(ភ្នំពេញ)៖ ដូចយើងដឹងស្រាប់ហើយថា ត្រីវិស័យគឺតែងតែចង្អុលទៅទិសខាងជើងជានិច្ច មិនដែលចង្អុលទៅទិសផ្សេងឡើយ។ ប៉ុន្តែតើអ្នកដឹងទេថា ថ្ងៃក្រោយឧបករណ៍ប្រាប់ទិសមួយនេះ អាចមានបែកង៉ាងចង្អុលទៅទិសខាងត្បូងវិញដែរឬទេ?
ទ្រនិចរបស់ត្រីវិស័យត្រូវបានធ្វើឡើងអំពី «ម្ជុលមេដែក ឬ ម្ជុលម៉ាញេទិក» ចង្អុលទៅទិសខាងជើងតែមួយគត់។ ត្រង់ចំណុចនេះ អ្នកវិទ្យាសាស្ត្របានពន្យល់ថា ទ្រនិចត្រីវិស័យមានទំនាក់ទំនងទៅនឹងដែនម៉ាញេទិចរបស់ផែនដី។ ផែនដីធ្វើចលនាវិលជុំវិញអ័ក្សខ្លួនឯង ដែលជាហេតុបង្កើតបាននូវដែនម៉ាញេទិចនៅប៉ូលខាងជើង និងប៉ូលខាងត្បូង។ នៅពេលមេដែកពីរដែលមានប៉ូលបូក ឬប៉ូលដកដូចគ្នា វាប្រាកដជាច្រានគ្នាចេញ រីឯមេដែកដែលមានប៉ូលផ្ទុយគ្នា វាប្រាកដជាទាញគ្នាចូល។
លោក វីល្លៀម ហ្គីលបឺត (William Gilbert 1540-1603) ដែលជាទស្សនវិទូផ្នែកធម្មជាតិជនជាតិអង់គ្លេសម្នាក់នោះ បានពន្យល់ទៀតថា ត្រីវិស័យដំណើរការតាមគោលការណ៍ខាងលើនោះ។ ទ្រនិចរបស់វាគឺជា «ម្ជុលមេដែក» ហើយប៉ូលខាងជើងរបស់វាត្រូវបានទាញដោយប៉ូលខាងត្បូងរបស់ផែនដី ចំណែកឯប៉ូលខាងត្បូងរបស់ត្រីវិស័យត្រូវបានទាញដោយប៉ូលខាងជើងរបស់ផែនដីវិញដែរ។
វីល្លៀម ហ្គីលបឺត បានបន្តថា រៀងរាល់ ១០,០០០ ឆ្នាំម្តង ប៉ូលម៉ាញេទិចផែនដីនឹងត្រលប់បញ្ច្រាសប៉ូលគ្នាវិញ ដល់ពេលនោះ ត្រីវិស័យដែលធ្លាប់តែចង្អុលទិសខាងជើង ក៏នឹងប្តូរចង្អុលទៅទិសខាងត្បូងវិញដែរ នាពេលអនាគត។
តាមសាវតា ត្រីវិស័យត្រូវបានបង្កើតឡើងដំបូងដោយមេទ័ពជើងទឹកចិនមួយរូបនាសម័យរាជវង្សហាន (Han Dynasty 202 B.C - 220 A.C) កាលពីជាង២០០០ឆ្នាំមុន ដែលភាសាចិនបុរាណហៅថា ល័រផាន (Luópán)។ រហូតដល់សម័យរាជវង្សសុង (Song Dynasty 960-1279 A.C) ជនជាតិចិនបានកែច្នៃអភិវឌ្ឍន៍ត្រីវិស័យបន្ថែម និងមានការនិយមប្រើប្រាស់កាន់តែខ្លាំងក្នុងការធ្វើនាវាចរណ៍។ ក្រោយមក ពោលគឺនៅចុងសតវត្សទី១៣ ត្រីវិស័យត្រូវបាននាំពីប្រទេសចិនទៅដល់ទឹកដីអឺរ៉ុប តាមរយៈលោក ម៉ាកូ ប៉ូឡូ អ្នកផ្សងព្រេងជនជាតិវេនីស (បច្ចុប្បន្នជាផ្នែកមួយរបស់ប្រទេសអ៉ីតាលី)។
តាមពិតទៅ ទ្រនិចត្រីវិស័យ ក៏ដូចជាទ្រនិចម៉ាញេទិចមិនត្រួតស៉ីគ្នាទៅនឹងក្រិតប៉ូលភូមិសាស្ត្រនោះឡើយ ពោលគឺវាលំអៀងពីគ្នាប្រហែល ៣-៤ ដឺក្រេ ដូច្នេះហើយទើបយើងតែងឃើញទ្រនិចត្រីវិស័យចង្អុលល្អៀងពីក្រិតទិសខាងជើង (N) បន្តិចដែរ៕