(ពិភពលោក)៖ ជាទូទៅមនុស្សភាគច្រើនដឹងថា អវកាសយានិកអាមេរិកឈ្មោះ នៀល អាមស្រ្តង (Neil Armstrong) គឺជាមនុស្សដំបូងបំផុត ដែលបានឈានជើង ជាន់លើផ្ទៃព្រះចន្ទ តែសរុបមកវិញតើមានមនុស្សប៉ុន្មាននាក់ដែរ ដែលមានវាសនាធ្លាប់ បានជាន់ដីនិងដើរនៅទីនោះ។
អវកាសយានិករបស់ទីភ្នាក់ងារអវកាសអាមេរិក ណាសា (NASA) គឺលោក នៀល អាមស្រ្តង (Neil Armstrong) និងលោក បាស្ស អាល់ឌ្រីន (Buzz Aldrin) បានចុះទៅដល់លើផ្ទៃព្រះចន្ទជាលើកដំបូង កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៦៩ ក្នុងបេសកកម្ម អាប៉ូឡូទី១១ (Apollo 11)។ ពេលនោះលោក អាមស្រ្តង ជាអ្នកចេញពីយានអវកាស ហើយឈានជើងជាន់លើដីព្រះចន្ទមុនគេ បន្ទាប់មកទើបលោក អាល់ឌ្រីន បានចេញពីយាននិងចុះទៅតាមក្រោយ។ ពាក្យមួយឃ្លាដែល លោក អាមស្រ្តង បាន និយាយនៅពេលជាន់ដីព្រះចន្ទជាលើកដំបូងគឺ «នេះជាជំហានតូចមួយរបស់បុរសម្នាក់ ប៉ុន្តែជាការបោះជំហានដ៏ធំមួយសម្រាប់មនុស្សជាតិទាំងមូល» ត្រូវបានចារទុកជាប្រវត្តិសាស្រ្តរហូតទល់បច្ចុប្បន្ន។
យ៉ាងណាក្តី មិនមែនមានតែលោក អាមស្រ្តង និង លោក អាល់ឌ្រីន ទេ ដែលធ្លាប់បានទៅដល់លើផ្ទៃព្រះចន្ទ។ សរុបមកអវកាសយានិក១២រូប រួមទាំងលោក អាមស្រ្តង និង លោក អាល់ឌ្រីន គឺធ្លាប់បានចុះដើរនៅលើផ្ទៃព្រះចន្ទ។ មនុស្ស១០នាក់ទៀត បានចុះទៅដល់លើផ្ទៃព្រះចន្ទ តាមរយៈបេសកកម្ម អាប៉ូឡូ ចំនួន៥ផ្សេងទៀតរបស់ ណាសា កាលពីចន្លោះឆ្នាំ១៩៦៩ និងឆ្នាំ១៩៧២។ បច្ចុប្បន្ន នៅសល់តែ៤នាក់ប៉ុណ្ណោះ ដែលនៅមានជីវិតទល់សព្វថ្ងៃ។
ខាងក្រោមនេះគឺជាអវកាសយានិកទាំង១២នាក់ របស់ទីភ្នាក់ងារអវកាសអាមេរិក ណាសា ដែលបានដើរលើផ្ទៃព្រះចន្ទ៖
១៖ លោក នៀល អាមស្រ្តង - បេសកកម្ម អាប៉ូឡូទី១១ ឆ្នាំ១៩៦៩ (ទទួលមរណភាព ឆ្នាំ២០១២)
២៖ លោក បាស្ស អាល់ឌ្រីន - បេសកកម្ម អាប៉ូឡូទី១១ ឆ្នាំ១៩៦៩
៣៖ លោក ភីត ខនរែត (Pete Conrad) - បេសកកម្ម អាប៉ូឡូទី១២ ឆ្នាំ១៩៦៩ (ទទួលមរណភាព ឆ្នាំ១៩៩៩)
៤៖ លោក អាឡាន ប៊ីន (Alan Bean) - បេសកកម្ម អាប៉ូឡូទី១២ ឆ្នាំ១៩៦៩ (ទទួលមរណភាព ឆ្នាំ២០១៨)
៥៖ លោក អាឡាន សឺផាត (Alan Shepard) - បេសកកម្ម អាប៉ូឡូទី១៤ ឆ្នាំ១៩៧១ (ទទួលមរណភាព ឆ្នាំ១៩៩៨)
៦៖ លោក អេដហ្កា មីតឈែល (Edgar Mitchell) - បេសកកម្ម អាប៉ូឡូទី១៤ ឆ្នាំ១៩៧១ (ទទួលមរណភាព ឆ្នាំ២០១៦)
៧៖ លោក ដេវីដ ស្កត (David Scott) - បេសកកម្ម អាប៉ូឡូទី១៥ ឆ្នាំ១៩៧១
៨៖ លោក ជែមស៍ អឺវីន (James Irwin) - បេសកកម្ម អាប៉ូឡូទី១៥ ឆ្នាំ១៩៧១ (ទទួលមរណភាព ឆ្នាំ១៩៩១)
៩៖ លោក ចន យ៉ាង់ (John Young) - បេសកកម្ម អាប៉ូឡូទី១៦ ឆ្នាំ១៩៧២ (ទទួលមរណភាព ឆ្នាំ២០១៨)
១០៖ លោក ឆាលី ឌុក (Charles Duke) - បេសកកម្ម អាប៉ូឡូទី១៦ ឆ្នាំ១៩៧២
១១៖ លោក ជីន សឺនែណ (Gene Cernan) - បេសកកម្ម អាប៉ូឡូទី១៧ ឆ្នាំ១៩៧២ (ទទួលមរណភាព ឆ្នាំ២០១៧)
១២៖ លោក ហារីសុន ឈ្មីត (Harrison Schmitt) - បេសកកម្ម អាប៉ូឡូទី១៧ ឆ្នាំ១៩៧២
គួរជម្រាបថា បន្ទាប់ពីបេសកកម្ម អាប៉ូឡូទី១៧ ទីភ្នាក់ងារអវកាស ណាសា មិនបានបញ្ជូនអវកាសយានិក ឲ្យចុះទៅលើផ្ទៃព្រះចន្ទ តទៀតឡើយ។ ប៉ុន្តែបច្ចុប្បន្ន ណាសា មានគម្រោងដើម្បីបញ្ជូនអវកាសយានិក ទៅកាន់ទីនោះសាជាថ្មី នៅឆ្នាំ២០២៤ ខាងមុខ៕