(ពិភពលោក)៖ ដោយសារសណ្ឋានដីខុសគ្នា បណ្តាលឲ្យប្រទេសខ្លះមានអំណោយផលខ្ពស់សម្រាប់ការរស់នៅ ខណៈប្រទេសមួយចំនួនទៀតវិញ មិនសូវអំណោយផលក្នុងការរស់នៅឡើយ ដោយសារងាយរងគ្រោះធម្មជាតិផ្សេងៗ ដូចជារញ្ជួយដី ទឹកជំនន់ គ្រោះរាំងស្ងួត ឬបន្ទុះភ្នំភ្លើងជាដើម។
នៅលើផ្ទៃភពផែនដីយើងនេះ ត្រូវគេសន្និដ្ឋានថាអាចមានភ្នំភ្លើងសកម្មប្រហែល ១,៥០០ កន្លែង។ ភ្នំភ្លើងសកម្ម គឺជាភ្នំភ្លើងដែលធ្លាប់ផ្ទុះបញ្ចេញសកម្មភាពក្នុងរយៈពេល ១០,០០០ ឆ្នាំចុងក្រោយ។ ជាមធ្យមភ្នំភ្លើងប្រមាណជា ៦០ កន្លែង នៅជុំវិញពិភពលោក តែងតែផ្ទុះឡើងក្នុងមួយឆ្នាំៗ។ ខាងក្រោមនេះ គឺជាប្រទេសទាំង ៧ ដែលមានភ្នំភ្លើងសកម្មច្រើនជាងគេ ដោយភាគច្រើនប្រទេសទាំងនោះស្ថិតនៅតំបន់ខ្សែក្រវាត់ភ្នំភ្លើងនៃមហាសមុទ្រប៉ាស៉ីហ្វិក។
ទី៧៖ ប្រទេសក្វាតេម៉ាឡា
ប្រទេសអាមេរិកកណ្តាលនេះមានភ្នំភ្លើងសកម្មយ៉ាងហោច «៣៧កន្លែង»។ បន្ទុះភ្នំភ្លើងធ្ងន់ធ្ងរលើកចុងក្រោយ នៅក្នុងប្រទេសក្វាតេម៉ាឡាបានកើតឡើងកាលពីឆ្នាំ២០១៨ នៅពេលភ្នំភ្លើងហ្វ៊ូអេហ្គោ (Fuego) នៅក្បែរទីក្រុងក្វាតេម៉ាឡាបានផ្ទុះឡើង ហើយជះផលប៉ះពាល់ដល់មនុស្សជាង ១.៧ លាននាក់ ដែលរស់នៅរដ្ឋចំនួន ៣ ក្នុងតំបន់ភាគកណ្តាលប្រទេស ព្រមទាំងផ្តាច់ជីវិតមនុស្សរាប់រយនាក់។
ទី៦៖ ប្រទេសហ្វីលីពីន
ហ្វីលីពីនមានភ្នំភ្លើងសកម្មចំនួន «៥៣កន្លែង»។ ភ្នំភ្លើងមួយចំនួននៅក្នុងប្រទេសអាស៊ានមួយនេះជាប់ឈ្មោះជាភ្នំភ្លើងដែលផ្តាច់ជីវិតមនុស្សច្រើនបំផុត និងបង្កការខូចខាតធ្ងន់ធ្ងរ។ តួយ៉ាងដូចជាភ្នំភ្លើងម៉ាយ៉ុន (Mayon) និងភ្នំភ្លើងថាល (Taal) ជាដើម ដែលក្នុងប្រវត្តិសាស្រ្តនៃការផ្ទុះរបស់ពួកវាបានបង្កឲ្យមានមនុស្សស្លាប់រង្គាល និងទំហំនៃការខូចខាតធំធេង។
ទី៥៖ ប្រទេសអេត្យូពី
ប្រទេសអាហ្វ្រិកខាងកើតមួយនេះមានភ្នំភ្លើងជិត «៦០កន្លែង» ដែលគេជឿថាធ្លាប់ផ្ទុះក្នុងរយៈពេល ១០,០០០ ឆ្នាំចុងក្រោយ។ ភ្នំភ្លើងល្បីឈ្មោះជាងគេរបស់ប្រទេសអេត្យូពី គឺភ្នំភ្លើងអេរតាអាឡេ (Erta Ale) ដែលមានផ្ទុកបឹងកម្អែរភ្លើង។
ទី៤៖ ប្រទេសប៉ាពូអាស៉ីនូវែលហ្គីណេ
ប្រទេសប៉ាពូអាស៉ីនូវែលហ្គីណេ ដែលនៅជាប់ភាគខាងកើតប្រទេសឥណ្ឌូណេស៉ី មានភ្នំភ្លើងសកម្មចំនួន «៩៤កន្លែង»។ ក្នុងចំណោមនោះ ភ្នំភ្លើងដែលសកម្មៗជាងគេរបស់ប្រទេសនេះ រួមមានដូចជាភ្នំភ្លើងម៉ាណាម (Manam) ភ្នំភ្លើងការការ (Karkar) ភ្នំភ្លើងឡាមីងតុន (Lamington) ភ្នំភ្លើងឡាងហ្គីឡា (Langila) ភ្នំភ្លើងអ៊ូឡាវុន (Ulawun) ភ្នំភ្លើងរ៉ាបាអ៊ូល (Rabaul) និងភ្នំភ្លើងបាហ្កាណា (Bagana)។
ទី៣៖ ប្រទេសជប៉ុន
ភ្នំខ្ពស់ និងល្បីជាងគេនៅជប៉ុន មានឈ្មោះថា ហ្វ៊ូជីយ៉ាម៉ា (Fujiyama) ឬភ្នំ Fuji តាមពិតគឺជាភ្នំភ្លើងសកម្មមួយ ប៉ុន្តែលើកចុងក្រោយដែលវាបានផ្ទុះ គឺតាំងតែពីឆ្នាំ១៧០៧ មកម៉្លេះ។ ប្រទេសជប៉ុនមានភ្នំភ្លើងសកម្មសរុប «១០៨កន្លែង»។
ទី២៖ ប្រទេសស៉ីលី ឬឈីលី
ប្រទេសអាមេរិកខាងត្បូងមួយនេះមានភ្នំភ្លើងជាង ២,០០០ កន្លែង ប៉ុន្តែមានតែ «១២២កន្លែង» ប៉ុណ្ណោះ ដែលជាភ្នំភ្លើងសកម្ម។ ក្នុងនោះទៀតសោត ភ្នំភ្លើង ៦០ កន្លែង បានផ្ទុះក្នុងរយៈពេល ៤៥០ ឆ្នាំចុងក្រោយ ខណៈភ្នំភ្លើងចំនួន ៤០ អាចនឹងចាប់ផ្តើមផ្ទុះនាពេលអនាគត។ នៅឈីលីមានភ្នំភ្លើងសកម្មបំផុតប្រចាំតំបន់អាមេរិកឡាទីនចំនួន ២ គឺភ្នំភ្លើងឡៃម៉ា (Llaima) និងភ្នំភ្លើងវីលឡារីកា (Villarica)។
ទី១៖ ប្រទេសឥណ្ឌូណេស៉ី
ឥណ្ឌូណេស៉ី គឺជាប្រទេសដែលមានវត្តមានភ្នំភ្លើងសកម្មច្រើនជាងគេបង្អស់លើលោក។ ប្រទេសប្រជុំកោះមួយនេះមានភ្នំភ្លើងសរុបចំនួន «១៤៧កន្លែង» ក្នុងនោះ ១២៩ ជាភ្នំភ្លើងសកម្ម។ ពួកវាស្ថិតនៅតាមកោះដូចជា កោះស៊ូម៉ាត្រា (Sumatra) កោះសេលេបេស (Celebes) កោះជ្វា (Java) កោះបាលី (Bali) កោះនូសាតេងហ្ការ៉ា (Nusa Tenggara) កោះមូលូកគូ (Maluku) កោះលេសសឺរស៊ុនដា (Lesser Sunda) និងកោះស៊ូឡាវេស៉ី (Sulawesi)៕