(ពិភពលោក)៖ ជាទូទៅយើងដឹងហើយថា ភ្នំដែលខ្ពស់ជាងគេនៅលើពិភពលោក គឺជាភ្នំអេវើរែស (Everest) ដែលមានកម្ពស់ ៨,៨៤៨ម៉ែត្រ និងស្ថិតនៅជួរភ្នំហិម៉ាល័យ។ ដោយសារភ្នំនេះនៅក្នុងប្រទេសនេប៉ាល់ និងប្រទេសចិន វាក៏ត្រូវបានចាត់ទុកជាភ្នំខ្ពស់បំផុត ប្រចាំទ្វីបអាស៉ី ផងដែរ។ ដូច្នេះហើយ តើភ្នំណាខ្លះ ដែលជាប់ឈ្មោះជាភ្នំខ្ពស់បំផុត ប្រចាំនៅតាមទ្វីបទាំង៦ផ្សេងទៀត លើផែនដីយើង។
១៖ ទ្វីបអាមេរិកខាងជើង
ភ្នំដែលខ្ពស់ជាងគេមានទ្វីបអាមេរិកខាងជើង មានឈ្មោះថា ដេណាលី (Denali)។ កាលពីចន្លោះឆ្នាំ១៩១៧-ឆ្នាំ២០១៥ សហរដ្ឋអាមេរិកធ្លាប់បានហៅវាថា ភ្នំ ម៉ាកឃីនឡេ (McKinlay)។ ភ្នំ ដេណាលី ស្ថិតនៅជួរភ្នំអាឡាស្កា (Alaska) ក្នុងរដ្ឋអាឡាស្ការបស់សហរដ្ឋអាមេរិក និងមានកម្ពស់៦,១៩០ម៉ែត្រ។
២៖ ទ្វីបអាមេរិកខាងត្បូង
ស្ថិតនៅជួរភ្នំអង់ (Andes) ក្នុងខេត្តមែនដូហ្សា (Mendoza) នៃប្រទេសអាហ្សង់ទីន ភ្នំអាកុងកាហ្កា (Aconcagua) ជាភ្នំខ្ពស់ជាងគេប្រចាំទ្វីបអាមេរិកខាងត្បូង ជាមួយកម្ពស់ ៦,៩៦០ម៉ែត្រ។ វាក៏ជាប់ឈ្មោះជាភ្នំខ្ពស់ជាងគេ នៅក្រៅទ្វីបអាស៉ី និងខ្ពស់ជាងគេបង្អស់ នៅតំបន់អាមេរិកទាំងមូលផងដែរ។
៣៖ ទ្វីបអឺរ៉ុប
សម្រាប់ទ្វីបអឺរ៉ុប ភ្នំដែលត្រូវគេទទួលស្គាល់ថាខ្ពស់ជាងគេ គឺភ្នំអ៊ែលប្រឺស (Elbrus) ដែលមានកម្ពស់ ៥,៦៤២ម៉ែត្រ។ វាមានទីតាំងស្ថិតនៅជួរភ្នំកាកាសឺស (Caucasus) ក្នុងតំបន់ភាគខាងត្បូងប្រទេសរុស្ស៉ី ក្បែរព្រំប្រទល់ប្រទេសហ្សកហ្ស៉ី។
៤៖ ទ្វីបអាស៉ី
ភ្នំដែលខ្ពស់ជាងគេប្រចាំទ្វីបអាស៉ី ក៏ជាប់ចំណាត់ថ្នាក់ជាភ្នំខ្ពស់ជាងគេ នៅលើពិភពលោកទាំងមូលផងដែរ គឺភ្នំអេវឺរ៉េស (Everest)។ វាស្ថិតនៅជួរភ្នំហិមាល័យ (Himalaya) ជាមួយកម្ពស់៨,៨៤៨ម៉ែត្រ។ ផ្នែកម្ខាងនៃភ្នំអេវឺរ៉េស គឺនៅក្នុងទឹកដីប្រទេសនេប៉ាល់ និងម្ខាងទៀតនៅក្នុងតំបន់ទីបេនៃប្រទេសចិន។
៥៖ ទ្វីបអាហ្វ្រិក
ភ្នំកាលីម៉ាន់ចារ៉ូ (Kilimanjaro) នៅក្នុងប្រទេសតង់សានី គឺជាភ្នំខ្ពស់ជាងគេប្រចាំនៅទ្វីបអាហ្រិ្វក ជាមួយកម្ពស់៥,៨៩៥ម៉ែត្រ។ តាមពិតទៅភ្នំកាលីម៉ាន់ចារ៉ូ ក៏ជាអតីតភ្នំភ្លើងដែលលែងមានសកម្មភាពទៀតហើយផងដែរ។ វាមានមាត់ភ្នំចំនួន៣ រួមមានគីបូ (Kibo) ដែលនៅខ្ពស់ជាងគេ បន្ទាប់មកគឺម៉ាវែនហ្ស៉ី (Mawenzi) ដែលស្ថិតនៅកម្ពស់៥,១៤៩ម៉ែត្រ និងស្ស៉ីរ៉ា (Shira) ដែលនៅទាបជាងកម្ពស់៤,០០៥ម៉ែត្រ។ ភ្នំកាលីម៉ាន់ចារ៉ូ គឺជាភ្នំដាច់តែឯង ដែលមិនស្ថិតនៅជួរភ្នំណាមួយឡើយ។
៦៖ ទ្វីបអូស្រ្តាលី
ភ្នំខ្ពស់ជាងគេប្រចាំទ្វីបអូស្រ្តាលី គឺភ្នំកូសៀស្កូ (Kosciuszko) នៅរដ្ឋញូសោតវែល (New South Wales)។ វាស្ថិតនៅជួរភ្នំស្នូវី (Snowy) ហើយមានកម្ពស់ ២,២២៨ម៉ែត្រ។ ភ្នំកូសៀស្កូ ជាភ្នំទាបជាងគេបង្អស់ ក្នុងចំណោមភ្នំខ្ពស់ៗបំផុតប្រចាំទ្វីបទាំង៧។
៧៖ ទ្វីបអង់តាក់ទិច
នៅទ្វីបទឹកកកនៃប៉ូលខាងត្បូង ក៏មានភ្នំខ្ពស់ជាងគេប្រចាំទីនោះផងដែរ គឺភ្នំឈ្មោះវីនសុន (Vinson)។ ភ្នំនេះស្ថិតនៅជួរភ្នំអ៊ែលស្វស្ស (Ellsworth) និងមានកម្ពស់ ៤,៨៩២ម៉ែត្រ៕