(ពិភពលោក)៖ រង្វាន់ណូបែល (The Nobel Prize) គឺជាសំណុំពានរង្វាន់អន្តរជាតិ ដែលត្រូវរៀបចំឡើងដោយស្ថាប័ននៅឯប្រទេសស៊ុយអែត និងន័រវែស។ ពានរង្វាន់នេះត្រូវបានបង្កើតឡើងដោយសារបណ្តាំរបស់លោក អាល់ហ្វ្រេដ ណូបែល (Alfred Nobel) ដែលជាគីមីវិទូ វិស្វករ និងជាឧស្សាហករជនជាតិស៊ុយអែតម្នាក់។
លោក អាល់ហ្រ្វេដ បឺនហាដ ណូបែល (Alfred Bernhard Nobel) កើតនៅទីក្រុងស្តុកខូម (Stockholm) នៃប្រទេសស៊ុយអែត ក្នុងឆ្នាំ១៨៣៣ ហើយ៤ឆ្នាំក្រោយមក ក្រុមគ្រួសារលោកបានផ្លាស់ទៅរស់នៅប្រទេសរុស្ស៊ី។ ឪពុកលោកបានបើករោងចក្រមួយនៅទីក្រុងសង់ពីតទ័រស្បឺក (St. Petersburg) ដែលផលិតគ្រឿងផ្ទុះ និងបរិក្ខារយោធាដទៃទៀត ហើយទទួលបានជោគជ័យគួរសម។ លោក ណូបែល ទទួលបានការអប់រំនៅរុស្ស៊ី បារាំង និងសហរដ្ឋអាមេរិក ហើយលោកបានក្លាយជាគីមីវិទូដ៏ពូកែម្នាក់។
នៅពេលជំនួញរបស់ឪពុកលោកជួបវិបត្តិ បន្ទាប់ពីសង្រ្គាមគ្រីមៀ (Crimean War) បានបញ្ចប់ទៅ។ លោក ណូបែល និងគ្រួសារក៏បានត្រឡប់ទៅស៊ុយអែតវិញ ហើយលោកក៏បានបង្កើតកន្លែងពិសោធន៍ ដើម្បីពិសោធន៍ជាមួយសារធាតុផ្ទុះ។ នៅក្នុងឆ្នាំ១៨៦៤ ការផ្ទុះរោងចក្រមួយកន្លែងរបស់លោកបានសម្លាប់បងប្អូនប្រុសលោកម្នាក់ និងមនុស្សមួយចំនួនទៀត។
នៅឆ្នាំ១៨៦៧ លោក ណូបែល ក៏បង្កើតបានគ្រឿងផ្ទុះមួយប្រភេទដែលលោកហៅថា «ដៃណាម៉ៃត៍ (Dynamite)»។ ចាប់ពីពេលនោះមក លោក ណូបែល រកប្រាក់ចំណូលបានយ៉ាងច្រើន ខណៈមនុស្សគ្រប់គ្នាបានយករបកគំហើញរបស់លោកទៅប្រើប្រាស់ក្នុងវិស័យសំណង់ និងនៅក្នុងសមរភូមិ។ ក្រោយមក លោក ណូបែល ក៏បានបង្កើតគ្រឿងផ្ទុះជាច្រើនប្រភេទផ្សេងទៀត។
ខណៈមនុស្សមួយចំនួនហៅលោកថា «ឈ្មួញនៃសេចក្តីស្លាប់» ដោយសារតែការបង្កើតគ្រឿងផ្ទុះទាំងអស់នេះ តាមពិតទៅ លោក ណូបែល ជាបុគ្គលដែលមាននិន្នាការសន្តិភាពនិយម ហើយក្រោយមកលោក ក៏បានចាប់ផ្តើមព្រួយបារម្ភយ៉ាងខ្លាំងអំពីផលប៉ះពាល់ នៃរបកគំហើញរបស់លោក ទៅលើពិភពលោកផងដែរ។
បន្ទាប់ពីទទួលមរណភាពនៅទីក្រុងសាន់រេម៉ូ (San Remo) របស់អ៉ីតាលី នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៨៩៦ ទ្រព្យសម្បត្តិភាគច្រើនរបស់លោក ណូបែល ត្រូវបានយកទៅបង្កើតជាកម្មវិធីពានរង្វាន់ ដែលត្រូវផ្តល់ជារៀងរាល់ឆ្នាំទៅលើផ្នែករូបវិទ្យា គីមីវិទ្យា អក្សរសាស្ត្រ វេជ្ជសាស្រ្ត និងសន្តិភាព តាមពាក្យបណ្តាំរបស់លោក។
នៅក្នុងបណ្តាំ លោក Nobel បានបញ្ជាក់ថា ការធ្វើយ៉ាងដូច្នេះគឺ លោកចង់លើកទឹកចិត្តដល់បុគ្គលឆ្នើមៗ នៅក្នុងផ្នែកទាំងនេះ ដែលបង្កើតរបកគំហើញ អាចយកទៅបម្រើជាប្រយោជន៍ សម្រាប់មនុស្សជាតិទាំងមូល និងដើម្បីលើកកម្ពស់សន្តិភាព។ រយៈពេល៥ឆ្នាំគត់ ក្រោយមរណភាពរបស់លោក ណូបែល ការប្រគល់ពានរង្វាន់ណូបែលដំបូងបំផុត ក៏ត្រូវបានប្រារព្ធឡើង។
ការប្រគល់ពានរង្វាន់ណូបែលលើកដំបូងបំផុត ត្រូវបានរៀបចំឡើងនៅទីក្រុងស្តុកហូមរបស់ស៊ុយអែត ដែលជាកន្លែងកំណើតលោក ណូបែល សម្រាប់ផ្នែករូបវិទ្យា គីមីវិទ្យា វេជ្ជសាស្ត្រ អក្សរសាស្ត្រ និងសន្តិភាព។ ពិធីនេះត្រូវបានប្រារព្ធឡើងចំខួប៥ឆ្នាំនៃមរណភាពរបស់លោក អាល់ហ្រ្វេដ ណូបែល។
ម្ចាស់ជ័យលាភីណូបែលដែលល្បីៗ រួមមានដូចជា ប្រធានាធិបតីអាមេរិកទី២៦ លោក សៀឌ័រ រូស្វ៊ែល (Theodore Roosevelt), អ្នកប្រាជ្ញរូបវិទ្យា អាល់បឺត អាញស្តាញ (Albert Einstein), អ្នកនិពន្ធល្ខោន ចច បឺណាដ ស (George Bernard Shaw), អតីតនាយករដ្ឋមន្រ្តីចក្រភពអង់គ្លេស វិនស្តុន ឆឺឈាល (Winston Churchill), អ្នកកាសែត អឺនណេស ហេមីងវ៉េ (Ernest Hemingway), សកម្មជនតស៊ូរកសិទ្ធិសេរីភាព ម៉ាទីន លូសឺឃីង ជូនៀ (Martin Luther King, Jr.), សម្តេចសង្ឃទីបេ ដាឡៃ ឡាម៉ា (Dalai Lama), អតីតនាយករដ្ឋមន្រ្តីសហភាពសូវៀត មីខាអ៉ីល ហ្គូបាឆេវ (Mikhail Gorbachev), និងអតីតប្រធានាធិបតីអាហ្រ្វិកខាងត្បូង ណែលសុន មែនឌេឡា (Nelson Mandela) ជាដើម។
ពេលខ្លះមេដឹកនាំ និងអង្គការជាច្រើនទទួលបានរង្វាន់ណូបែលសន្តិភាព (Nobel Peace Prize) ខណៈក្រុមអ្នកស្រាវជ្រាវជាច្រើនជារឿយៗ ទទួលបានរង្វាន់ណូបែលផ្នែកវិទ្យាសាស្ត្ររួមគ្នាសម្រាប់របកគំហើញរួមរបស់ពួកគេ។ នៅឆ្នាំ១៩៦៨ រង្វាន់ណូបែលមួយផ្នែកផ្សេងទៀតទាក់ទងនឹងផ្នែកវិទ្យាសាស្ត្រសេដ្ឋកិច្ច ត្រូវបានបង្កើតឡើងដោយធនាគារជាតិស៊ុយអែត ហើយវាត្រូវបានប្រគល់ជូនដល់ម្ចាស់ជ័យលាភីដំបូងនៅឆ្នាំ១៩៦៩។
បណ្ឌិត្យសភាវិទ្យាសាស្ត្រនៃប្រទេសស៊ុយអែត គឺជាអ្នកសម្រេចទៅលើការប្រគល់រង្វាន់ណូបែល ផ្នែករូបវិទ្យា គីមីវិទ្យា និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។ រីឯវិទ្យាស្ថានវេជ្ជសាស្រ្តស៊ុយអែត ខារ៉ូឡាញ (Caroline) គឺជាអ្នកកំណត់ លើការប្រគល់ពានរង្វាន់ណូបែលផ្នែកវេជ្ជសាស្ត្រ ឬសរីរវិទ្យា។ ចំណែកបណ្ឌិត្យសភាស៊ុយអែត ជាអ្នកជ្រើសរើសម្ចាស់ជ័យលាភីផ្នែកអក្សរសាស្ត្រ ហើយគណៈកម្មាធិការមួយ ដែលត្រូវបានជ្រើសតាំងដោយសភាជាតិនៃប្រទេសន័រវែស ហៅថា គណៈកម្មាធិការណូបែលន័រវែស គឺជាអ្នកសម្រេចលើផ្តល់រង្វាន់ណូបែលសន្តិភាព។
គួរជម្រាបថា ពិធីផ្តល់ពានរង្វាន់ណូបែលនៅតែត្រូវធ្វើឡើងជារៀងរាល់ឆ្នាំជាប់រហូត គឺនៅថ្ងៃទី១០ ខែធ្នូ ដែលជាខួបមរណភាពរបស់លោក ណូបែល។ ពានរង្វាន់ណូបែលនីមួយៗភ្ជាប់ជាមួយនូវរង្វាន់ជាសាច់ប្រាក់ជិត ១.៤ លានដុល្លារ ហើយម្ចាស់ជ័យលាភី ក៏ទទួលបានមេដាយមាស ដែលមានឆ្លាក់រូបលោក ណូបែល នៅលើនោះផងដែរ៕