(អវកាស)៖ ចាប់ពីវេលាទៀបភ្លឺ មុនព្រះអាទិត្យរះ រហូតដល់ពេលព្រឹក យើងតែងឃើញមានផ្កាយមួយមានពន្លឺភ្លឺជាងគេរះនៅទិសបូព៌ ដោយយើងតែងហៅផ្កាយនោះថា «ផ្កាយព្រឹក»។ អ្នកប្រហែលជាមិនដឹងទេថា ផ្កាយព្រឹកនោះជាភព ឬជាតារាណាមួយនោះ?
តាមពិតទៅ «ផ្កាយព្រឹក» និង «ផ្កាយចោរ» គឺជាផ្កាយតែមួយនោះទេ។ ឈ្មោះនៃផ្កាយចោរនេះ គឺមានប្រវត្តិទាក់ទងនឹងបណ្ដាំរបស់ចាស់បុរាណខ្មែរយើង ដោយលោកតែងផ្ដែផ្ដាំថា ឱ្យតែផ្កាយចោររះឡើងកាលណា គឺដល់ពេលក្រុមចោរចេញប្លន់ប្រជារាស្ត្រហើយ ដូច្នេះប្រជារាស្ត្រក្នុងភូមិស្រុកត្រូវតែប្រុងប្រយ័ត្នខ្ពស់ ដូចជា បង្កើនការយាមកាម បិទរបង បិទទ្វារផ្ទះឱ្យបានជិត ទុកដាក់ទ្រព្យសម្បត្តិ-កូនចៅឱ្យមានសុវត្ថិភាពជាដើម។
លុះដល់វេលាទៀបភ្លឺរហូតដល់ពេលព្រឹក បុរាណខ្មែរយើងក៏ប្ដូរការហៅផ្កាយចោរដដែលនោះ ថា «ផ្កាយព្រឹក» វិញ ដោយហេតុថា វាតែងរះឡើងមុនគេបង្អស់នៅវេលាទៀបភ្លឺ រហូតដល់ពេលព្រឹក (ក្រៅពីព្រះច័ន្ទ) ពោលគឺទាល់តែព្រះអាទិត្យរះជះរស្មីលុបពន្លឺរបស់ផ្កាយព្រឹកអស់បាត់។
មកដល់សម័យទំនើបយើងនេះ អ្នកវិទ្យាសាស្ត្រខាងតារាវិទ្យាបានបកស្រាយបំភ្លឺថា ផ្កាយព្រឹក ឬផ្កាយចោរនោះ គឺជាភពសុក្រ ដែលជាភពទីពីរនៃប្រព័ន្ធព្រះអាទិត្យយើង ពោលគឺនៅចន្លោះភពពុធ និងភពផែនដី។
អ្នកវិទ្យាសាស្ត្រតារាវិទ្យាបានអង្កេតឃើញថា រៀងរាល់ ៥៨៤ ថ្ងៃ ភពផែនដី និងភពសុក្រតែងតែវិលមកជិតគ្នាម្តង ដោយជាមធ្យមមានចម្ងាយ ៤០ លានគីឡូម៉ែត្រ ហើយចម្ងាយដែលនៅជិតបំផុតរវាងទាំងពីរនេះ គឺប្រមាណ ៣៨ លានគីឡូម៉ែត្រ។ ដោយសារតែចម្ងាយនៅជិតគ្នានេះហើយ ទើបបានធ្វើឱ្យភពសុក្រមានពន្លឺភ្លឺខ្លាំងជាងគេនៅលើមេឃបន្ទាប់ពីព្រះច័ន្ទ៕