(ស្វីស)៖ តើអ្នកដឹងទេថា ហេតុអ្វីបានជាស្វីសមិនដែលចូលរួមធ្វើសង្គ្រាម ឬអាចនិយាយតាមពាក្យខ្មែរយើងថា ប្រទេសអយុទ្ធ ឬប្រទេសអយុធ្យា? នេះគឺជាសំណួរមួយដែលយើងតែងតែឮជារឿយៗ ពិសេសនៅពេលគេនិយាយពីសង្គ្រាមលោកលើកទី១ និងសង្គ្រាមលោកលើកទី២។
ប្រសិនបើចង់ជ្រាបច្បាស់ សូមអានចំណេះដឹងទូទៅរបស់ Fresh News Plus ខាងក្រោមនេះ៖
គោលការណ៍អព្យាក្រឹត្យស្វីស (Swiss neutrality) គឺជាគោលការណ៍ដ៏ចម្បងមួយនៃគោលនយោបាយការបរទេសរបស់ប្រទេសនេះ ដែលបង្ហាញថាស្វីសមិនត្រូវបានពាក់ព័ន្ធនឹងជម្លោះប្រដាប់អាវុធ ឬជម្លោះនយោបាយជាមួយបណ្តាប្រទេសផ្សេងឡើយ។ គោលនយោបាយនេះ គឺជាការបង្កើតដោយខ្លួនឯង អចិន្ត្រៃយ៍ និងរចនាឡើងដើម្បីធានាសន្តិសុខខាងក្រៅ និងលើកកម្ពស់សន្តិភាព។
ស្វីសបានបង្កើតឲ្យមានគោលនយោបាយអព្យាក្រឹត្យផ្នែកយោធាដ៏ចំណាស់បំផុតក្នុងពិភពលោក។ ប្រទេសនេះមិនបានចូលរួមក្នុងសង្គ្រាមជាមួយបរទេសតាំងពីគោលការណ៍អព្យាក្រឹត្យនេះ ត្រូវបានបង្កើតឡើងដោយសន្ធិសញ្ញាប៉ារីស ឆ្នាំ១៨១៥។
ទោះបីជាឥទ្ធិពលពួកអឺរ៉ុបមួយចំនួន ដូចជា អូទ្រីស បារាំង ចក្រភពអង់គ្លេស ព័រទុយហ្កាល់ ព្រុស្ស៉ី រុស្ស៉ី អេស្ប៉ាញ និងស៊ុយអែត បានឯកភាពគ្នានៅក្នុងសន្និបាតក្រុងវ្យែន នៅខែឧសភា ឆ្នាំ១៨១៥ ថា ស្វីសគួរតែអព្យាក្រឹត្យក៏ដោយ ក៏សច្ចានុម័តចុងក្រោយត្រូវបានពន្យារពេលរហូតដល់ជំនាន់អធិរាជបារាំង ណាប៉ូឡេអុង ប៉ូណាប៉ាត បរាជ័យ ដូច្នេះកាលនោះកងកម្លាំងចម្រុះខ្លះអាចលុកលុយបារាំងបានតាមរយៈដែនដីស្វីស។
ប្រទេសនេះមានប្រវត្តិសាស្ត្រអព្យាក្រឹត្យផ្នែកយោធាតាំងពីសម័យកំណែទម្រង់សាសនា ក្នុងសតវត្សទី១៦។ ស្វីសមិនបានក្លាយជាប្រទេសដែលធ្វើសង្គ្រាមអន្តរជាតិតាំងពីឆ្នាំ១៨១៥ និងមិនបានចូលរួមជាមួយអង្គការសហប្រជាជាតិរហូតដល់ឆ្នាំ២០០២។ ស្វីសបានអនុវត្តគោលនយោបាយការបរទេសសកម្ម ហើយដោយសារគោលនយោបាយនេះជារឿយៗ ប្រទេសនេះតែងតែពាក់ព័ន្ធនឹងដំណើរការកសាងសន្តិភាពជុំវិញពិភពលោក។
* អយុធ្យា ក្នុងន័យនេះ មិនមែនសំដៅលើក្រុងស្រីអយុធ្យាក្នុងរឿងរាមកេរ្តិ៍ ឬក្រុងស្រីអយុធ្យា (Sri Ayutthaya) អតីតរាជធានីនៃអាណាចក្របុរាណនោះឡើយ គឺចង់បង្ហាញពីអត្ថន័យនៃពាក្យត្រង់ៗតែម្ដង ដែលមានន័យថា «នគរឥត ចម្បាំង, រដ្ឋឥត សង្រ្គាម, ប្រទេសគ្មានសង្គ្រាម» ដូចជាប្រទេសស្វីសនេះឯង៕