(ភ្នំពេញ)៖ ភ្នំអេវើរ៉េស (Everest) គឺជាកំពូលភ្នំដែលខ្ពស់ជាងគេនៅលើពិភពលោក (ជំទើតលើជួរភ្នំហិមាល័យ) ដោយភ្នំនេះមានកម្ពស់ ៨,៨៤៨ ម៉ែត្រ។ មានសំណួរមួយសួរថា តើភ្នំអេវើរ៉េសនេះអាចរំកិលខ្លួនដោយខ្លួនឯងបានដែរឬទេ។
ពិតណាស់ថា យើងមិនដែលឃើញមានភ្នំណាអាចរំកិលខ្លួន ដូចរំកិលពាងបានឡើយ ពីព្រោះភ្នំនីមួយៗគឺនៅជាប់នឹងផែនដី ប៉ុន្តែសម្រាប់ភ្នំអេវើរ៉េសគឺមានការរំកិល។ នេះបើតាមការអង្កេតរបស់អ្នកវិទ្យាសាស្ត្រ ក៏ដូចជាតាមទ្រឹស្ដីចលនាផ្លាកតិចតូនិក (Plate tectonics)។
ចលនាផ្លាកតិចតូនិចបានធ្វើឱ្យផ្ទៃដីប្រែប្រួល។ ធរណីវិទូមានភស្តុតាងដែលបញ្ជាក់ថា កាលពីមុន ប៉ង់សៀ (Pangaea) បានកើតឡើងជាផ្ទាំងដីដ៏ធំមួយ និងបានរសាត់ចេញពីគ្នាអស់រយៈពេលរាប់ពាន់លានឆ្នាំ។ ប៉ង់សៀកើតឡើងនៅពេលផ្ទាំងដីទាំងអស់ប្រមូលផ្តុំគ្នាប្រហែល ២៤៥ លានឆ្នាំមុន។ បន្ទាប់មក ពោលគឺកាលពី ២២៥ លានឆ្នាំមុន ប៉ង់សៀចាប់ផ្តើមបែកចេញពីគ្នាវិញ។
កាលពី ៤០-៦០ លានឆ្នាំមុន ឧបទ្វីបឥណ្ឌាបានប៉ះទង្គិចគ្នាជាមួយទ្វីបអឺរ៉ាស៊ី បង្កើតបានជាជួរភ្នំហិមាល័យ (នៅភាគខាងត្បូងឥណ្ឌា)។ តាមរយៈប្រព័ន្ធកំណត់ទីតាំងលើផែនដី (Global Positioning System: GPS) អ្នកវិទ្យាសាស្រ្តបានអង្កេតឃើញថា ភ្នំអេវើរ៉េស កំពុងធ្វើចលនាទៅទិសពាយព្យប្រហែល ២៧ មីលីម៉ែត្រ និងកើនកម្ពស់ពី ៣-៤ មីលីម៉ែត្រជារៀងរាល់ឆ្នាំ៕