(ភ្នំពេញ)៖ នៅលើពិភពលោកយើងនេះ មានបាតុភូតធំៗជាច្រើនរាប់មិនអស់ ដូចជា បាតុភូតរញ្ជួយដី បន្ទុះភ្នំភ្លើង ជួរភ្នំខ្ពស់ៗវែងៗ ស្នាមប្រេះប្រឹថពី បំណាក់ស្រុត ក៏ដូចជាស្នាមភ្លោះក្នុងមហាសមុទ្រជាដើម ប៉ុន្តែតើអ្នកដឹងទេថា បាតុភូតទាំងនេះកើតឡើងដោយសារអ្វីខ្លះ?
លោក អាល់ហ្វ្រេដ វេហ្សេនែរ (Alfred Wegener) ធរណីវិទូជនជាតិអាល្លឺម៉ង់ ធ្លាប់បានពន្យល់ថា ជួរភ្នំវែងៗធំៗ និងជួរភ្នំនៅតាមតំបន់ឆ្នេរ គឺកើតមកពីចលនាទ្វីបរសាត់។ លោកបានលើកឡើងថា នៅពេលទ្វីបប៉ះទង្គិចគ្នា គែមរបស់វាច្របាច់ចូលគ្នា និងប៉ោងឡើង ទើបបង្កើតបានជាជួរភ្នំធំៗនៅលើផែនដីដូចយើងឃើញនាពេលបច្ចុប្បន្ន។
លោក វេហ្សេនែរ បានបកស្រាយថា ទ្វីបធ្វើចលនារហូត។ ក្រោយមក ដោយសារអ្នកវិទ្យាសាស្ត្រជំនាន់ក្រោយ ដូចជាលោក ហាររី ហេស (Harry Hess) ជាដើមនោះ ក៏បានសង្កេតឃើញថាសំបកទ្វីប និងសំបកមហាសមុទ្រក៏កំពុងមានចលនាដែរ ដូច្នេះហើយទើបធរណីវិទូជនជាតិអាមេរិករូបនេះបង្កើតទ្រឹស្តីថ្មីមួយទៀត ដើម្បីពន្យល់ទាំងចលនាទ្វីបរសាត់ និងគម្លាតបាតសមុទ្រ នោះគឺ «ទ្រឹស្តីផ្លាកតិចតូនិច»។
ផ្លាកតិចតូនិច (Plate tectonics) គឺជាដំណើរប្រេះបែក ឬដំណើរជួបគ្នានៃមណ្ឌលថ្មរបស់ផែនដី (Lithosphere plate)។ គួរជម្រាបថា មណ្ឌលថ្ម គឺជាស្រទាប់រឹងស្ថិតនៅក្រៅគេបំផុតនៃសំបកផែនដី។ មណ្ឌលនេះកើតឡើងពីបន្សំនៃសំបកផែនដី និងផ្នែករឹងខាងលើរបស់ម៉ង់តូ។ មណ្ឌលថ្មមានកម្រាស់ចាប់ពី ១៥-៣០០ គីឡូម៉ែត្រ។
មកដល់ពេលបច្ចុប្បន្ន គេបានរកឃើញផ្លាកតិចតូនិកមានចំនួន ៣០។ ផ្លាកតិចតូនិចតែងតែបុកគ្នា ឃ្លាតពីគ្នា ឬរអិលប៉ះគ្នា ខណៈចលនាឥតឈប់ឈរនេះបង្កើតឱ្យមានលក្ខណៈពិសេសនៅផ្ទៃផែនដីជាច្រើន ដូចជា ជួរភ្នំ ស្នាមភ្លោះក្នុងមហាសមុទ្រ បំណាក់ស្រុត រញ្ជួយដី និងបន្ទុះភ្នំភ្លើងជាដើម។
ជាការពិតណាស់ ជួរភ្នំហិមាល័យនៅភាគខាងជើងឥណ្ឌា ជួរភ្នំអង់នៅទ្វីបអាមេរិកខាងត្បូង, បន្ទុះភ្នំភ្លើងនៅហ្វីលីពីន ឥណ្ឌូណេស៉ី អ៉ីតាលី, គ្រោះរញ្ជួយដីនៅជប៉ុន ហៃទី, ស្នាមភ្លោះក្នុងមហាសមុទ្រប៉ាស៉ីហ្វិក ក៏ដូចជាប្រជុំកោះជាដើមនោះ គឺសុទ្ធតែកើតឡើងដោយសារចលនាផ្លាកតិចតូនិករបស់ផែនដី៕