថា ដំណាក់កាលនៃការចាប់កំណើតរបស់មនុស្ស រាប់ចាប់ពីវិនាទីដំបូងមក ពុំមែនជារឿងចៃដន្យទេ អ្វីៗទាំងអស់ត្រូវបានគេកំណត់រួចស្រេចទៅហើយ។
បើនិយាយដល់រឿងមេជីវិត និងស៊ុត គឺស្រដៀងគ្នានឹងកំលោះញ៉ែស្រីស្អាតដែរ ដែលមានបុរសជាច្រើនរយនាក់រត់តម្រង់ទៅរកស្រីស្អាតម្នាក់ តែនរណាទទួលបានបេះដូងរបស់នាងនោះ គឺមានតែនារីម្នាក់នោះប៉ុណ្ណោះជាអ្នកកំណត់ មិនមែនអ្នកទៅដល់មុននោះទេ ប៉ុន្តែច្បាស់ណាស់ថា អ្នកទៅដល់មុនតែងមានឱកាសច្រើនជាង)។
យើងតែងយល់ខុសថា មេជីវិតរាប់រយលានក្បាលនឹងចូលទៅដល់ស៊ុតទាំងអស់ តែតាមពិតទៅ មេជីវិតដែលមានឱកាសទៅទុំជាប់នឹងស៊ុតមានត្រឹមតែប៉ុន្មានពាន់ក្បាលប៉ុណ្ណោះ។ ប្រព័ន្ធការពាររបស់ស្រ្តីនឹងបំផ្លាញមេជីវិតណាដែលមិនត្រូវការចោលអស់មុននឹងរត់ចូលទៅដល់ស៊ុត (នេះគឺជាការជ្រើសរើសនៅក្នុងដំណាក់កាលដំបូង គឺកម្ចាត់មេជីវិតដែលទន់ខ្សោយចេញសិន មុននឹងជ្រើសម្តងទៀតដោយបើកស្បែកកោសិកាឲ្យចំពោះតែមេជីវិតណាដែលត្រូវការឲ្យចូលមកប៉ុណ្ណោះ)។
យើងមើលឃើញហើយថា ការដែលយើងបានកើតមកជារូបជារាងមានសមត្ថភាពមិនធម្មតានេះ គឺយ៉ាងហោចណាស់ក៏ត្រូវយកឈ្នះមេជីវិតរួមជំនាន់មិនទាបជាង ៣០០ លានក្បាលនោះទេ ហើយបើមេជីវិតណាមួយផ្សេងបានចូលទៅបន្តពូជវិញ នោះនឹងកើតជាអ្នកដទៃ គឺមិនមែនជាយើងនោះទេ៕