(ភ្នំពេញ)៖ ក្នុងចំណោមអរិយធម៌ចំណាស់ៗទាំងឡាយ រ៉ូម (Rome) ក៏ជារដ្ឋចំណាស់មួយផងដែរនៅលើពិភពលោក។ ក្នុងវិស័យដឹកនាំរដ្ឋ រ៉ូមមានទាំងសម័យកាលសាធារណរដ្ឋ និងរាជានិយម ដែលដឹកនាំដោយព្រះមហាក្សត្រ។ ទឹកដីចក្រភពរ៉ូម គឺធ្លាប់មានវិសាលភាពធំធេងណាស់ ប៉ុន្តែនៅចុងសតវត្សទី៥ នៃគ្រិស្ដសករាជ ទឹកដីចក្រភពខាងលិចក៏ត្រូវដួលរំលំ នៅសល់តែចក្រភពខាងកើត ដែលត្រូវបានប្ដូរឈ្មោះថ្មីថា «ចក្រភពប៊ីហ្សង់ទីន»។
ខាងក្រោមនេះគឺសេនាប្រមុខ និងអធិរាជនៃចក្រភពរ៉ូមទាំង ១១ អង្គ/នាក់ ដែលខ្លាំងពូកែ និងល្បីល្បាញជាងគេ៖
ទី១៖ សេនាប្រមុខ ជូលីអ៊ូស ស៉ីសា (49-44 B.C)
អ្នកដឹកនាំចុងក្រោយរបស់សាធារណរដ្ឋរ៉ូម គឺសេនាប្រមុខ ហ្កាវ្យូស ជូលីអ៊ូស ស៉ីសា (Gaius Julius Caesar)។ ប៉ុន្តែនៅពេលនិយាយដល់ចក្រភពរ៉ូមកាលណា គេតែងរំឭកដល់ជូលីអ៊ូសស៉ីសាជានិច្ច។ លោកមានសមត្ថភាពជាអ្នកដឹកនាំដ៏ជោគជ័យម្នាក់ ដែលបានជួយពង្រីកទឹកដី អំណាច និងទ្រព្យធនរបស់សាធារណរដ្ឋរ៉ូមបានយ៉ាងសម្បើម។ ក្រៅពីនេះ លោកក៏បានដាក់ចេញនូវកំណែទម្រង់មូលដ្ឋានជាច្រើន ពិសេសគឺជួយផ្តល់កំណើតដល់ចក្រភពរ៉ូម។
ក្នុងនាមជាមេដឹកនាំសាធារណរដ្ឋរ៉ូម ជូលីអ៊ូស ស៉ីសា បានពង្រីកទំហំសភារ៉ូម ដើម្បីតំណាងសំឡេងប្រជាជនរ៉ូម៉ាំងឲ្យកាន់តែច្រើនថែមទៀត ហើយបង្កើតប្រតិទិនជូលៀន (Julian) ដែលត្រូវបានអភិវឌ្ឍតៗមករហូតក្លាយជាប្រតិទិនអន្តរជាតិសព្វថ្ងៃ។ ស៉ីសា ក៏បានផ្តល់សញ្ជាតិរ៉ូម៉ាំងដល់បុគ្គលដែលរស់នៅក្រោមការគ្រប់គ្រងរបស់រ៉ូម ព្រមទាំងចែកចាយទ្រព្យសម្បត្តិដល់ជនក្រីក្រផងដែរ។ ទង្វើទាំងនេះធ្វើឲ្យស៉ីសាមានប្រជាប្រិយភាពខ្លាំងឡើងៗក្នុងចំណោមប្រជាជនរ៉ូមទូទៅ ប៉ុន្តែទន្ទឹមគ្នាបានធ្វើឲ្យស៉ីសាឃ្លាតឆ្ងាយពីក្រុមអភិជន (Duke) ហើយទីបំផុតវាបាននាំទៅរកព្រឹត្តិការណ៍ធ្វើឃាតដ៏ល្បីក្នុងប្រវត្តិសាស្រ្ត គឺស៉ីសាត្រូវបានក្រុមសមាជិកសភាព្រួតគ្នាចាក់សម្លាប់។ ក្រោយការធ្វើឃាតនោះ សាធារណរដ្ឋរ៉ូមក៏ឈានដល់សម័យអន្តរកាល ដោយដល់រំកិលចេញពីសង្គមបែបប្រជាធិបតេយ្យ ទៅជាចក្រភពមួយដែលស្ថិតក្រោមការគ្រប់គ្រងរបស់ព្រះរាជា។
ទី២៖ អូសហ្គូស្ទូស (27 B.C - 14 A.D)
ហ្កាវ្យូស អុខតាវ្យូស ទូរីនូស (Gaius Octavius Thurinus) ឬហៅខ្លីថា អូសហ្គូស្ទូស (Augustus) គឺជាអធិរាជផ្លូវការដំបូងបង្អស់របស់ចក្រភពរ៉ូម ហើយក៏ត្រូវបានប្រវត្តិវិទូភាគច្រើនចាត់ទុកជាអធិរាជរ៉ូម៉ាំងដ៏អស្ចារ្យជាងគេផងដែរ។ ឈ្មោះខែសីហាជាភាសាអង់គ្លេស August គឺយកតាមព្រះនាមរបស់អធិរាជរូម៉ាំងអង្គនេះឯង។ អធិរាជអូសហ្គូស្ទូស បាននាំមកនូវសម័យកាលសន្តិភាពមួយហៅថា ប៉ាកស្រូម៉ាណា (Pax Romana) ដែលជាសម័យកាលរុងរឿងលើវិស័យសេដ្ឋកិច្ច កសិកម្ម និងសិល្បៈ។
អធិរាជអូសហ្គូស្ទូស ក៏បានធ្វើកំណែទម្រង់ជាច្រើនផងដែរ រួមមាន ការបន្ធូរបន្ថយពន្ធសម្រាប់គ្រួសារដែលមានកូនច្រើនជាង ៣ នាក់ ហើយដាក់ពិន័យដល់គ្រួសារណាដែលគ្មានកូន ដើម្បីជួយបង្កើនចំនួនប្រជាជនរបស់រ៉ូម។ ក្នុងសម័យអធិរាជអូសហ្គូស្ទូស ប្រាសាទអស្ចារ្យជាច្រើនរបស់រ៉ូម៉ាំង ត្រូវបានជួសជុល និងកសាងបន្ថែម ហើយប្រព័ន្ធធារាសាស្រ្តដ៏ល្បីរបស់រ៉ូម ក៏ត្រូវបានអភិវឌ្ឍឲ្យមានប្រសិទ្ធភាពថែមទៀតផងដែរ។
ទី៣៖ ទីបេរ្យូស (14-37 A.D)
ទីបេរ្យូស ស៉ីសា អូសហ្គូស្ទូស (Tiberius Caesar Augustus) គឺជាអធិរាជទី២ របស់ចក្រភពរ៉ូម។ អធិរាជរ៉ូម៉ាំងអង្គនេះបានផ្តោតតែទៅលើការធ្វើសង្រ្គាមពង្រីកទឹកដីប៉ុណ្ណោះ ហើយមិនសូវខ្វាយខ្វល់ពីព្រះរាជកិច្ចជាអធិរាជ ឬអំពីរឿងនយោបាយនោះឡើយ។ នៅអំលុងរជ្ជកាលរបស់ព្រះអង្គ ទឹកដីចក្រភពរ៉ូមត្រូវបានពង្រីកទៅដល់ប្រទេសអាល្លឺម៉ង់ និងក្រូអាស៉ីបច្ចុប្បន្ន។
ទី៤៖ វេស្ប៉ាស៉ីអាននូស (69-79 A.D)
ក្រោយសម័យជិះជាន់ផ្តាច់ការរបស់អធិរាជណេរ៉ូ (Nero) ចក្រភពរ៉ូមបានប្រឈមនឹងវិបត្តិអស្ថិរភាព។ អំលុងពេល ១២ ខែក្រោយការសោយទិវង្គតរបស់អធិរាជណេរ៉ូ ចក្រភពរ៉ូមមានអ្នកដឹកនាំដល់ទៅ ៤ តំបន់ផ្សេងគ្នា។ រហូតទាល់តែនៅពេលសេនាប្រមុខ ទីទូស ហ្វ្លាវ្យូស វេស្ប៉ាស៉ីអាននូស (Titus Flavius Vespasianus) ឡើងធ្វើជាព្រះចៅអធិរាជ ទើបស្ថិរភាព និងវិបុលភាពបានវិលត្រឡប់មករកចក្រភពរ៉ូមវិញ។
អំលុងរជ្ជកាលទ្រង់ អធិរាជវេស្ប៉ាស៉ីអាននូស បានធ្វើកំណែទម្រង់ប្រព័ន្ធហិរញ្ញវត្ថុរបស់រ៉ូម ហើយចាប់ផ្តើមគម្រោងស្ថាបត្យកម្មធំៗជាច្រើន ក្នុងនោះសំណង់ពិសេសជាងគេ គឺពហុកីឡដ្ឋានកូឡូស៊ាម (Colosseum)។
ទី៥៖ ត្រាយ៉ាននូស (98-117 A.D)
ម៉ារគូស អ៊ុលភ្យូស ត្រាយ៉ាននូស (Marcus Ulpius Traianus) គឺជាអធិរាជរ៉ូម៉ាំងទី២ ក្នុងរជ្ជកាលណេរវ៉ា-អានតូនីណេ (Nerva-Antonine) ដែលក្រុមប្រវត្តិវិទូចាត់ទុកជាសម័យកាលរុងរឿងបំផុតរបស់ចក្រភពរ៉ូម។ ការពង្រីកទឹកដីដ៏អស្ចារ្យបំផុតមួយនៅក្នុងប្រវត្តិសាស្រ្តរបស់រ៉ូម គឺកើតឡើងអំលុងសម័យអធិរាជអង្គនេះឯង។ ពេលនោះ ទំហំរបស់ចក្រភពរ៉ូមបានឈានដល់ចំណុចកំពូល ដោយគ្របដណ្តប់លើទឹកដីជិត ១.៧ លានគីឡូម៉ែត្រក្រឡា នៅអឺរ៉ុប អាហ្រ្វិក និងអាស៉ី ហើយមានប្រជាជនសរុបជិត ៥៧ លាននាក់ដែលរស់នៅក្នុងចក្រភពនាសម័យនោះ។
ក្រៅពីជោគជ័យធំធេងខាងសឹកសមរភូមិ អធិរាជត្រាយ៉ាននូស ក៏បានបង្កើតគម្រោងសំណង់ស្ថាបត្យកម្មពោរពេញដោយមហិច្ឆតាជាច្រើនផងដែរ ក្នុងនោះរួមមានទាំងសសរ ត្រាស្យានស៍កូលុម (Trajan’s Column) ដែលនៅដល់សព្វថ្ងៃ។ អធិរាជត្រាយ៉ាននូស ក៏បានបានពង្រីកបន្ថែមនូវកម្មវិធីផ្តល់ជំនួយហិរញ្ញវត្ថុសម្រាប់ប្រជាជនរ៉ូម៉ាំងក្រីក្រ របស់អតីតអធិរាជអូសហ្គូស្ទូសទៀតផង។ ទង្វើនេះត្រូវបានចាត់ទុកជាឧទាហរណ៍ដំបូងបំផុតមួយក្នុងប្រវត្តិសាស្រ្តនៃកម្មវិធីសុខុមាលភាពប្រជាជន។
ទី៦៖ អធិរាជអាទ្រីអាននូស (117-138 A.D)
ពូប្លីយូស អេល្យូស អាទ្រីអាននូស (Publius Aelius Hadrianus) គឺជាអធិរាជដែលមានសមត្ថភាពខ្ពស់ក្នុងការការពារចក្រភពរ៉ូម ហើយគម្រោងសំណង់ស្ថាបត្យកម្ម ដែលទ្រង់បានបង្កើតឡើងដើម្បីសម្រេចគោលដៅនេះ គឺអស្ចារ្យជាខ្លាំង។ អធិរាជអាទ្រីកានបានបញ្ជាឲ្យមានការសាងសង់កំពែងមួយហៅថា អាទ្រីអាន វ៉ល (Hadrian’s Wall) ដែលមានប្រវែងជិត ១២០ គីឡូម៉ែត្រ។ ទ្រង់ក៏បានបន្សល់ទុកនូវប្រាសាទប៉ានតេអូន (Pantheon) ផងដែរ។
ទី៧៖ អានតូនីនូស ភ្យូស (138-161 A.D)
ទីទូស អេល្យូស អាទ្រីអាននូស អានតូនីនូស ភ្យូស (Titus Aelius Hadrianus Antoninus Pius) គឺជាអធិរាជរ៉ូម៉ាំង អំលុងសម័យកាលសន្តិភាពបំផុតមួយ។ ភាពមិនមានជម្លោះបានផ្តល់ឱកាសឲ្យអធិរាជអានតូនីនូស ភ្យូស ផ្តោតលើការបន្តអភិវឌ្ឍសង្គម និងហេដ្ឋារចនាសម្ពន្ធ ពិសេសគឺតាមរយៈប្រព័ន្ធនិតីរដ្ឋ។
អានតូនីនូស ភ្យូស ជាអធិរាជរ៉ូម៉ាំងដំបូងគេដែលគោរពលើគោលការណ៍ «ច្បាប់ធម្មជាតិ»។ ដូច្នេះហើយទ្រង់បានបង្កើតប្រព័ន្ធយុត្តិធម៌មួយ ដែលក្រោយមកក្លាយជាចំណុចមូលដ្ឋានសម្រាប់ឲ្យប្រទេសជាច្រើនយកទៅអភិវឌ្ឍប្រព័ន្ធច្បាប់របស់ពួកគេ រួមមាន អង់គ្លេស បារាំង អាល្លឺម៉ង់ជាដើម។
ទី៨៖ ម៉ារគូស អូរ៉េល្យូស (161-180 A.D)
ម៉ារគូស អូរ៉េល្យូស អានតូនីនូស (Marcus Aurelius Antoninus) គឺជាអធិរាជដែលពោរពេញដោយទស្សនវិជ្ជា។ ព្រះអង្គប្រកាន់ខ្ជាប់នូវទស្សនៈមួយហៅថា ស្តូអេសស៉ីសឹម (Stoicism) ដែលអះអាងថាការអភិវឌ្ឍខ្លួនទៅជាអ្នកត្រិះរិះប្រកបដោយភាពច្បាស់លាស់ និងមិនលម្អៀង គឺជាកូនសោសំខាន់បំផុត។ អធិរាជអង្គនេះត្រូវបានគេចាត់ទុកជាទស្សនវិទូដ៏សំខាន់មួយក្នុងប្រវត្តិសាស្រ្ត ហើយសៀវភៅរបស់ទ្រង់មានចំណងជើង មេឌីតាសុង (Meditations) ត្រូវបានគេចាត់ទុកជាសំណេរដ៏អស្ចារ្យបំផុតមួយខាងអក្សរសាស្រ្ត។
ទី៩៖ វ៉ាឡេរីអាននូស (253-260 A.D)
សម្រាប់ភាពល្បីឈ្មោះរបស់អធិរាជរ៉ូម៉ាំង ពូប្លីយូស លីស៉ីន្ញូស វ៉ាឡេរីអាននូស (Publius Licinius Valerianus) គឺមិនមែនសោយសារអ្វីដែលទ្រង់បានធ្វើនោះទេ ប៉ុន្តែដោយសារអ្វីដែលបានកើតឡើងចំពោះទ្រង់។ នៅគ្រិស្តសករាជ ២៦០ ក្រោយសមរភូមិអេដេសសា (Battle of Edessa) ប្រឆាំងនឹងពួកពែក្ស អធិរាជវ៉ាឡេរីអានបានក្លាយជាអធិរាជរ៉ូម៉ាំងដំបូងគេ ដែលត្រូវបានសត្រូវចាប់ជាឈ្លើយសឹក។ មិនតែប៉ុណ្ណោះ អធិរាជរ៉ូម៉ាំងអង្គនេះមិនត្រូវបានគេរំដោះឡើយ ហើយទ្រង់ក៏បានសោយទិវង្គតនៅទឹកដីពែក្សតែម្តង។
ការដែលចក្រភពរ៉ូមដ៏អស្ចារ្យពុំអាចជួយសង្រ្គោះអធិរាជខ្លួនឯងបានយ៉ាងដូច្នេះ បានបង្កភាពរង្គោះរង្គើដ៏ខ្លាំងបំផុតដល់អំណាចដែលចក្រភពនេះធ្លាប់មាន។ ហើយបើតាមការយល់ឃើញរបស់ក្រុមប្រវត្តិវិទូ ហេតុការណ៍នេះហើយដែលជំរុញឲ្យប្រទេសដទៃមើលឃើញថា ចក្រភពរ៉ូម ដែលគេធ្លាប់តែខ្លាចរអា តាមពិតនៅតែអាចផ្តួលរំលំបាន។
ទី១០៖ ឌីអូក្លេទីអាននូស (284-305 A.D)
ហ្កាវ្យូស អូរ៉េល្យូស វ៉ាឡេរ្យូស ឌីអូក្លេទីអាននូស (Gaius Aurelius Valerius Diocletianus) គឺជាអធិរាជដែលបានសង្រ្គោះរ៉ូមពីវិបត្តិដ៏ធំមួយហៅថា វិបត្តិនៃសតវត្សទី៣ (Crisis of the Third Century) ជាសម័យកាលជិត ៥០ ឆ្នាំ ដែលពោរពេញដោយសង្រ្គាមស៉ីវិល អស្ថិរភាពនយោបាយ ការប៉ះបោរ និងការឈ្លានពាន ពោលអំលុងពេលខ្មៅងងឹតនោះ គឺចក្រភពរ៉ូមសឹងតែដួលរលំបាត់ទៅហើយ។
ដំណោះស្រាយរបស់អធិរាជ ឌីអូក្លេទីអាននូស គឺព្រះអង្គបានបង្កើតប្រព័ន្ធគ្រប់គ្រងអំណាចមួយហៅថា ទីតត្រាស៉ី (Tetrarchy)។ ក្រោមប្រព័ន្ធនោះ អធិរាជឌីអូក្លេអាននូសបានកំណត់ថា ចក្រភពរ៉ូមនឹងត្រូវគ្រប់គ្រងដោយអធិរាជចំនួន ៤ អង្គ ដោយ ២ អង្គនៅខាងលិច និង ២ អង្គទៀតនៅខាងកើត។ ទោះបីជាប្រព័ន្ធគ្រប់គ្រងនេះមិនឋិតឋេរបានយូរមែន ប៉ុន្តែវាបានផ្តល់មូលដ្ឋានសម្រាប់វិធីសាស្រ្តនៃការពុះចែកចក្រភពរ៉ូមជាពីរ គឺខាងលិច និងខាងកើត ដែលជាកត្តាដ៏សំខាន់ ដើម្បីពន្យារអាយុកាលរុងរឿងរបស់ចក្រភពដ៏ធំធេងនេះ។
ទី១១៖ កុងស្តង់ទីនូស (306-337 A.D)
ព្រចៅអធិរាជ ហ្វ្លាវ្យូស វ៉ាឡេរ្យូស កុងស្ដង់ទីនូស (Flavius Valerius Constantinus) ឬព្រះចៅកុងស្ដង់ទីនទី១ (Constantine I) បាននាំមកនូវការផ្លាស់ប្តូរជាច្រើនសម្រាប់ចក្រភពរ៉ូម។ ព្រះអង្គគឺជាអធិរាជរ៉ូម៉ាំងដំបូងគេដែលប្រកាសយកសាសនាគ្រិស្ដជាសាសនាចម្បងសម្រាប់ចក្រភពរ៉ូម៉ាំងនៅគ្រិស្តសករាជ ៣១៣ ខណៈពីដើមមកជនជាតិរ៉ូម៉ាំងកាន់សាសនាដែលគោរពអាទិទេពច្រើន។ ទន្ទឹមគ្នានោះ អធិរាជកុងស្ដង់ទីនក៏បានផ្លាស់រាជធានីពីទីក្រុងរ៉ូមទៅទីក្រុងប៊ីហ្សាន់ទ្យូម (Byzantium) ដែលព្រះអង្គបានប្រកាសជាទីក្រុងរ៉ូមថ្មីនៃចក្រភពរ៉ូមខាងកើត ហើយក្រោយមកដាក់ឈ្មោះតាមទ្រង់ថា កុងស្ដង់ទីនូស ឬកុងស្ដង់ទីណូប៉ូលី (Constantinople)។
គួរបញ្ជាក់ថា ទីបំផុតនៅគ្រិស្តសករាជ ៤៧៦ ដែនដីភាគខាងលិចនៃចក្រភពរ៉ូមក៏បានដួលរំលំ។ ពេលនោះហើយគឺជាការបិទបញ្ចប់នូវសម័យកាលចក្រភពរ៉ូម តែជាការឆ្ពោះទៅកាន់សម័យកាលចក្រភពថ្មីដែលគេហៅថា ចក្រភពរ៉ូមខាងកើត ឬ ចក្រភពប៊ីហ្សង់ទីន (Byzantine Empire)៕