(ភ្នំពេញ)៖ អ្នកវិទ្យាសាស្ត្រអឺរ៉ុបបានពន្យល់ថា កាលពីប្រមាណ៣០០លានឆ្នាំមុន គ្រប់ទ្វីបទាំងអស់គឺនៅជាប់គ្នា ដែលគេហៅឈ្មោះថា «ប៉ង់សៀ» លុះក្រោយមក ប៉ង់សៀក៏រសាត់ចេញពីគ្នារហូតដល់ទីតាំងរៀងៗខ្លួនដូចពេលបច្ចុប្បន្ន។
* តើមានបាតុភូតអ្វីខ្លះដែលបណ្ដាលឱ្យទ្វីបរសាត់ចេញពីគ្នាបែបនេះ?
* តើអ្នកវិទ្យាសាស្ត្ររូបណាដែលរកឃើញចលនាទ្វីបរសាត់នេះ?
ពីបុរាណកាលមក ជនជាតិអឺរ៉ុបគូរតែផែនទីទ្វីបអឺរ៉ុប ទ្វីបអាហ្វ្រិក និងទ្វីបអាស៉ីប៉ុណ្ណោះ ពោលគឺមិនទាន់មានទ្វីបអាមេរិកខាងជើង អាមេរិកខាងត្បូង អង់តាក់ទិក និងអូស្ត្រាលីនៅឡើយទេ ព្រោះមិនទាន់មានពួកអឺរ៉ុបទៅដល់។ ប៉ុន្តែក្រោយពីការរកឃើញទ្វីបអាមេរិកដោយលោក គ្រិស្តុប កូឡុំ រួចមក ពួកគេក៏គូរបន្ថែមនូវផែនទីទ្វីបអាមេរិក ទាំងអាមេរិកខាងជើង និងអាមេរិកខាងត្បូង ក៏ដូចជាទ្វីបដទៃទៀតជាបន្តបន្ទាប់។
នៅទសវត្សឆ្នាំ១៩០០ តាមរយៈការពិនិត្យនៅលើផែនទាំងពិភពលោកទាំងនោះ អ្នកវិទ្យាសាស្ត្របានសង្កេតឃើញថា នៅត្រង់ឆ្នេរនៃទ្វីបខ្លះគឺមានរូបរាងកាច់កោងដូចទៅនឹងឆ្នេរនៃទ្វីបមួយទៀត ជាក់ស្ដែងដូចជាឆ្នេរខាងកើតនៃទ្វីបអាមេរិកខាងត្បូង គឺមានរាងប្រហាក់ប្រហែលនឹងឆ្នេរខាងលិចនៃទ្វីបអាហ្វ្រិក។
នៅគ្រិស្ដសករាជ ១៩១០ អ្នកវិទ្យាសាស្រ្តវ័យក្មេងជនជាតិអាល្លឺម៉ង់ម្នាក់ឈ្មោះ អាល់ហ្វ្រេដ វេហ្សេនែរ (Alfred Wegener) បានបង្កើតសម្មតិកម្មបញ្ជាក់ថា កាលពីមុន ទ្វីបទាំងអស់នៅផ្ដុំគ្នាជាផ្ទាំងដីធំមួយ ហើយក្រោយមកក៏បានដាច់រសាត់ចេញពីគ្នាមកដល់ទីតាំងដូចបច្ចុប្បន្ន ដែលគេឱ្យឈ្មោះថា «ទ្រឹស្ដីទ្វីបរសាត់»។ អ្នកវិទ្យាសាស្ត្រជាតិអាល្លឺម៉ង់រូបនេះបានបញ្ជាក់ទៀតថា ទ្វីបផ្ដុំគ្នាបង្កើតជា «ប៉ង់សៀ» ឬមានន័យថា «ដីទាំងអស់»។ ប៉ង់សៀកើតឡើងប្រហែល ៣០០ លានឆ្នាំមុន ហើយវាគឺជាពេលដំបូងដែលសត្វល្មូន និងសត្វល្អិតមានស្លាបបានកើតឡើង ចំណែកព្រៃឈើតំបន់ត្រូពិចបានគ្របដណ្ដប់ផ្ទៃផែនដី និងក្លាយជាកំណប់ធ្យូងថ្ម។ ការរសាត់ទ្វីបនេះគឺដោយសារផែនដីយើងកើតមានចលនា «ផ្លាកទិកតូនិក»។
លោក វេហ្សេនែរ ប្រមូលភស្តុតាងពីកន្លែងជាច្រើន ដើម្បីគាំទ្រទ្រឹស្ដីទ្វីបរសាត់របស់ខ្លួន ដោយលោកបានសិក្សាពីលក្ខណៈដី ផូស៊ីល និងភស្តុតាងនៃការប្រែប្រួលអាកាសធាតុ។ នៅគ្រិស្ដសករាជ ១៩១៥ លោកបានបោះពុម្ពផ្សាយសៀវភៅមួយស្តីពីភស្តុតាងនៃទ្វីបរសាត់ក្រោមចំណងជើងថា «ប្រភពនៃទ្វីប និងមហាសមុទ្រ» ដែលសរសេរជាភាសាអង់គ្លេសថា The Origin of Continents and Oceans។ នៅក្នុងសៀវភៅនេះ លោកបានលើកអំណះអំណាងជាច្រើនដែលទាក់ទងនឹងភស្ដុតាងសំខាន់មួយចំនួន ដូចជា៖
* អំណះអំណាងតាមរយៈលក្ខណៈដី
នៅពេលលោក វេហ្សេនែរ ផ្តុំផែនទីទ្វីបអាហ្វ្រិកជាមួយនឹងទ្វីបអាមេរិកខាងត្បូង គាត់កត់សម្គាល់ឃើញថាជួរភ្នំទាំងឡាយរត់ស៊ីគ្នាជាជួរៗ។ ចំណែកឯស្រទាប់ធ្យូងថ្មនៅទ្វីបអឺរ៉ុបស៊ីគ្នានឹងស្រទាប់ធ្យូងថ្មនៅអាមេរិកខាងជើង។
* អំណះអំណាងតាមរយៈផូស៉ីល
លោក វេហ្សេនែរ ក៏បានប្រើប្រាស់ផូស៉ីលដើម្បីគាំទ្រអំណះអំណាងទ្វីបរសាត់របស់គាត់ផងដែរ។ ផូស៉ីល គឺជាស្លាកស្នាមនៃបុរេសារពាង្គកាយដែលបានបន្សល់ទុកនៅក្នុងសិលា។ លោកបានបញ្ជាក់ថា ដើមក្លូសសុបតឺរី (Glossopteris) គឺជារុក្ខជាតិមានរាងដូចជាដើមប៉ប្រកដែរ ដែលបានដុះលូតលាស់នៅលើផែនដីកាលពី ២៥០ លានឆ្នាំមុន។ គេបានរកឃើញផូស៉ីលក្លូសសុបតឺរីក្នុងសិលានៅឯទ្វីបអាហ្វ្រិក អាមេរិកខាងត្បូង អូស្ត្រាលី ឥណ្ឌា និងអង់តាក់ទិច។ វត្តមានរបស់រុក្ខជាតិក្លូសសុបតឺវិនៅលើទ្វីបដាច់ឆ្ងាយពីគ្នាទាំងនេះ បានបញ្ជាក់ថា ប៉ង់សៀបានកើតមានកាលពីមុនពិតមែន។
ភស្តុតាងផូស៉ីលផ្សេងទៀត មានដូចជាល្មូនទឹកសាបឈ្មោះ មេសូសូរុស (Mosasaurus) និងលីស្ត្រូសូរុស (Lystrosaurus)។ គេបានរកឃើញផូស៉ីលទាំងពីរនេះនៅម្ខាងមហាសមុទ្រពីគ្នា។ លោក វេហ្សេនែរ បានប្រើប្រាស់ភស្តុតាងនេះបញ្ជាក់ថា ទ្វីបទាំងអស់ កាលពីមុន ស្ថិតនៅជាប់គ្នា និងបានបន្តរសាត់ចេញពីគ្នារហូតដល់ទីតាំងបច្ចុប្បន្ន។
* អំណះអំណាងតាមរយៈអាកាសធាតុ
លោក វេហ្សេនែរ ប្រើប្រាស់ភស្តុតាងអំពីការប្រែប្រួលអាកាសធាតុ ដើម្បីគាំទ្រសម្មតិកម្មរបស់លោក។ អាកាសធាតុកាន់តែក្តៅឡើងៗ នៅពេលទ្វីបធ្វើចលនាឆ្ពោះទៅជិតអេក្វាទ័រ ហើយកាន់តែត្រជាក់ទៅៗ នៅពេលទ្វីបធ្វើចលនាឆ្ពោះទៅប៉ូល។ ទ្វីបនាំយកផូស៉ីល និងសិលាដែលកកើតនៅទីតាំងកាលពីមុនទៅជាមួយវា។
ជាមួយគ្នានោះ ធរណីវិទូជាច្រើនបានរកឃើញថាអាកាសធាតុនៅភាគខាងត្បូងនៃអាហ្វ្រិកត្រជាក់ខ្លាំងជាងបច្ចុប្បន្ន។ ស្នាមចង្អូរជ្រៅៗនៅក្នុងសិលាបង្ហាញថា ផ្ទាំងទឹកកកបានគ្របដណ្ដប់នៅភាគខាងត្បូងនៃទ្វីបអាហ្វ្រិកកាលពីមុន វាគឺជាស្រទាប់ទឹកកកយ៉ាងក្រាស់គ្របដប់លើផ្ទៃដីរាប់សែនគីឡូម៉ែត្រការេ។ ប៉ុន្តែនាពេលបច្ចុប្បន្ន អាកាសធាតុក្តៅ មិនអាចធ្វើឱ្យទឹកកកបានទេ។ លោក វេហ្សេនែរ ក៏បានសន្និដ្ឋានថា នៅពេលមានប៉ង់សៀនោះ ភាគខាងត្បូងនៃទ្វីបអាហ្វ្រិកស្ថិតនៅជាប់ប៉ូលខាងត្បូង។
គូរជម្រាបថា នៅឆ្នាំក្រោយៗមកទៀត ក៏មានក្រុមធរណីវិទូមួយចំនួនបានបដិសេធចំពោះទ្រឹស្ដីទ្វីបរសាត់របស់លោក វេហ្សេនែរ ប៉ុន្តែទោះជាយ៉ាងណា ពួកគេមិនអាចរកអំណះអំណាងឱ្យបានសមសួន មកពន្យល់ប្រាប់ពិភពលោកបានដដែល ទីបំផុត ទ្រឹស្ដីទ្វីបរសាតរបស់លោក អាល់ហ្វ្រេដ វេហ្សេនែរ ក៏ត្រូវបានយកសិក្សារហូតដល់ពេលបច្ចុប្បន្ន៕